Wednesday, October 8, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលព្រួតវ៉ៃប៉ងសម្លាប់គ្រូបង្រៀន

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលព្រួតវ៉ៃប៉ងសម្លាប់គ្រូបង្រៀន

ភ្នំពេញ ៖ ជនសង្ស័យដៃដល់ចំនួន៣នាក់ ក្នុងចំណោមជនដៃដល់ជាច្រើននាក់ទៀត ដែលបានធ្វើសកម្មភាពព្រួតវាយដំប៉ងសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ដោយជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅម្តុំឈូកទិព្វ ខណ្ឌទួលគោក ចំណែកម្នាក់ទៀត ឃាត់ខ្លួនបានកាលពីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅឃុំកំពង់ថ្ម ខេត្តកំពង់ចាម។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះអាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងមាស ស្នាក់នៅផ្ទះលេខ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅម្តុំឈូកទិព្វ ខណ្ឌទួលគោក។ និងទី៣-ឈ្មោះអាន ផល្លី អាយុ៣១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូកង់៣ មានប្រពន្ធឈ្មោះជាន វណ្ណា មានលំនៅផ្ទះលេខ២៥៤១ ផ្លូវលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។ ជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់បានកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចឃុំកំពង់ថ្ម ខេត្តកំពង់ចាម ខណៈដែលជនសង្ស័យរូបនេះ កំពុងរត់គេចខ្លួន។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលមានពាក់ព័ន្ធទៅនឹងការចូលរួមប្រើហិង្សានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ ក្នុងនោះ ២នាក់ត្រូវចាប់ខ្លួននៅភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ចំណែកម្នាក់ទៀត ត្រូវចាប់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ពេលនេះជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសួរនាំ ដើម្បីចាត់ការបន្តទៀត។

ពាក់ព័ន្ធទៅនឹងករណីហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត នេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់បន្ថែមថា ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាសាវតាជាតិគ្រប់គ្រាន់ចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្តែពួកគេបានរត់ចោលស្រុកអស់ហើយ (គេចចេញពីផ្ទះ) ដោយសារតែបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយទាំងរូបភាព និងវីដេអូពេញទឹកពេញដី ជាពិសេស តាំងពីថ្ងៃដែលលោកបានដាក់បទបញ្ជាឱ្យតាមចាប់ ធ្វើឱ្យពួកគេបានដឹងខ្លួន ហើយរត់គេចតាំងពីថ្ងៃនោះមកម៉្លេះ តែយ៉ាងណា លោកកំពុងសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនជនទាំងនោះឱ្យទាល់តែបាន។

ជនសង្ស័យ២នាក់ ដែលចាប់បានម្សិលមិញនេះ នៅភ្នំពេញ

យ៉ាងណាក្តី ជនសង្ស័យដៃដល់ឈ្មោះភាច គឹមហាក់ ជាសន្តិសុខសាលាខណ្ឌដូនពេញ ដែលត្រូវលោកអភិបាលខណ្ឌដូនពេញអះអាងថា ជននេះត្រូវបណ្តេញចេញពីការងារអស់ពេលជិត១ខែមកហើយនោះ ដែលត្រូវគេមើលឃើញុយ៉ាងច្បាស់តាមរយៈវីដេអូឃ្លីបថា ជននេះគឺជាជនដៃដល់ខ្លាំងបំផុត ដែលចូលធ្វើសកម្មភាពវាយរថយន្ត និងវាយដំលោកស៊ុយ សារ៉េត មុនគេ កំពុងរត់គេចខ្លួននៅឡើយ ខណៈដែលសមត្ថកិច្ចបាន ស្រាវជ្រាវដឹងយ៉ាងច្បាស់ថា ជននេះមានស្រុកកំណើតនៅភូមិវត្តលៀប ឃុំស្វាយប៉ោ ខេត្តបាត់ដំបង ផ្ទះនៅចំខាងក្រោយវត្តលៀប ក្បែរមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ជនសង្ស័យទី៣ អាន ផល្លី ដែលសមត្ថកិច្ចចាប់បាននៅកំពង់ចាម

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចុះទៅសួរសុខទុក្ខលោកបណ្ឌិត ស៊ុយ សារ៉េត ដោយផ្ទាល់ដល់មន្ទីរពេទ្យឯប្រទេសវៀតណាម កាលពីព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីស្ថានភាពរបួសរបស់លោកស៊ុយ សារ៉េត រួចសរសេរបញ្ជាក់ថា “ស្ថានភាពសុខភាពឯកឧត្តម ស៊ុយ សារ៉េត ១៤ មីនា ២០១៨ ព្រៃនគរ វៀតណាម លលាដ៍ក្បាលទន់ៗ ប្រអប់ដៃឆ្វេងកម្រើកមិនបានសោះ ប្រអប់ដៃស្តាំកម្រើកបានតែចង្អុលដៃតិចៗ និយាយអត់បានសោះ ភ្នែកមិនអាចបើកមើលបាន បើទោះបីខំប្រឹង ហើម ជាំ…៘ ស្ថានភាពរួម ៖ មានលទ្ធភាពរួចពីសេចក្តីស្លាប់ តែលំបាកលំបិនត្រដររស់ និងត្រូវចំណាយពេលវេលាលុយច្រើន សម្រាប់ការព្យាបាល…”។

គួររំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់អំពើហិង្សាដ៏ឃោរឃៅ និងគួរឱ្យរន្ធត់មួយបានកើតឡើង នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីមហាជនបានស្រែកផ្អើលឆោឡោតៗគ្នាថា លោកបណ្ឌិត ស៊ុយ សារ៉េត ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា បានបើករថយន្តទំនើបមួយគ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-9719 បង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាបន្តបន្ទាប់តាមដងផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងព្រួតគ្នាវាយបំផ្លាញរថយន្ត រួចព័ទ្ធវ៉ៃទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត ប៉ងសម្លាប់ចោលនៅនឹងកន្លែងតែម្តង ដោយខ្លះប្រើដៃជើង ខ្លះប្រើមួកការពារសុវត្ថិភាព ខ្លះទាញដុំឥដ្ឋ ដុំថ្ម ដុំការ៉ូឡា គប់វាយយកតែឈ្នះដៃ បណ្តាលឱ្យលោកបណ្ឌិត ស៊ុយ សារ៉េត ទទួលរងរបួសធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ សារ៉េត បានអះអាងថា នៅក្នុងហេតុការណ៍នោះ ក្រៅពីបង្កឱ្យរថយន្តទំនើប១គ្រឿង របស់លោកស៊ុយ សារ៉េត បានទទួលរងការខូចខាតស្ទើរទាំងស្រុងហើយនោះ នៅមានជនឆ្លៀតឱកាសបានធ្វើសកម្មភាពលួចយកប្រាក់ ជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿង របស់លោកស៊ុយ សារ៉េត ផងដែរ។ ជាមួយនេះ ក្រុមគ្រួសារលោកស៊ុយ សារ៉េត បានសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់ដែលបានបង្កហិង្សាយ៉ាងឃោរឃៅ ប៉ងវាយសម្លាប់លោកស៊ុយ សារ៉េត ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន១២០០លានរៀល ស្មើនឹង៣០ម៉ឺនដុល្លារទៀតផង៕

RELATED ARTICLES