ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់កំពុងដើរក្បែរបង្គោលភ្លើង ក៏ស្រាប់តែត្រូវចរន្តអគ្គិសនីឆ្លងចេញពីបង្គោលភ្លើងដែក បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបង្គោលភ្លើងលេខ៥៥៩ តាមបណ្តោយផ្លូវបេតុង ក្បែរធានាគាអេស៊ីលីដា ជិតហាងម្លិះអង្គរថ្មី ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
នារីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះភា មិនស្គាល់ត្រកូល អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងតាលាភ អូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានដើរតាមផ្លូវបេតុងខាងលើតែម្នាក់ឯង លុះពេលទៅកន្លែងកើតហេតុ នារីរងគ្រោះក៏បានដើរប៉ះនឹងបង្គោលភ្លើងដែក ក៏ស្រាប់តែឆ្លងចរន្តចេញពីបង្គោលភ្លើងដែកនោះ បណ្តាលឱ្យឆក់នារីរងគ្រោះដេកដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា លោកមិនទាន់ទទួលរបាយការណ៍នៅឡើយ។ ប៉ុន្តែ លោកថា ស្ត្រីរងគ្រោះចេញពីធ្វើការ ហើយដើរទៅប៉ះបង្គោលភ្លើង ហើយដោយសារយប់មិញមានភ្លៀងផងនោះ ទើបធ្វើឱ្យមានចរន្តឆ្លងតែម្តង នេះបើតាមមន្ត្រីអគ្គិសនីប្រាប់រូបលោក។
ក្រោយកើតមានហេតុការណ៍ខាងលើនេះ មហាជនបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះអគ្គិសនីខេត្តសៀមរាបថា មិនបានយកចិត្តទុកដាក់រៀបចំបង្គោលភ្លើងនានា នៅខេត្តសៀមរាប ឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដោយក្នុងនោះ គេឃើញមានខ្សែភ្លើងរញ៉េរញ៉ៃខ្លាំងណាស់ ហើយស្របពេលដែលបង្គោលភ្លើងខ្លះ គឺជាបង្គោលដែកទៀតផង ដែលងាយនឹងឆ្លងចរន្តបង្កបញ្ហាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្លាំងណាស់ ជាក់ស្តែងករណីនារីរងគ្រោះខាងលើ គឺជាឧទាហរណ៍ស្រាប់។
សាកសពនារីរងគ្រោះខាងលើ មិនទាន់មានសាច់ញាតិមកទទួលនៅឡើយ និងត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តប្រាសាទ គោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។/