ខេត្ដមណ្ឌលគិរី: សមត្ថកិច្ចនគរបាលស្រុកកោះញែក ឃាត់ខ្លួនបុរសម្នាក់ ជាឪពុកដែលចាប់រំលោភកូនខ្លួនឯងបង្កើតរហូតបានសម្រេចនៅលើផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
លោកវរសេនីយ៍ត្រី ខ្លូត សុឃា អធិការនគរបាលស្រុកកោះញែកបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះហើយភ្លាមនោះលោកក៍បានដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់តែម្តង ហើយបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរួចនាំមកសួរបំភ្លឺនៅអធិការស្រុក កោះញែក។ក្រោយ ពីការសាកសួរួច ជនសង្ស័យជាឪពុក បានសារភាពថាខ្លួនពិត ជាបានចាប់រំលោភកូនបង្កើតបានសំរេចពិតប្រាកដមែន។
លោកអធិការបន្តថា ជនសង្ស័យដែលជាឪពុកបង្កើតមានឈ្មោះតុត ព្រុត ភេទប្រុស អាយុ56ឆ្នាំជនជាតិព្នងមានតួនាទីជាប្រធានភូមិ រស់នៅភូមិរវាក់ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។ រីឯជនរងគ្រោះមានឈ្មោះ ព្រុត រង្វាន់ ភេទស្រី អាយុ22ឆ្នាំ រស់នៅភូមិឃុំខាងលើដូចគ្នា ។
នាងមានកាយសម្បទាមិនល្អស្វិតជើងម្ចាងផងបាននិយាយរាប់ប្រាប់ឲ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង12យប់ឪពុករបស់ខ្លួនបានចាប់រំលោភនាងនៅលើផ្ទះរហូតបានសម្រេច ហើយនៅពេលនោះ ខ្លួនក៍បានរត់ចេញពីផ្ទះទៅពួនសម្ងំនៅចំការក្បែភូមិកើតហេតុ ។ លុះព្រឹកឡើង នាងក៍បានដើរចេញពីចំការសំដៅទៅរកផ្លូវធំ ក៍បានជួបប្រជាពលរដ្ឋជិះម៉ូតូ ក៍សុំដោយសារ ដើម្បីទៅដាក់ពាក្យបណ្តឹងតែម្តង ។
លោកអធិការស្រុកកោះញែកឲ្យដឹងថា ក្រោយពីសួរនាំ ចប់លោកបានបញ្ជួនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ ប៊ុន ធឿន