ខេត្តសៀមរាប ៖ យុវជនចំនួន៣នាក់ កំពុងជិះម៉ូតូដឹកគ្នានៅលើដងផ្លូវសុខៗ ស្រាប់តែត្រូវរថយន្តទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះ បោះពួយមកបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ក្នុងចំណោម៣នាក់ រងរបួសយ៉ាងធ្ងន់បំផុត ដោយដាច់ជើងម្ខាងត្រឹមក្រលៀន ចំណែកមិត្តភក្តិ២នាក់ទៀតបាក់ដៃបាក់ជើងរងរបួសធ្ងន់ លុះដឹកបញ្ជូនដលមន្ទីរពេទ្យ យុវជនរងគ្រោះម្នាក់ក្នុងចំណោមនោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៦-៣៥៧ ស្ថិតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់។
យុវជនជនរងគ្រោះទាំង៣នាក់ ដែលត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះង៉ិក សុថាត់ អាយុ២០ឆ្នាំ រងរបួសដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង (របួសធ្ងន់)។ ទី២-ឈ្មោះសោម សុជាតិ អាយុ២២ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។ និងទី៣-ឈ្មោះអែម សុផាត អាយុ២១ឆ្នាំ រងរបួសបាក់ដៃលើកែងដៃខាងឆ្វេង (របួសធ្ងន់)។ ជនរងគ្រោះទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ជាមួយគ្នា និងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១០០ ពណ៌ក្រហម ស៊េរីឆ្នាំ២០០០ គ្មានពាក់ស្លាកលេខ។
ចំណែករថយន្តបង្កម៉ាកឡិចស៊ីស RX-330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-6607 បើកបរដោយបុរសម្នាក់ឈ្មោះហេង ហៀង អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះឯម ចាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់រថយន្ត មានលំនៅក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុដែលបានប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ទាំងអារម្មណ៍តក់ស្លុតមិនទាន់បាត់ថា នៅមុនពេលកើតេហតុ គេឃើញយុវជនរងគ្រោះទាំង៣នាក់ខាងលើ បានជិះម៉ូតូដឹកគ្នាក្នុងល្បឿនមធ្យម ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX-330 (រថយន្តបង្កខាងលើ) បើកបរក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយម៉ូតូ ស្រាប់តែមិនដឹងជាមានឧបសគ្គអ្វី រថយន្តក៏បានរេចង្កូតទៅខាងឆ្វេងដៃ បុកម៉ូតូជនរងគ្រោះចំពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង រងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ចំណែកមិត្តភក្តិជាអ្នករួមដំណើរ២នាក់ទៀត សុទ្ធតែបាក់ដៃជើងរងរបួសធ្ងន់ដូចគ្នា។ រីឯម៉ូតូ និងរថយន្តទទួលរងការខូចខាតយ៉ាងដំណំ។
លោកវរសេនីយឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានជួយដឹកជនរងគ្រោះបញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ដើម្បីសង្គ្រោះជីវិត។ ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះឈ្មោះសោម សុជាតិ មានសភាពធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកជនរងគ្រោះ២នាក់ទៀត កំពុងស្ថិតក្រោមការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។
លោកអធិការ បន្តថា បន្ទាប់ពីចុះធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ រីឯអ្នកបើកបរត្រូវបានកម្លាំងជំនាញឃាត់ខ្លួន នាំយកទៅសាកសួរ និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕