ជារឿយៗ មន្ត្រីបក្សកាន់អំណាច តែងនិយាយថា “នៅកម្ពុជា គ្មានកម្តៅនយោបាយអ្វីទេ” ខណៈដែលពួកប្រឆាំង នៅ ក្រៅស្រុក កំពុងធ្វើសកម្មភាពវាយប្រហាររាជរដ្ឋាភិបាល តាមប្រព័ន្ធអ៊ីនធើរណេត។ ទោះជាគ្មានកម្តៅនយោបាយ ក៏អ្នក តាមដាននយោបាយ មើលឃើញថា “ក្តៅអ្វីមិនស្មើក្តៅចិត្ត” ពោលគឺពួកប្រឆាំង ក្តៅចិត្តពេករឿងរំលាយគណបក្ស និងដក សិទ្ធិធ្វើនយោបាយ ក៏ធ្វើសកម្មភាពប្រឆាំងយ៉ាងខ្លាំង បណ្តាលឱ្យរដ្ឋាភិបាលក្តៅចិត្តពេក ក៏ប្តឹងមេចលនាសង្គ្រោះជាតិ អស់ មួយករណី ចូលមួយករណី។ រឿងក្តៅចិត្តទាំងសងខាងបែបនេះ មិនសូវស្រួលទេ ដែល “នគរធំ” ក្តាប់បញ្ហាបាន ក៏លើក មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ពីមុន ទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ធ្វើពហិការ មិនចូលប្រជុំសភា មិនចូលរួមអនុម័តច្បាប់ ឬរិះគន់បក្សកាន់អំណាច យ៉ាងណា ក៏មិនសូវជាក្តៅប៉ុន្មានទេ ដោយម្នាក់ៗពេលជួបគ្នាក៏ចាប់ដៃគ្នា ញញឹមញញែមរកគ្នា ជួនកាលក៏ជល់កែវជាមួយគ្នា និងចែកប្រាក់ខែគ្នាចាយ។ លុះដល់បក្សកាន់អំណាចប្តឹងផ្តល់ រហូតដល់តុលាការកំពូលចេញសាលាដីកាស្ថាពរ រំលាយចោល គណបក្សប្រឆាំងធំជាងគេនេះ បណ្តាលឱ្យមានធាតុក្តៅកើតឡើង ពោលគឺនយោបាយមិនក្តៅទេ ប៉ុន្តែ “ក្តៅចិត្ត”។ មន្ត្រី បក្សកាន់អំណាច លើកឡើងថា “នៅកម្ពុជា គ្មានកម្តៅនយោបាយទេ” ក៏មិនខុសអ្វីដែរ ព្រោះគូប្រកួតស្មើទម្ងន់គ្នានោះ ខ្ទាត ក្រៅសង្វៀនប្រដាល់ទៅហើយ មិនអាចប្រើនយោបាយធ្វើឱ្យក្តៅបក្សកាន់អំណាចបានឡើយ ប៉ុន្តែ ករណីពួកប្រឆាំងបំផុស ចលនាដុតរូបទីងមោងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលើកគ្នាធ្វើបាតុកម្ម ខណៈដែលប្រមុខរាជរដ្ឋាភិបាល ចូលប្រជុំ កំពូលអាស៊ាន-អូស្ត្រាលី បានត្រឹមដុតកម្លោចបេះដូងថ្លើមប្រមាត់អ្នកគាំទ្រសម្តេច ឱ្យក្តៅអន្ទះអន្ទែងស្ទើរទ្រាំមិនបាន។
រឿង “ក្តៅចិត្ត” មានទៅវិញទៅមក ពោលគឺអតីតមន្ត្រីបក្សប្រឆាំង ដែលត្រូវដកសិទ្ធិធ្វើនយោបាយ និងរលាយគណបក្ស ធ្វើឱ្យចិត្តពួកគាត់ពុះពោរដោយភ្លើងកំហឹង លុះមិនដឹងជាត្រូវធ្វើយ៉ាងណាសងសឹកបាន ក៏បំផុសការដុតរូបទីងមោងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ភ្លើងដែលឆេះរូបទីងមោង មិនឆេះដល់រូបពិតៗទេ ប៉ុន្តែ “ឆេះចិត្ត” ជាពិសេស អ្នកគាំទ្របក្សកាន់អំណាច ក្តៅក្រហាយខ្លាំងណាស់ អាចថា បើសិនជាមេចលនាសង្គ្រោះជាតិ នៅ ក្នុងស្រុក ម៉្លេះសមអ្នកក្តៅចិត្តទាំងនោះ ព្រួតគ្នាចាប់កាប់ចិញ្ច្រាំឱ្យម៉ដ្ឋដូចប្រហិតមិនខាន។
តាមការសន្និដ្ឋាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវជាក្តៅប៉ុន្មានទេ ប៉ុន្តែ សហការីជំនិតសម្តេច ក៏ដូចអាជ្ញាធរ ខេត្ត ស្រុក មេបញ្ជាការកងប្រដាប់អាវុធ ក្តៅខ្លាំងណាស់។ ជាក់ស្តែង គ្រាន់តែក្រសួងមហាផ្ទៃ ប្រកាសប្តឹងលោកសម រង្ស៊ី ពីបទកាត់ដីខ្មែរ ៤ខេត្ត ទៅឱ្យវៀតណាមសេរី ក៏មានការផ្ញើញត្តិពីគ្រប់ទិសទី សម្តែងកំហឹងនិងចោទប្រកាន់អតីតប្រធាន គណបក្សសង្គ្រោះជាតិ ថា “ជាជនក្បត់ជាតិ”។ ទោះបីជាញិត្ត ផ្ញើចេញពីក្រសួង មន្ទីរ ស្ថាប័នអង្គភាពមិនទាន់ពេញលក្ខណៈ ជាញត្តិ ព្រោះអត់ឃើញស្នាមផ្តិតមេដៃអ្នកផ្ញើញត្តិ បែរជាឃើញវាយត្រាអង្គភាពដូចកិច្ចការរដ្ឋបាលក៏ដោយ ក៏ចាត់ទុកថា មក ពី “ក្តៅអ្វីមិនស្មើក្តៅចិត្ត” បានជាមានការផ្ញើញត្តិបែបប្រញាប់ប្រញាល់ ភ្លេចផ្តិតមេដៃ។
បើភាគីទាំងអស់ ក្តៅចិត្តដូចគ្នាយ៉ាងនេះ នឹងនាំឱ្យមាតុភូមិថយសិរីសួស្តី កើតចោរកម្ម ល្បែងអបាយមុខ បង្ក្រាបយ៉ាង ណាក៏មិនឈ្នះដែរ គឺលុះត្រាតែ “បើម្ខាងដុតភ្លើង ម្ខាងទៀតជះទឹក” ទើបបាន ស្របនឹងមាគ៌ាពុទ្ធនិយម ដែលយើងសូម លើកឧទាហរណ៍ដូចខាងក្រោម ៖
ក្នុងកាលកន្លងទៅហើយ ព្រះពុទ្ធបរមគ្រូ បានអន្ទោលក្នុងវាលវដ្តសង្សារ ដើម្បីសន្សំទសបារមី បានទៅកើតជាបុរស ម្នាក់ ចេញបួសជាតាបសប្ញសី មានព្រះនាមថា “ខន្តីវាទិតាបស” បាននិមន្តចេញពីព្រៃហេមពាន្ត ទៅបិណ្ឌបាតចង្ហាន់ នៅ រាជធានី ដោយមានសេនាបតីម្នាក់ ទំនុកបម្រុង។ ថ្ងៃមួយ ព្រះមហាក្សត្រក្រុងពារាណសី បាននាំស្រីស្នំស្អាតៗ ទៅប្រពាត សួនឧទ្យាន រួចក៏ផ្ទំលក់លើភ្លៅស្នំឯកដែលមានសម្រស់ស៊ីដាច់គេ។ នៅពេលដឹងថា ព្រះរាជាផ្ទំលក់ ស្រីៗទាំងនោះ ក៏នាំគ្នា ទៅថ្វាយបង្គំតាបសដែលកំពុងគង់ធ្វើសមាធិក្រោមម្លប់ឈើក្បែរនោះ ដោយចិត្តជ្រះថ្លា។ ឯព្រះមហាក្សត្រ ពេលតើនឡើង បាត់ស្រីៗ ក៏តាមរកមើលឃើញពួកនាងកំពុងអង្គុយគាល់ស្តាប់ធម៌តាបស ធ្វើឱ្យស្តេចប្រចណ្ឌ ក្តៅចិត្តណាស់ ក៏ទាញព្រះខ័ន ចាប់តាបសផ្តួលចុះរួចសួរថា “អ្នកឯងឈ្មោះអី?” តាបសក៏ឆ្លើយថា “អាត្មាភាពឈ្មោះខន្តី ប្រែថា អ្នកចេះអត់ធន់”។ ស្តេច ខ្ញាល់ណាស់ ក៏ត្រាស់បង្គាប់សេនាជំនិតឱ្យវាយតាបស ៣០០០រំពាត់ផ្តៅ និងសួរដដែលថា “អ្នកឯងឈ្មោះអី?”។ តាបស ទោះជាឈឺផ្សាយ៉ាងណាក៏នៅតែឆ្លើយថា “ខន្តីៗ” ធ្វើឱ្យព្រះរាជា មួម៉ៅក្តៅក្រហាយ ចាប់កាត់ត្រចៀក ច្រមុះ ដៃជើង តាបស ដួលក្នុងថ្លុកឈាម។ ឯព្រះរាជានោះ គ្រាន់តែយាងចេញផុតបន្តិច ក៏ត្រូវព្រះធរណីស្រូបទៅ ចំណែកតាបសអភ័ព្វ ក៏បានសេនាបតីជួយលើកលាងជម្រះព្រះលោហិត និងសួរថា “ព្រះអង្គខ្ញាល់ឬទេ?” តាបសក៏ប្រាប់សេនាបតីថា “អាត្មាមិន ខឹងទេ ព្រោះមានធម៌ខន្តី ប៉ុន្តែ ទេវតា ទាំងមួយម៉ឺនលោកធាតុក្តៅក្រហាយខ្លាំងណាស់ បានទាញទម្លាក់ស្តេចទៅដល់ឋាននរកអវិចីទៅហើយ” ទីបំផុត ដោយរបួសធ្ងន់ពេក តាបសក៏សុគតទៅ…។
លើកឧទាហរណ៍រឿងជាតកខាងលើនេះ ចង់បង្ហាញថា បើភាគីម្ខាងដុតភ្លើង គួរភាគីម្ខាងទៀតជះទឹកពន្លត់ ទើបបាន ប៉ុន្តែបើដុតភ្លើងទាំងអស់គ្នា នឹងនាំឱ្យមាតុភូមិថយសិរីសួស្តី ជ័យមង្គល។ អ្នកតាមដានស្ថានការណ៍មើលឃើញថា ដោយ ខឹងនឹងការរំលាយគណបក្សសង្គ្រោះជាតិ ឯពួកប្រឆាំងសំខាន់ៗ រត់ចោលស្រុក ធ្វើអ្វីបក្សកាន់អំណាចមិនកើត ក៏បំផុសសកម្មភាពវិទ្ធង្សនាផ្សេងៗ មានការបង្កើតការជេរប្រទេច បំផ្លើសព័ត៌មានតាមហ្វេសប៊ុក យូធូប លៃយ៉ាងណាឱ្យបក្សកាន់អំណាច ក្តៅក្រហាយ។ សកម្មភាពពួកអាណិកជនដុតរូបទីងមោង បាចអង្ករ បាចអំបិល តាមរបៀបសិល្ប៍ធ្មប់ ព្យាបាទសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យអ្នកគាំទ្រសម្តេច ក្តៅអន្ទះអន្ទែង ស្ទើររយះទ្រូង។ ឥឡូវលោកសម រង្ស៊ី ប្រឹងដុត បន្ថែមទៀត ដោយនិយាយថា “សម្តេចហ៊ុន សែន ដើរតាមគន្លងប៉ុល ពត” ហើយថា មិនយូរទេ CPP នឹងចោទប្រកាន់ រូបលោក និងលោកកឹម សុខា ពីបទក្បត់ជាតិ បម្រើបរទេសបន្ថែមទៀត នៅពេលដឹងថា កម្មវិធីនយោបាយរបស់អតីត គណបក្សសង្គ្រោះជាតិ បានទទួលការផ្គត់ផ្គង់ពីអង្គការអាល្លឺម៉ង់ ២ គឺមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad Adenauer) និងមូលនិធិហ្វ្រេឌ្រិច ណៅម៉ាន់ (Friedrich Naumann) ដែលជាអង្គការធ្លាប់ជួយផ្នែកមនុស្សធម៌ មានជំនួយ សាងសង់អគារពុទ្ធសាសនបណ្ឌិត្យ ជាដើម។ ការបញ្ឆោះនេះ បើសិនជាបក្សកាន់អំណាចក្តៅតាម រហូតចោទប្រកាន់អង្គការ អាល្លឺម៉ង់ អាចនាំឱ្យខាតបង់ ហើយអាចនឹងធ្លាក់ចូលក្នុង “យុទ្ធសាស្ត្របំបែក” របស់លោកសម រង្ស៊ី។ កំហឹងទល់កំហល់ មិនបានផលអ្វីទេ លុះត្រាតែចេះខន្តី ដូចរឿង “ខន្តីវាទិតាបស” ទើបជាមធ្យោបាយនាំទៅរកជ័យជម្នះ ពោលគឺទោះជាខ្លួន ឯងត្រូវស្លាប់ ឱ្យតែជាតិរស់ ទើបប្រសើរ។
សរុបទៅ “ក្តៅអ្វីមិនស្មើក្តៅចិត្ត” កំពុងកើតឡើងហើយ ទោះជា “មិនក្តៅនយោបាយ” ក៏រឿងក្តៅចិត្តនេះ ពិបាកទ្រាំ ណាស់។ ករណីនយោបាយ បក្សកាន់អំណាច មិនអាចក្តៅបានទេ ព្រោះគូប្រកួតរាប់សិបគណបក្សនោះ គ្មានអ្វីគួរឱ្យបារម្ភ ទេ ដែល CPP នៅតែឈ្នះការបោះឆ្នោតរហូត ប៉ុន្តែ រឿង “ក្តៅអ្វីមិនស្មើក្តៅចិត្ត” លុះត្រាតែយកទឹកពន្លត់ភ្លើង ទើបអាច រម្ងាប់គ្រោះចង្រៃឧបទ្រពទាំងឡាយបាន៕
ដោយ អាចារ្យថាំ