Thursday, October 9, 2025
Homeព័ត៌មានជាតិចេញពីផឹក ជិះតាមផ្លូវឃើញប៉ូលិសសម្រួលចរាចរណ៍ លោតចុះពីលើម៉ូតូ បបួលវ៉ៃ១ស្មើ

ចេញពីផឹក ជិះតាមផ្លូវឃើញប៉ូលិសសម្រួលចរាចរណ៍ លោតចុះពីលើម៉ូតូ បបួលវ៉ៃ១ស្មើ

ភ្នំពេញ ៖ បុរស៣នាក់ មិនដឹងទើបនឹងចេញពីផឹកស៊ីនៅកន្លែងណាទាំងកណ្តាលថ្ងៃ រួចក៏ជិះម៉ូតូឌុបគ្នាទាំងស្ថានភាពស្រវឹងជោកជាំ លុះមកដល់ចំណុចភ្លើងស្តុប ឃើញសមត្ថកិច្ចម្នាក់ឈរកណ្តាលផ្លូវសម្រួលចរាចរណ៍ ស្រាប់តែបុរសជាអ្នកជិះពីក្រោយគេបានលោតចុះពីលើម៉ូតូដើរ ទៅចង្អុលមុខប៉ូលិស ហើយថែមទាំងបបួលប៉ូលិសម្នាក់នោះឱ្យដោះអាវចេញ មកវាយគ្នា១ស្មើ ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ និងត្រូវសមត្ថកិច្ចព័ទ្ធចាប់ឃាត់នាំយកទៅសាកសួរ។

ហេតុការណ៍បុរសប្រមឹក នៅសុខៗដើរទៅបបួលប៉ូលិសវ៉ៃគ្នា១ស្មើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនប្រមឹកចិត្តខ្លាំងដែលបបួលប៉ូលិសវ៉ៃ១ស្មើនេះ មានឈ្មោះភេន កុយ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ យ៉ុង ដេវ៉ី ស្នាក់នៅផ្ទះជួលភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ រួមនឹងមិត្តភក្តិ២នាក់ទៀត ជិះម៉ូតូដឹកគ្នា៣នាក់ ធ្វើដំណើរតាមផ្លូវវេងស្រេង លុះពេលធ្វើដំនើរមកដល់ច់ណុំចភ្លើងស្តុបកែងផ្លូវទួលពង្រ ឃើញប៉ូលិសកំពុងឈរកណ្តាលផ្លូវសម្រួលចរាចរណ៍ បែរជាជនសង្ស័យរូបនោះបានលោតចុះពីលើម៉ូតូ ដើរទៅចង្អុលមុខប៉ូលិស ហើយស្រែកហៅបបួលប៉ូលិសវ៉ៃគ្នាទៅវិញ។

ប្រភពដដែលបន្តថា ភ្លាមនោះ សមត្ថកិច្ចមានការងឿងឆ្ងល់ ក៏ឃាត់ខ្លួនជនសង្ស័យរូបនោះ នាំយកទៅសាកសួរឱ្យដឹងហេតុផល។

សមត្ថកិច្ចដែលត្រូវជនប្រមឹកចង្អុលមុខបបួលវ៉ៃ១ស្មើ បានបញ្ជាក់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា ខណៈដែលលោកកំពុងឈរកណ្តាលផ្លូវ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃក្តៅហែង ស្រាប់តែលេចមុខបុរសចិត្តសឿងម្នាក់លោតចុះពីលើម៉ូតូ ស្រែកបង្គាប់បញ្ជាឱ្យលោកដោះអាវប៉ូលិសចេញវ៉ៃគ្នា១ស្មើទៅវិញ ព្រមទាំងបញ្ចោញកាយវិការច្រឡោមខាម ឆ្ការដៃជើង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ ចោមរោមមើលគ្រប់គ្នា រហូតដល់សមត្ថកិច្ចទ្រាំមិនបាន ក៏ប្រមូលកម្លាំងព័ទ្ធចាប់ខ្លួនជននោះតែម្តង។ ចំណែកបក្ខពួក២នាក់ទៀត ក្រោយពីជនខាងលើលោតចុះពីលើម៉ូតូ ក៏បាននាំគ្នាបើកម៉ូតូរត់គេចទៅបាត់។

ជនកំណាចខាងលើ ត្រូវបានសមត្ថកិច្ចរៀបកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES