Saturday, February 1, 2025
Homeព័ត៌មានជាតិអគ្គីភ័យឆេះមហោស្រពអង្គរ ធ្វើឲ្យខូចខាតអស់មួយចំនួនធំ

អគ្គីភ័យឆេះមហោស្រពអង្គរ ធ្វើឲ្យខូចខាតអស់មួយចំនួនធំ

ខេត្តសៀមរាប ៖ សាលមហោស្រពអង្គរ ដែលត្រូវបានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង១៥លានដុល្លារ មានទីតាំងស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការខូចខាតអស់មួយចំនួនធំ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

សាលមហោស្រពអង្គរដែលទទួលរងការឆាបឆេះនេះ មានទំហំអគារ៥០ម៉ែត្រ គុណ១០០ម៉ែត្រ សង់លើផ្ទៃដីទំហំ ៦០០០ម៉ែត្រក្រឡា។

លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះអគ្គិភ័យឆេះសាលមហោស្រពអង្គរខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២០គ្រឿង ដោយក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៨គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលបេតិកភណ្ឌចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អាវុធហត្ថខេត្តចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់មន្ទីសាធារណៈការចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ភូមិវប្បធម៌១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អាជ្ញាធរអប្សរាចំនួន២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះចំនួន១គ្រឿង និងរថយន្តស្ទូចរបស់អគ្គិសនីខេត្តចំនួន២គ្រឿង។

លោកស្នងការបានបញ្ជាក់ថា ក្រោយពីចេញប្រតិបត្តិការបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ ទីបំផុតគ្រោះអគ្គីភ័យខាងលើនេះ បានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ ហើយក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។ ចំណែកមូលហេតុនៃការឆេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។ ដោយឡែកទំហំនៃការខូចខាតអស់មួយចំនួនធំផងដែរ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ គេសង្កេតឃើញវត្តមានលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់តែម្តង ដើម្បីបញ្ជាប្រតិបត្តិសង្គ្រោះនេះ។

សូមបញ្ជាក់ថា សាលាមហោស្រពអង្គរ ត្រូវបានអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគប្រមាណ១៥លានដុល្លារ ដើម្បីសាងសង់មណ្ឌលកម្សាន្តអាណាចក្រអង្គរ ក្រុងសៀមរាប លើផ្ទៃដីទំហំ៦០០០ម៉ែត្រក្រឡា ដែលអាចផ្ទុកភ្ញៀវបានជាង១ពាន់នាក់ ដើម្បីបង្ហាញពីគំរោងវិនិយោគ ដ៏មានភាពទាក់ទាញនេះដល់សាធារណជន៕

RELATED ARTICLES