Thursday, October 9, 2025
Homeព័ត៌មានជាតិបន្សល់ទុកប្រពន្ធនិងកូន២នាក់ គ្រូបង្រៀនអនុវិទ្យាល័យវិហារសួគ៌ ទៅលោតទឹកសម្លាប់ខ្លួន

បន្សល់ទុកប្រពន្ធនិងកូន២នាក់ គ្រូបង្រៀនអនុវិទ្យាល័យវិហារសួគ៌ ទៅលោតទឹកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ បុរសជាគ្រូបង្រៀនម្នាក់  ត្រូវបានក្រុមគ្រួសារអះអាងថា មានជំងឺសរសៃប្រសាទប្រចាំកាយ និងធ្លាប់ប៉ុនប៉ងចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបានក្រុមគ្រួសារប្រទះឃើញជួយសង្គ្រោះទាន់ លុះក្រោយពីស្ថានភាពជំងឺធ្វើទុក្ខខ្លាំងពេក ត្រឡប់មកពីបង្រៀនសិស្សនៅសាលាវិញ ក៏មកផ្ទះងូតទឹក រួចជិះម៉ូតូចេញពីផ្ទះសំដៅទៅលើស្ពាន បន្ទាប់មកក៏លោតចូលទៅក្នុងទឹកទន្លេសម្លាប់ខ្លួន បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រូបង្រៀនលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើង តាំងពីព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតលើផ្ទៃទឹក ចម្ងាយពីស្ពានព្រែកតាមាក់ ប្រមាណ៣០០ម៉ែត្រ។

បុរសគិតខ្លីដែលលោតទឹកធ្វើអត្តឃាត មានឈ្មោះម៉ោង ប៊ុនធឿន អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀននៅអនុវិទ្យាល័យវិហារសួគ៌ មានប្រពន្ធនិងកូនប្រុស២នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺសរសៃប្រសាទប្រចាំកាយរាប់ឆ្នាំមកហើយ ប៉ុន្តែយូរៗទើបធ្វើទុក្ខម្តង ហេតុនេះទើបជនរងគ្រោះនៅអាចមានសតិស្មារតីល្អគ្រប់គ្រាន់ អាចធ្វើការបង្រៀនសិស្សបានដូចធម្មតា តែចាំបាច់ត្រូវការលេបថ្នាំឱ្យបានទៀងទាត់ និងជាប់ជាប្រចាំ។

 

ប្រភពដដែលបន្តថា កន្លងមកនៅពេលដែលអាការៈជំងឺធ្វើទុក្ខ ជនរងគ្រោះធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនម្តងរួចមកហើយ ដោយកាលណោះ ជនរងគ្រោះបានព្យាយាមចងកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារតែក្រុមគ្រួសារប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា។ តាំងពីនោះមក ក្រុមគ្រួសារមានការប្រុងប្រយ័ត្នចំពោះជនរងគ្រោះខ្លាំងណាស់ ព្រមទាំងបានតាមមើលថែ មិនឱ្យផុតពីក្រសែភ្នែកឡើយ។

 

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CK-8717 ចេញពីផ្ទះទៅបង្រៀនសិស្សនៅអនុវិទ្យាល័យវិហារសួគ៌។ លុះដល់ម៉ោង៥ល្ងាច ជនរងគ្រោះក៏បានជិះម៉ូតូត្រលប់មកផ្ទះវិញ និងបានងូតទឹកស្អាតបាត បន្ទាប់មកក៏ជិះម៉ូតូចេញពីផ្ទះ ដោយមិនបានប្រាប់អ្នកណាឱ្យដឹងទេ ហើយក៏ចេញទៅបាត់រហូតមិនដឹងទៅណា ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនឃើញ។

ក្រោយពេលជិះម៉ូតូចេញពីផ្ទះ ជនរងគ្រោះបានធ្វើដំណើរសំដៅទៅឃុំព្រែកតាមាក់ ហើយជិះឡើងទៅលើស្ពានព្រែកតាមាក់ ទុកម៉ូតូ និងដោះស្បែកជើងទុកលើស្ពានរួច ក៏ឡើងលើបង្កាន់ដៃស្ពានលោតទម្លាក់ខ្លួនចូលទឹកទន្លេបាត់ខ្លួនតែម្តង។ រហូតមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៣ មីនា ២០១៨ ក៏មានគេប្រទះឃើញម៉ូតូ និងស្បែកជើងរបស់ជនរងគ្រោះនៅលើស្ពាន តែមិនឃើញជនរងគ្រោះនោះទេ។ បន្ទាប់មក នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ទើបគេប្រទះឃើញសាកសពជនរងគ្រោះបានផុសអណ្តែតក្នុងទឹក ចម្ងាយប្រមាណ៣០០ម៉ែត្រ ពីស្ពានព្រែកតាមាក់ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ កម្លាំងជំនាញផ្នែកពិនិត្យហេតុការណ៍ ជាមួយគ្រូពេទ្យ និងក្រុមប្រឹក្សាឃុំ បានចុះដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពជនរងគ្រោះឡើងមកលើគោកដើម្បីពិនិត្យ រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារលោតទឹកធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES