Saturday, February 1, 2025
Homeព័ត៌មានជាតិចាប់បានអស់ហើយ!!! ក្រុមចោរ៦នាក់ ដែលប្លន់ផ្ទះលក់សាំង

ចាប់បានអស់ហើយ!!! ក្រុមចោរ៦នាក់ ដែលប្លន់ផ្ទះលក់សាំង

ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ដែលបានធ្វើសកម្មភាពប្លន់ផ្ទះលក់សាំងមួយកន្លែង នៅតាមផ្លូវទំនប់កប់ស្រូវ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ត្រូវបានកម្លាំងអាវុធហត្ថចាប់ក្រសោបបានទាំងអស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យជាចោរប្លន់ ដែលត្រូវម្ចាស់ផ្ទះបាញ់ធ្លាយភ្លើងរត់មិនរួច ត្រូវកម្លាំងអាវុធហត្ថចាប់ក្របួចជាប់ មានឈ្មោះស៊ុន ខេន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យ៥នាក់ទៀត ដែលត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនជាបន្តបន្ទាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះថោង គីរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ (បន្ទាយ ឡុងឈិន) មានប្រពន្ធឈ្មោះសេក ចិន្តា អាយុ៤៥ឆ្នាំ មុខរបរលក់ប្រេង ស្នាក់នៅទីតាំងកើតហេតុខាងលើ។

គួររំលឹកថា កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅចំណុចផ្ទះលក់សាំងមួយកន្លែង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយជនសង្ស័យ ជាចោរប្លន់មួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង AK បានធ្វើសកម្មភាពសម្រុកចូលប្លន់ផ្ទះសាំងមួយកន្លែង ដោយបានវាយទៅលើកម្មករលក់សាំងចំនួន២នាក់ឱ្យរងរបួសធ្ងន់ រួចក៏ស្ទុះធាក់ទម្លាយទ្វារចូលទៅរកម្ចាស់ផ្ទះ តែមិនរបើក ក៏ត្រូវម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួន ដកកាំភ្លើងបាញ់តដៃ ជាមួយក្រុមចោរ បណ្តាលឱ្យជនសង្ស័យម្នាក់ធ្លាយភ្លៅ ចំណែកបក្ខពួក៤នាក់ទៀត ភ័យស្លន់ស្លោ ក៏រត់គេចខ្លួនបាត់ស្រមោលអស់។

តាមសម្តីបុរសរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ គាត់បានឃើញមនុស្សប្រុសមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ទៅមកមុខផ្ទះគាត់ជាច្រើនលើកច្រើនសារ តែគាត់មិនចាប់អារម្មណ៍។ លុះដល់ម៉ោងកើតហេតុ គាត់បម្រុងចូលដេក ស្រាប់តែមានជនសង្ស័យ៣នាក់ មកធាក់ទ្វារតែមិនរបើក ហើយជនទាំងនោះបានអាមេកាំភ្លើងបាញ់ ចំនួន២គ្រាប់តែមិនផ្ទុះ។ ភ្លាមនោះ គាត់ក៏ទាញកាំភ្លើងខ្លីម៉ាក K54 ចេញពីក្រោមខ្នើយ យកមកអាមេ ធ្វើឱ្យក្រុមជនសង្ស័យឮភ័យ នាំគ្នារត់ទៅក្រោយផ្ទះអស់។ បន្ទាប់មក គាត់ក៏លូនទៅក្រៅឃើញកម្មកររបស់គាត់ម្នាក់ ត្រូវជនសង្ស័យ២នាក់ភ្ជង់នឹងកាំភ្លើង AK47 ស្វាយកាត់ និងម្នាក់ទៀត ត្រូវជនសង្ស័យវាយនឹងដំបង ទើបគាត់បានបាញ់សំដៅជនសង្ស័យដែលកាន់កាំភ្លើងចំនួន១គ្រាប់ ត្រូវត្រង់ភ្លៅខាងឆ្វេងបណ្តាលឱ្យរបួស ឯអ្នកកាន់ដំបងឃើញបែបនេះ ក៏ភ័យស្លន់ស្លោរត់គេចខ្លួនទៅខាងក្រោយផ្ទះបាត់ទៅ។ ចំណែកឯជនសង្ស័យ៣នាក់ ដែលរត់ទៅក្រោយផ្ទះ បានបាញ់ចំនួន១គ្រាប់សំដៅមកគាត់ដែរ តែមិនត្រូវ។ បន្ទាប់មកគាត់ ក៏បានទូរស័ព្ទមកប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយនឹងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ចាប់ខ្លួនជន សង្ស័យដែលរងរបួសបាក់ភ្លៅនៅនឹងកន្លែង និងដកហូតវត្ថុតាង រួមមានកាំភ្លើងវែងម៉ាក AK47 ស្វាយកាត់១ដើម បង់ចំនួន១ មានគ្រាប់ចំនួន ៨គ្រាប់ និងទូរស័ព្ទចំនួន២គ្រឿង។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យឈ្មោះសុន ខេន បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ រូបគេ រួមនឹងបក្ខពួក៤នាក់ទៀត ទី១-ឈ្មោះម៉ៅ អាយុ៣៧ឆ្នាំ ទី២-ឈ្មោះវ៉ា ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ទី៣-ឈ្មោះសុខ នី ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ និងទី៤-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ បានជិះម៉ូតូ២គ្រឿង ចេញពីភូមិទួលពង្រ មកពួននៅក្នុងដីកុកអាន ជិតផ្ទះជនរងគ្រោះ ដើម្បីងាយស្រួលធ្វើសកម្មភាព។ លុះដល់ម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ពួកខ្លួនក៏ចេញធ្វើសកម្មភាព ដោយបែងចែកជា២ក្រុម គឺរូបគេ និងបក្ខពួកម្នាក់ទៀត កាន់កាំភ្លើង AK ធ្វើសកម្មភាពខាងក្រៅ ចំណែក១ក្រុមទៀត មានគ្នា៣នាក់ កាន់កាំភ្លើង AK ១ដើមទៀត សម្រុកចូលទៅរកម្ចាស់ផ្ទះ។ ពេលដែលទៅដល់ខ្លួនក៏ភ្ជង់នារីជាកម្មករលក់សាំងម្នាក់ និងបានវាយបុរុសជាកម្មករលក់សាំងម្នាក់ទៀតឱ្យរបួស ហើយមួយក្រុមទៀតក៏សំរុកទៅរកម្ចាស់ផ្ទះ តែទ្វារផ្ទះបិទជិតចូលមិនបាន ទើបក្រុមនោះបានរត់ទៅក្រោយផ្ទះ នៅតែរូបគេ និងដៃគូភ្ជង់អ្នកនៅខាងក្រៅ ស្រាប់តែម្ចាស់ផ្ទះចេញមកក្រៅ បាញ់មកលើរូបគេ១គ្រាប់ ត្រូវត្រង់ភ្លៅខាងឆ្វេង បណ្តាលឱ្យរបួស ហើយកម្លាំងសមត្ថកិច្ចក៏មកដល់ចាប់ក្របួចជាប់ល្មម។

ទីបំផុត ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថ បានឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ចំនួន៥នាក់បន្ថែមទៀត សរុបទាំងចាប់ខ្លួននៅថ្ងៃកើតហេតុម្នាក់ទៀត៦នាក់ និងបាននាំខ្លួនទៅធ្វើការ សាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES