ខេត្តត្បូងឃ្មុំ ៖ ជារឿងគួរឱ្យហួសចិត្តបំផុតមួយដែលមិនគួរឱ្យកើតមានទាល់តែសោះ ខណៈដែលមានរថយន្តដឹកឈើអារ១គ្រឿងមិនព្រមឈប់បង់លុយ៦ម៉ឺនរៀល ក៏ត្រូវបានរថយន្តមួយគ្រឿង (មិនដឹងស្ថាប័នខាងណា) បានបើកប្រដេញតាមពីក្រោយ រួចបាញ់ប្រហារ១គ្រាប់ ធ្វើឱ្យអ្នកបើករថយន្តដឹកឈើភ័យស្លន់ បើករថយន្តបុករះរថយន្ត២គ្រឿងទៀត បណ្តាលឱ្យក្រឡាប់ស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ ចំណែកអ្នកជំនាញបើកឡានដេញចាប់ឈើ មិនដឹងស្ថាប័ន បែរជាបើករត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តចំនួន០៣គ្រឿងបុកបន្តគ្នានេះ បានបង្កឱ្យមនុស្សចំនួន២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែក៣នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯអ្នកបើកប្រដេញរថយន្តដឹកឈើ និងដកកាំភ្លើង បាញ់នោះ នៅមិនទាន់ដឹងថាមកពីអង្គភាពណានៅឡើយទេ និងកំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
លោកឧត្តមសេនីយ៏ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានរថយន្តសាំងយ៉ុង១គ្រឿងដឹកឈើអារ មិនបានឈប់បង់លុយឱ្យស្ថាប័នរបស់អង្គភាពមួយនោះ (មិនដឹងអង្គភាពច្បាស់) ស្រាប់តែមាន រថយន្ត១គ្រឿង បានបើកប្រដេញតាមពីខាងក្រោយ ព្រមទាំងបាញ់១គ្រាប់ ជាហេតុធ្វើឱ្យអ្នកបើករថយន្តដឹកឈើភ័យស្លន់ ក៏ប្រឹងបន្ថែមល្បឿន ជ្រុលចង្កូតទៅបុករថយន្តដឹកលាមកគោ រួចបន្តបុករះរថយន្តដឹកពងទា១គ្រឿងទៀត ធ្វើឱ្យកើតជាសោកនាដកម្មស្លាប់ និងរបួសបែបនេះតែម្តង។
លោកស្នងការរង បន្តថា រថយន្តម៉ាកសាំងយ៉ុង ពណ៌ស មិនមានពាក់ស្លាកលេខ បើកបរដោយឈ្មោះណន ម៉ោង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ (របួសធ្ងន់) និងមានអ្នករួមដំណើរ២នាក់ ទី១-ឈ្មោះពេជ្រ ភារុណ ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់នៅ នឹងកន្លែង) ទី២-ឈ្មោះវ៉េត ឌីក ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)។
ចំណែករថយន្ត១គ្រឿងទៀតម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-2984 បើកបរដោយឈ្មោះឱក លន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក (របួសធ្ងន់) និងមានដឹកមនុស្ស២នាក់ បានទៅបុកជាមួយនឹងរថយន្តសាំងយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-9856 បើកបរដោយឈ្មោះ ឆាយ ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់នៅនឹងកន្លែង) រួមជាមួយនឹងអ្នក ជិះ២នាក់ទៀត ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវរកមុខអ្នកបាញ់។ ចំណែកវត្ថុតាងរថយន្តទាំង៣គ្រឿងត្រូវបានស្ទូចរក្សាទុកដាក់នៅបរិវេណប៉ុស្តិ៍រដ្ឋបាលកក់ ជាបណ្តោះអាសន្នផងដែរ៕