Monday, November 25, 2024
Homeបរិយាយចចកស្គាល់អន្ទាក់

ចចកស្គាល់អន្ទាក់

សំណុំរឿងក្តីក្តាំរបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បើគិតជាក្រដាស គរដូចដំបូកទៅហើយ ព្រោះ គាត់ត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ ជាបន្តបន្ទាប់រាប់ភ្លេច។ ទោះជាមានដីកាចាប់ខ្លួន ក៏មិនដែលឃើញលោកសម រង្ស៊ី ដើរចូលពន្ធនាគារម្តងណាឡើយ អាចថា មកពី “ចចកស្គាល់អន្ទាក់” ស្របតាមសុភាសិតក្រិក ១ឃ្លាថា “កុំយកអន្ទាក់ដដែល ទៅទាក់ចចកដដែល” មានខ្លឹមសារគួរដល់ការពិចារណា ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ចចក” ជាសត្វចតុប្បាទព្រៃ សន្តានឆ្កែ វាមានចរិតកាចសាហាវ ស៊ីសាច់ជាអាហារ

ចូលចិត្តរស់នៅតាមជើងភ្នំ ព្រៃរនាម មាត់បឹង ស្ទឹងព្រែកនានា និងរស់ជាហ្វូង ចាប់ពី១០ក្បាល ឡើងទៅ។ កាលស្រុកខ្មែរ សម្បូរព្រៃ ចចកតែងសំងំនៅជាយភូមិពេលយប់ វាតែងលបចូលផ្ទះអ្នកស្រុក រកចាប់មាន់ទា យកទៅស៊ី។ បើប៉ះរដូវទឹកស្រក ចចកតែងលូប្រមូលហ្វូង វាដើរលុកលុយតាមវាលស្រែ ឬទឹកថ្លុកនានា រកចាប់ត្រីស៊ី ដែលប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ៦០ឆ្នាំ ឡើងទៅ ធ្លាប់ឃើញចចក និងឮវាលូ “ជុក! ជុក! ជូ!ៗ” នៅវេលាយប់ស្ងាត់ គួរឱ្យព្រឺក្បាល។

អ្នកភូមិដែលបាត់មាន់ទារាល់យប់ ខឹងណាស់ ក៏ច្នៃអន្ទាក់ដាក់ចចក ជាប្រភេទអន្ទាក់វាត់ ដោយមានខ្សែរំងកធ្វើពីហ្វ្រាំង កង់ជាប់ស្វិត ទោះជាចចកខាំកកេរក៏មិនដាច់ដែរ។ ហ្វូងចចក បើមានមួយក្បាលជាប់អន្ទាក់ ត្រូវអ្នកស្រុកសំពងថែមឱ្យងាប់ ច្បាស់ជាចចកត្រោស ជាមេហ្វូង ស្គាល់អន្ទាក់នោះ ក៏នាំកូនចៅវាដើរវាង មិនឱ្យជាន់អន្ទាក់បាន ពោលគឺអន្ទាក់នោះដាក់ បានតែអាតូចៗមិនស្គាល់អន្ទាក់ ឯអាមេហ្វូងវានោះ មិនអាចទាក់បានឡើយ។

យ៉ាងណាមិញ យើងអាចប្រៀបធៀបលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធាន ចលនាសង្គ្រោះជាតិ “ជាមេហ្វូងចចក”។ ចចកត្រោសនេះ ស្គាល់អន្ទាក់ច្បាស់ណាស់ បើតុលាការចេញដីកាចាប់ខ្លួន ឬមិន ទាន់ចេញដីកាផង ចចកត្រោសគេចខ្លួនបាត់មុនជាស្រេច។ ករណីលោកសម រង្ស៊ី មានរឿងក្តីក្តាំនោះ មានច្រើនរាប់ភ្លេច ទៅហើយ បើស្រាវជ្រាវទៅយើងរកឃើញថា ៖

-កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៩ លោកសម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្សសម រង្ស៊ី និងជាតំណាងរាស្ត្រ ត្រូវបានសមាជិកសភា បោះឆ្នោតដកអភ័យឯកសិទ្ធិ និងបង្ខំឱ្យបង់ប្រាក់ពិន័យ ១០លានរៀល ដល់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ដោយសារការថ្លែងសុន្ទរកថារបស់គាត់ ប៉ះពាល់ដល់ថ្នាក់ដឹក CPP។ លុះគាត់បង់ពិន័យ១០លាន រៀល ទើបអភ័យឯកសិទ្ធិ ត្រូវបានប្រគល់ឱ្យវិញ។

-នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំដដែល តុលាការខេត្តស្វាយរៀង បានកាត់ទោសលោកសម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម ខណៈដែលគាត់រត់គេចខ្លួនទៅបរទេស។

ទោសព្រហ្មទណ្ឌទាំងនោះ មិនទាន់បានអនុវត្តផង លោកសម រង្ស៊ី ក៏ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានការ លើកលែងទោស តាមសំណើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកផ្លូវឱ្យគាត់ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ក្នុងឋានៈជា “ប្រធានគណបក្សសង្គ្រោះជាតិ” រហូតឈ្នះបាន ៥៥អាសនៈ។

ចូលមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសម រង្ស៊ី ត្រូវប្រឈមនឹងការប្តឹងផ្តល់ជិត១០ករណីទៀត ដូចជាបណ្តឹង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាដើម ហើយថ្មីៗនេះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស៊ើបអង្កេតរឿងលោកសម រង្ស៊ី បានចុះហត្ថលេខាកាត់ដី៤ខេត្ត ទៅឱ្យ វៀតណាមសេរី។ ដែលបង្ហាញថា “សំណុំរឿងលោកសម រង្ស៊ី គរដូចដំបូក” ប៉ុន្តែ សាមីខ្លួននោះ មិនដែលជាប់ខ្នោះឃ្នាង ដល់ម្តងណាឡើយ មិនខុសពី “ចចកស្គាល់អន្ទាក់ ក៏ដើរវាង”។

ហេតុអ្វីសុភាសិតក្រិក ថា “កុំយកអន្ទាក់ដដែល ទៅទាក់ចចកដដែល?” សំណួរនេះយើងអាចឆ្លើយថា “បើយកអន្ទាក់ ដដែលៗ ឬប្រើច្បាប់ដដែលៗ គ្មានប្រសិទ្ធភាពទេ សម្រាប់បុគ្គលដែលចេះច្បាប់”។ បើដឹងថា ច្បាប់ព្រហ្មទណ្ឌ មិនអាចនាំខ្លួន លោកសម រង្ស៊ី មកទទួលទោសបាន ចុះ “ហេតុអ្វីបក្សកាន់អំណាចនៅតែប្តឹងដដែល?” សំណួរនេះ គឺ “ធ្វើឱ្យមានការចាប់អារម្មណ៍ ពីអន្តរជាតិ និងប្រជាពលរដ្ឋខ្មែរថា លោកសម រង្ស៊ី ជាជនក្បត់ជាតិ” ទោះជានាំខ្លួនមិនបានក៏ត្រូវតែប្តឹង។ បើប្តឹងមិនឈប់ មានន័យស្មើនឹង “យកអន្ទាក់ដដែល ទៅទាក់ចចកដដែល” ប៉ុន្តែទាក់អត់បាន ព្រោះប៉ះចចកត្រោស ដែលស្គាល់អន្ទាក់។

“នគរធំ” មិនគាំទ្រទេ បុគ្គលណា អ្នកនយោបាយណាហ៊ានកាត់ទឹកដីមាតុភូមិឱ្យទៅប្រទេសជិតខាង ជាថ្នូរនឹងអំណាច បុណ្យស័ក្តិ ប៉ុន្តែ បើជ្រុលជាប្តឹងផ្តល់ទៅហើយ ជាពិសេស បានឈ្នះក្តី គួរតែអាចនាំខ្លួនជនជាប់ចោទមកទទួលទោសទើបសម។

ករណីបក្សកាន់អំណាចប្រើច្បាប់ជាបន្តបន្ទាប់ ឱ្យដេញជាន់កែងមេបក្សប្រឆាំងនោះ អ្នកគាំទ្របក្សកាន់អំណាច យល់ ឃើញថា ចាំបាច់ត្រូវតែប្តឹង ឱ្យមហាជនបានដឹងឮជាសាធារណៈ ប៉ុន្តែ ទស្សនវិជ្ជាក្រិក បានពន្យល់ផ្ទុយពីវត្ថុបំណងនេះ ត្រង់ មិនឱ្យធ្វើអ្វីដដែលៗហ្នឹងឯង។ បើប្តឹងផ្តល់រួច អាចនាំខ្លួនជនជាប់ពិរុទ្ធ មកទទួលទោស ដូចករណីសមត្ថកិច្ចតាមចាប់ខ្លួនលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលគេចខ្លួនទៅដល់ប្រទេសម៉ាឡេស៊ី មកដាក់គុកបាននោះ មិនអីទេ ប៉ុន្តែ សមត្ថកិច្ចមិនអាចចាប់លោកសម រង្ស៊ី បាន ធ្វើឱ្យច្បាប់នោះក្លាយជា “អន្ទាក់ដែល ដាក់ចចកមិនបាន”។

ដូច្នេះ បើទស្សនវិជ្ជាក្រិក ថា “កុំយកអន្ទាក់ដដែល ទៅទាក់ចចកដដែល” ឬថា “ប្តឹងដដែល លើបុគ្គលដដែល” តើ គេត្រូវប្រើយុទ្ធសាស្ត្រយ៉ាងណាទៀត ដើម្បី “ចាប់ចចកត្រោស ឱ្យបាន?”។ ចំណុចនេះ ក៏មានរឿងព្រេងមួយតំណាលថា កាល នោះមានព្រានព្រៃម្នាក់ ខឹងចចកដេញខាំឆ្កែប្រមាញ់របស់គាត់ ក៏លបបាញ់ តែបាញ់មិនត្រូវ។ ក្រោយមកទៀត ព្រានព្រៃក៏ ធ្វើអន្ទាក់ដាក់ពីរបីដង នៅកន្លែងដដែល តែចចកស្គាល់អន្ទាក់ ក៏ដើរវាង។ ជាចុងក្រោយ ព្រានព្រៃក៏រកស្នៀតថ្មីសម្លាប់ចចក ឱ្យបាន ដោយយកធ្នូរបស់គាត់ដែលមានខ្សែធ្វើពីព្រត្រ័ស្បែកគោ រួចយឹតឱ្យតឹង ដោយដាក់ឈើមួយកំណាត់ទល់ខ្សែ និង ដងធ្នូ កុំឱ្យតម្លោះបាន។ ព្រានព្រៃក៏ដាក់ធ្នូនោះក្បែរគល់ឈើ រួចឡើងចុងឈើ ចាំលបមើល ស្រាប់តែឃើញចចកដើរមកដល់ ឃើញខ្សែធ្នូធ្វើពីព្រត្រ័ស្បែកគោ មិនមែនជាអន្ទាក់ ក៏ប្រឹងកកេរស៊ី ស្រាប់តែខ្សែធ្នូនោះដាច់ភឹង! វាត់ដងធ្នូត្រូវក្បាលចចក ខ្ទេចគ្រាប់ភ្នែក ដួលងាប់ក្បែរគល់ឈើនោះទៅ។ ទីបំផុត ល្បិចព្រានព្រៃ កម្ចាត់ចចកក៏បានសម្រេច ដោយការមិនប្រើអន្ទាក់ ដដែលៗ លបបាញ់ដដែល ដែលជាបរិបទនយោបាយសម្រាប់អ្នកនយោបាយពិចារណា។

បច្ចុប្បន្ន “បក្សប្រឆាំង” បានក្លាយជា “ពួកប្រឆាំង” បន្តការប្រឆាំងខ្លាំងជាងមិនទាន់រំលាយគណបក្សសង្គ្រោះជាតិ។ ចំណែកបក្សកាន់អំណាចត្រូវអ្នកតាមដានមើលឃើញថា អត់សូវខ្វល់ពីរឿងទប់ទល់នឹងគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា ក៏ដូចគណបក្សរាប់សិបទៀត ដែលបានដាក់ពាក្យចូលប្រកួតនោះទេ បែរជា ខ្វល់ពីរឿងពួកប្រឆាំង ដែលបក្សកាន់អំណាចខ្លួនឯង អះអាងថា ពួកនោះក្លាយជាខ្មោចទៅវិញ។ រឿងខ្វល់នឹងខ្មោច រួចប្តឹង ខ្មោចជាបន្តបន្ទាប់ ដោយមិនខ្វល់នឹងគណបក្សកំពុងប្រកួតប្រជែងបែបនេះ នាំឱ្យមានមន្ទិលសង្ស័យ ដូចប្រធានគណបក្ស មួយនោះ ធ្លាប់លើកឡើងថា “សម រង្ស៊ី ជារនុកក្នុងរបស់សម្តេចហ៊ុន សែន” ប៉ុន្តែ ក្តីមន្ទិលនោះ គ្មានអ្នកណាជឿតាមទេ ព្រោះបើជារនុកក្នុងមែន ខំប្តឹងផ្តល់មិនឈប់នាំឱ្យនឿយហត់ធ្វើអ្វី? ចចកត្រោសនោះ ទោះជាប្តឹងជាន់ ១០ករណីទៀត ឬត្រូវ ផ្តន្ទាទោសដាក់គុកមួយជីវិត ក៏នៅតែប៉ុណ្ណឹង គួរតែបក្សកាន់អំណាចប្តូរយុទ្ធសាស្ត្រថ្មីទើបល្អ។

សរុបទៅ “ចចកស្គាល់អន្ទាក់” គ្រាន់តែចង់បង្ហាញពីទស្សនៈពីរខុសគ្នា ពោលគឺទស្សនៈមន្ត្រីបក្សកាន់អំណាច ប្តឹងលោក សម រង្ស៊ី អស់មួយករណី ចូលមួយករណី ដើម្បីឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ជួយថ្កោលទោសថា ជាមនុស្សក្បត់ជាតិ។ ប៉ុន្តែ ទស្សនវិជ្ជាក្រិក ឬសុភាសិតក្រិក តម្រូវឱ្យប្រើយុទ្ធសាស្ត្រថ្មី ដើម្បីកម្ចាត់គូប្រជែង ដែលជាទស្សនៈគួរដល់ការពិចារណា “តើគួរប្រើអន្ទាក់ដដែល ឬប្រើធ្នូសម្លាប់ចចក ដូចព្រានព្រៃ?”…”៕

ដោយ អាចារ្យថាំ

RELATED ARTICLES