ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលពិធីមង្គលការមួយនេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ដើមការ សម្រេចរៀបចំពិធីហែជំនូនតាមបែបថ្មីប្លែក ដោយជ្រើសយកស៊ីក្លូ ជាមធ្យោបាយដឹកភ្ញៀវហែជំនូន ដើម្បីជាការសម្រួលដល់ការធ្វើដំណើរដោយថ្មើរជើងរបស់ភ្ញៀវផង និងក៏ដើម្បីជាការចូលរួមអភិរក្សស៊ីក្លូនៅកម្ពុជាផងដែរ។
មង្គលការដែលប្រើស៊ីក្លូដឹកភ្ញៀវហែជំនូននេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
គូស្វាមីភរិយាថ្មីដែលប្រើស៊ីក្លូ សម្រាប់ពិធីហែជំនូនរបស់ខ្លួននៅពេលព្រឹកនោះ រួមមានកូនកំលោះមានឈ្មោះធា សុចិត្ត មានឪពុកឈ្មោះកុយ ប៊ុនធិន ម្តាយឈ្មោះធា សុគុណ ចំណែកកូនក្រមុំ មានឈ្មោះលី ធា មានឪពុកឈ្មោះម៉ែន ខាវ ម្តាយឈ្មោះជុក គីមហេង។
គួរបញ្ជាក់ថា មង្គលការរវាងគូស្វាមីភរិយាថ្មីខាងលើនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ តាំងពីព្រឹកព្រលឹម ដោយផ្តើមចេញពីពិធីហែជំនូន និងមានវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ មិនខុសទៅនឹងពិធីមង្គលការទូទៅនោះទេ ពោលគឺកម្មវិធី បានរៀបចំតាមលំដាប់លំដោយ និងតាមបែបបទប្រពៃណីខ្មែរទាំងអស់ ប៉ុន្តែអ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុត ហើយមិនធ្លាប់មានពីមុនមក នៅត្រង់ថា នៅក្នុងពិធីហែជំនូននៅពេលព្រឹក គេឃើញម្ចាស់កម្មវិធី បានរៀបចំស៊ីក្លូរហូតដល់ទៅចំនួន១០១គ្រឿង ដើម្បីដឹកភ្ញៀវដែលចូលរួមហែជំនូន ពោលគឺមិនតម្រូវឱ្យភ្ញៀវដើរដោយថ្មើរជើងនោះទេ ជាហេតុធ្វើឱ្យទាំងភ្ញៀវ ទាំងមហាជនដែលមានវត្តមាន នៅទីតាំងកោះពេជ្រ បានសម្តែងនូវការភ្ញាក់ផ្អើល លាន់មាត់គ្រប់ៗគ្នាថាពិតជាប្លែក។
ដោយឡែកយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កូនកំលោះ ដែលមានឈ្មោះ Thea Sochet បានបង្ហោះសារមួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ពោលគឺមុនពិធីមង្គលការរបស់ខ្លួនចូលមកដល់ថា “រយៈពេល៩ឆ្នាំ ដែលពួកយើងដើរលើផ្លូវរួមគ្នា ពួកយើងទទួលបានទាំងភាពផ្អែមល្ហែម ជូរចត់ និងរ៉ូមែនទិច… នៅទីបំផុត ហាសហា មានសត្វខ្លាដ៏ស្រស់ស្អាតនៅក្នុងដៃ តើនរណាយល់ពីអារម្មណ៍នេះ? រង់ចាំជួបគ្នា មនុស្សសំណព្វចិត្តទាំងអស់គ្នានៅទូទាំងពិភពលោក នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៨ នៅកោះពេជ្រ អាគារ A…”។
ជុំវិញការជ្រើសយកមធ្យោបាយស៊ីក្លូមកប្រើជំនួសឱ្យការធ្វើដំណើរដោយថ្មើរជើងសម្រាប់ភ្ញៀវហែជំនូនខាងលើនេះ “នគរធំ” មិនអាចសុំការបញ្ជាក់បន្ថែមពីសាមីខ្លួនម្ចាស់ដើមការបាននៅឡើយ។ យ៉ាងណាមានការលើកឡើងថា ការជ្រើសយកមធ្យោបាយហែជំនូន ដោយជិះស៊ីក្លូ បែបនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរដោយថ្មើរជើងរបស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងជាការចូលរួមអភិរក្សស៊ីក្លូផងដែរ៕