ខេត្តកណ្តាល ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានឃាតករដៃឆៅមិនស្គាល់មុខ ធ្វើសកម្មភាពកាប់ចិញ្ច្រាំសម្លាប់យ៉ាងឃោរឃៅ រួចក៏យកសាកសពស្ត្រីរងគ្រោះទាំងស្ថិតក្នុងសភាពអាក្រាតកាយ ញាត់ចូលធុងទឹកកកធំមួយ បន្ទាប់មកបានដឹកយកទៅប្លុងចោលនៅក្បែរគល់ ស្ពានមួយកន្លែង និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែករូង ជាប់នឹងស្ពានព្រះគន្លង តាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
សាកសពស្ត្រីរងគ្រោះដែលត្រូវឃាតករកាប់សម្លាប់យ៉ាងព្រៃផ្សៃ រួចញាត់សពចូលធុងទឹកកកទាំងអាក្រាតកាយយកទៅប្លុងចោលខាងលើនេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា សាកសពស្ត្រីរងគ្រោះ ត្រូវបានជនដៃដល់ដឹកយកមកទម្លាក់ចោល នៅកន្លែងកើតហេតុ តាំងពីពេលណាមកដែរ។
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលប្រទះឃើញសាកសពខាងលើ មានប្រជាពលរដ្ឋអ្នកដំណើរ បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ និងបានប្រទះឃើញធុងទឹកកកពណ៌ក្រហមធំមួយ ត្រូវបានគេយកមកប្លុងចោលនៅក្នុងគុម្ពោតព្រៃក្បែរគល់ស្ពានថ្ម ទើបនឹកឆ្ងល់ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញធុងទឹកកកធំមួយនោះ មានចាក់សោពីក្រៅជាប់ និងហាក់ធុំក្លិនស្អុយចម្លែក ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ប្រភពដដែលបន្តថា លុះសមត្ថកិច្ចមូលដ្ឋានចុះមកដល់ លើកធុងទឹកកកបញ្ឈរឡើងត្រឹមត្រូវ រួចកាត់ផ្តាច់សោបើកមើល ស្រាប់តែប្រទះឃើញសាកសពស្ត្រីម្នាក់ ស្ថិតក្នុងសភាពអាក្រាតកាយ និងមានស្លាកស្នាមកាប់ចិញ្ច្រាំជាច្រើនកន្លែង ដេកស្លាប់ក្នុងធុងទឹកកក គួរឱ្យរន្ធត់បំផុត ទើបកើតមានការផ្អើលឆោឡោ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងសហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះទៅអន្តរាគមន៍នៅកន្លែង កើតហេតុហើយ៕