អ៊ឺរ៉ង់ បានក្លាយជាក្រុមទី១ ដែលបានទៅដល់ប្រទេសរុស្ស៊ី មុនគេបង្អស់ គឺទៅដល់មុន៩ថ្ងៃ នៃការប្រកួតចាប់ផ្តើម។
នេះគឺជាការបង្ហាញវត្តមានប្រកួតបាល់ទាត់ពិភពលោក លើកទី៥ របស់ក្រុមជម្រើសជាតិអ៊ឺរ៉ង់។
លោក Carlos Queiroz គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ឺរ៉ង់ បាននិយាយថា ការរកបានកៅអីមួយទៅប្រទេសរុស្ស៊ី វាគឺក្តីសុបិន្តរបស់ក្រុមជម្រើសជាតិអ៊ឺរ៉ង់។ ទម្រាំទទួលបានកៅអីមួយនេះ យើងបានឆ្លងកាត់ឧបសគ្គជាច្រើន។
ក្រុមអ៊ឺរ៉ង់ នឹងស្នាក់នៅទីក្រុង Lokomotiv Bakovka ដើម្បីហ្វឹកហាត់នៅទីនោះ។
លោក Queiroz នឹងដឹកនាំក្រុមជម្រើសជាតិអ៊ឺរ៉ង់ ប្រកួតមិត្តភាពជាមួយក្រុម Lithuania នៅក្នុងទីក្រុងមូស្គូ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៨ ហើយចាប់ផ្តើមប្រកួតបាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិម៉ារ៉ុក នៅពហុកីឡដ្ឋាន Petersburg នៅថ្ងៃទី១៥ ខែមិថុនា។
ក្រុមអ៊ឺរ៉ង់ ស្ថិតនៅក្នុងពូល B ជាមួយអតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោក គោជល់អេស្ប៉ាញ, ក្រុមម្ចាស់ជើងឯកយូរ៉ូ ២០១៦ ព័រទុយហ្គាល់ និងម៉ារ៉ុក។
ក្រុមអ៊ឺរ៉ង់ ទំនងជាមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពូលនេះ ពីព្រោះក្នុងពូលនេះសុទ្ធតែក្រុមខ្លាំង៕