Thursday, October 9, 2025
Homeព័ត៌មានជាតិពេទ្យទាហានស័ក្តិ៣ យកបំពង់ទឹកក្តៅវាយក្បាល រួចចាប់ចងដៃជើងបង្ខាំងស្រីស្នេហ៍ក្នុងបន្ទប់

ពេទ្យទាហានស័ក្តិ៣ យកបំពង់ទឹកក្តៅវាយក្បាល រួចចាប់ចងដៃជើងបង្ខាំងស្រីស្នេហ៍ក្នុងបន្ទប់

ភ្នំពេញ ៖ គូស្នេហ៍មួយគូនេះបានព្រមព្រៀងរួមរស់នឹងគ្នាដូចប្តីប្រពន្ធ តែមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ លុះក្រោយពីរួមស្នេហ៍បាន៣ខែ ខាងប្រុសផ្ទុះភ្លើងប្រចណ្ឌ ក៏ធ្វើសកម្មភាពវាយដំធ្វើទារុណកម្មស្រីស្នេហ៍របស់ខ្លួន ដោយយកខ្សែ និងកន្សែងចាប់ចងដៃជើង រួចចាក់សោបង្ខាំងទុកក្នុងបន្ទប់ ហើយរត់គេចខ្លួនបាត់។

ករណីប្រុសស្នេហ៍ផ្ទុះភ្លើងប្រចណ្ឌ ធ្វើទារុណកម្មចងដៃជើង រួចចាក់សោបង្ខាំងស្រីស្នេហ៍ទុកក្នុងបន្ទប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ៧ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយមកត្រូវបានម្ចាស់ផ្ទះជួលឃើញ ក៏បានខលសុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយភ្លាមៗនោះកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ជួយរំដោះនារីរងគ្រោះបានទាន់ពេលវេលា និងតាមចាប់វាយខ្នោះប្រុសស្នេហ៍ហេងស៊យនោះបានភ្លាមៗផងដែរ។

ជនសង្ស័យដែលបានធ្វើទារុណកម្មទៅលើស្រីស្នេហ៍របស់ខ្លួន ដោយចាប់ចងដៃជើងបង្ខាំងក្នុងបន្ទប់ មានឈ្មោះអឹក សំអាង អាយុ៣០ឆ្នាំ មុខបរជាមន្ត្រីពេទ្យទាហានពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះ មានឈ្មោះស៊ុំ យ៉ាន អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងរូបនាង និងជនសង្ស័យ គឺជាសង្សារនឹងគ្នា ដែលពួកនាងបានបង្កើតទំនាក់ទំនងស្នេហានឹងគ្នា តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ លុះក្រោយមក ពួកនាងក៏ឈានដល់ការព្រមព្រៀងរួមរស់នឹងគ្នាដូចប្តីប្រពន្ធ ដោយមិនបានរៀបការ នៅអំឡុងខែមករា ឆ្នាំ២០១៨ រហូតមកដល់សព្វថ្ងៃ។

នារីរងគ្រោះ បានបន្តថា កន្លងមក នាងធ្លាប់មានគូដណ្តឹងម្តងរួចមកហើយ និងធ្លាប់បានជ្រុលជ្រួសជាមួយគ្នា រហូតដល់មានផ្ទៃពោះទៀតផង តែមិនហ៊ានទុកខ្លាចខ្មាសគេ ណាមួយខ្លាចចាស់ទុំសងខាងដឹងខឹងសម្បា ក៏សម្រេចយកចេញវិញ។ ក្រោយមក នាងនិងគូដណ្តឹង ក៏ចេះតែកើតមានរឿងរ៉ាវរកាំរកូស ឈ្លោះប្រកែកគ្នាមិនឈប់ ទើបសម្រេចបែកចែកផ្លូវ ផ្តាច់ពាក្យពីគ្នាវិញទៅ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា រហូតដល់អំឡុងចុងឆ្នាំ២០១៧ នាងក៏បានជួបជាមួយជនសង្ស័យឈ្មោះអឹក សំអាង ហើយក៏ត្រូវខាងប្រុសតាមប្រលោមសុំស្នេហ៍ ទើបនាងបានរៀបរាប់ពីដំណើរជីវិតស្នេហារបស់នាងជាមួយគ្នាដណ្តឹងមុន ទៅប្រាប់ខាងប្រុសគ្មានសល់ រួចហើយនាងធ្លាប់បានសួរទៅប្រុសស្នេហ៍នេះថា តើបងប្រកាន់ខឹងនឹងអូនទេ អាចទទួលយកអូនបានទេ បើជីវិតរបស់អូនធ្លាប់ឆ្លងកាត់រឿងបែបហ្នឹង? ចំណែកខាងប្រុសទំនងជាដូចពាក្យថា ឃ្លានឆ្ងាញ់ស្រលាញ់ល្អ ទើបឆ្លើយតបមកនាងវិញថា មិនប្រកាន់ខឹងពីអតីតកាលរបស់នាងទេ ធ្វើម៉េចមនុស្សម្នាក់ៗតែងមានអតីតកាលរៀងខ្លួនបែបនេះហើយ។ តាំងពីនោះមក ដោយយល់ថា នាងរកបានមនុស្សប្រុសស្មោះស្នេហ៍ និងចេះស្រលាញ់ថ្នមថែនាងហើយ ទើបនាងដាក់ចិត្តស្រលាញ់ខាងប្រុសវិញ រហូតដល់ព្រមរួមរស់នឹងគ្នាដូចប្តីប្រពន្ធទៀតផង ទាំងមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។

នារីរងគ្រោះបានឱ្យដឹងទៀតថា កន្លងមក តាំងពីចាប់ដៃគ្នារួមរស់បានជាង៣ខែមក ជីវិតស្នេហានាងល្អូកល្អិនខ្លាំងណាស់ ស្រាប់តែក្រោយមកខាងប្រុសស្នេហ៍ចេះតែទាមទារចង់បានកូនជាមួយនាង តែនាងប្រកែក ទើបធ្វើឱ្យពួកនាងឧស្សាហ៍ទាស់សម្តីនឹងគ្នាណាស់។ រហូតមកដល់ល្ងា់ចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នាងនិងប្រុសស្នេហ៍បានឈ្លោះប្រកែកគ្នាតឹងសរសៃកពីរឿងប្រុសស្នេហ៍ចង់បានកូន តែនាងបានប្រាប់ទៅគេវិញថា តាំងពីពេលដែលនាងយកកូនចេញលើកមុនមក គ្រូពេទ្យបានប្រាប់ថា នាងមិនអាចមានកូនបានទៀតទេ។ គ្រាន់តែស្តាប់ឮបែបនេះ បុរសជាសង្សារស្រាប់តែច្រឡោតខឹង ស្ទុះមកវាយដំនាង ដោយយកបំពង់ទឹកក្តៅវាយក្បាលរបស់នាង បន្ទាប់មក ក៏យកខ្សែ និងក្រមា មកចាប់ចងដៃចងជើងរបស់នាងជាប់ រួចហើយក៏ចេញទៅក្រៅបាត់ធ្វើព្រងើយ។

ក្រោយកើតហេតុ ម្ចាស់ផ្ទះជួលបានប្រទះឃើញ ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីអំពើហិង្សា វាយដំ និងធ្វើទារុណកម្មទៅលើនារីម្នាក់ ដោយចាប់ចងដៃជើងបង្ខាំងទុកក្នុងបន្ទប់រួចមក កម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ បានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ដោយបានជួយរំដោះនារីរងគ្រោះ និងតាមចាប់ជនបង្កភ្លាមៗផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួររកមូលហេតុពិតប្រាកដ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES