Thursday, October 9, 2025
Homeព័ត៌មានជាតិក្រុមគ្រួសារស្រែកយំ ដោយសារដឹកស្ត្រីឈឺពោះឆ្លងទន្លេ ដល់មន្ទីរពេទ្យហើយ បែរជាស្លាប់ទាំងម្តាយនិងកូន

ក្រុមគ្រួសារស្រែកយំ ដោយសារដឹកស្ត្រីឈឺពោះឆ្លងទន្លេ ដល់មន្ទីរពេទ្យហើយ បែរជាស្លាប់ទាំងម្តាយនិងកូន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ឈឺពោះសម្រាល ក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជំនាញជួយសម្រាល ស្រាប់តែអកុសល ពេលដឹកដល់មន្ទីរពេទ្យ ស្ត្រីរងគ្រោះក៏ដាច់ខ្យល់ស្លាប់ទាំងកូននៅក្នុងផ្ទៃយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះដែលសម្រាលកូនមិនទាន់រួចផង បែរជាស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃនេះ មានឈ្មោះស៊ុប ឡៃ អាយុ៤៥ឆ្នាំ មានលំនៅក្នុងមណ្ឌល៦ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានឈឺពោះសម្រាលកូន ទើបក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល។ ស្រាប់តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច បានប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកកូនក្នុងផ្ទៃ ក៏មិនអាចរក្សាជីវិតបានដូចគ្នា ធ្វើឱ្យពួកគាត់ជាក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង ហាមាត់និយាយអ្វីក៏លែងចេញ មានតែស្រែកយំពេញពេទ្យតែម្តង។

តាមប្រភពពីគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានឱ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ភ្លាមៗ បន្ទាប់ពីបានចូលមកដល់ពេទ្យ ខណៈដែលមាត់ស្បូនរបស់ស្ត្រីរងគ្រោះមិនទាន់បើកនៅឡើយ។ ចំណែកមូលហេតុដែលបណ្តាលឱ្យស្ត្រីខាងលើស្លាប់ គឺដោយសារតែទឹកភ្លោះបែកចូលសួត ទើបធ្វើឱ្យស្ត្រីរងគ្រោះស្លាប់បែបនេះ។

ដោយឡែកពាក់ពន្ធ័ករណីស្លាប់ស្ត្រីកូនក្នុងផ្ទៃ មជ្ឈដ្ឋានមួយចំនួនបានធ្វើការរិះគន់ និងដាក់បន្ទុកទៅលើមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ថាមិនមានគុណភាព និងខ្វះការប្រុងប្រយត្ន័លើអ្នកជំងឺ ទើបបណ្តាលឱ្យអ្នកជំងឺស្លាប់ទាំងដែលកូននៅក្នុងផ្ទៃនៅឡើយ។

ជុំវិញករណីខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES