ពុទ្ធភាសិត១ឃ្លា ប្រែជាសម្រាយថា “សប្បាយមានទុក្ខ ស្រណុកមានភ័យ” ចង់ផ្តោតទៅលើ “សន្តិភាពក្នុងបេះដូង” ពោលគឺ បើសន្តិភាពមានលាយឡំដោយការភ័យខ្លាច នាំមកនូវសេចក្តីទុក្ខ វាមិនពេញលេញជាសន្តិភាពនោះទេ។ ខណៈដែលអង្គការមួយនៅប្រទេសអូស្ត្រាលី ទម្លាក់ចំណាត់ថ្នាក់កម្ពុជា ថា គ្មានសន្តិភាពពេញលេញ ហើយត្រូវបានមន្ត្រីកម្ពុជា សម្តែងការមិនពេញចិត្ត គួរយើងពិចារណាដែរ ទើប “នគរធំ” សម្រេចលើកយកពុទ្ធភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីពេលថ្មីៗនេះ វិជ្ជាស្ថានមួយនៅប្រទេសអូស្ត្រាលី ហៅកាត់ IEP បានចេញរបាយការណ៍កម្រាស់១០០ទំព័រ រៀបចំដាក់ចំណាត់ថ្នាក់ប្រទេសចំនួន១៦៣ នៅលើពិភពលោក ពាក់ព័ន្ធដល់បញ្ហាសន្តិភាព។ ពីមុន កម្ពុជា ធ្លាប់មានចំណាត់ថ្នាក់ទី៨៩ ប៉ុន្តែរបាយការណ៍ថ្មីនេះ ត្រូវធ្លាក់មកនៅលេខ៩៦ទៅវិញ ដោយចុះអស់៧កាំឯណោះ។ រឿងធ្លាក់ចំណាត់ថ្នាក់នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ថា ជា “ទស្សនៈភ្លីភ្លើ” មិនអាចទទួលយកបានឡើយ ព្រោះកម្ពុជា គ្មានសង្គ្រាម បានបើកផ្លូវឱ្យវិនិយោគិនបរទេសចូលមករកស៊ីដោយគ្មានការភ័យខ្លាច ខណៈដែលជីវភាពប្រជាពលរដ្ឋកើនឡើង ហើយបើប្រៀបធៀបនឹងប្រទេសគេ ឃើញថា កម្ពុជា មានសន្តិភាពពេញលេញ ដោយគ្មានការវាយប្រហារដោយគ្រាប់បែក ឬភេរវកម្ម។ ផ្ទុយទៅវិញ អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ (CNRP) យល់ថា របាយការណ៍នោះ “អាចជឿជាក់បាន” ដោយផ្អែកទៅលើបញ្ហារំលោភសិទ្ធិមនុស្ស កត្តាអនុវត្តច្បាប់ និងការរំលាយអតីតបក្សប្រឆាំងធំជាងគេនោះ។
រឿងឆ្លើយឆ្លងគ្នាពាក់ព័ន្ធដល់បញ្ហាសន្តិភាពនោះ “នគរធំ” មានទស្សនៈថា មន្ត្រីបក្សកាន់អំណាច (CPP) ចាំបាច់ត្រូវតែការពារសមិទ្ធផល និងកិត្តិយសប្រទេស ចាំទប់ទល់នឹងការវាយប្រហារចោទប្រកាន់ពីក្រៅ រីឯអតីតមន្ត្រី CNRP រង់ចាំតែមានការវ៉ៃពីក្រៅ ក៏ជួយបន្ថែមរបោយ បន្តុះបង្អាប់បក្សកាន់អំណាច ក្លាយជារឿងធម្មតាទៅហើយ ព្រោះអ្វីៗជា “សិទ្ធិនៃការបញ្ចោញមតិ”។
ទោះយ៉ាងណា គួរយកពុទ្ធភាសិត “សប្បាយមានទុក្ខ ស្រណុកមានភ័យ” មកជម្រះទស្សនៈជាមុនសិន ទើបអាចវាយតម្លៃបានថា របាយការណ៍របស់វិជ្ជាស្ថាន IEP នោះ ត្រឹមត្រូវ ឬខុសពីការពិត។ “សប្បាយ និងស្រណុក” គឺជា “និមិត្តរូបនៃសន្តិភាព” ព្រោះបើស្រុកទេសមានសន្តិភាព ប្រជាពលរដ្ឋនឹងរស់ដោយសប្បាយស្រណុកសុខស្រួលក្នុងការដេក ដើរ ឈរ អង្គុយ។
“សន្តិភាព” មានន័យថា សេចក្តីស្ងប់ សេចក្តីសាន្តត្រាណ សេចក្តីរាបទាប ដំណើរសះជានឹងគ្នា ផ្លូវនៃសេចក្តីស្ងប់។ សន្តិភាពពិតប្រាកដ មិនមែននៅត្រង់គ្មានសង្គ្រាមកាប់ចាក់បាញ់ប្រហារ បង្ហូរឈាមគ្នានោះទេ ប៉ុន្តែភាពសុខស្ងប់ចេញពីបេះដូង ទើបមានឈ្មោះថា សន្តិភាពពិត ស្របតាមពុទ្ធភាសិតមួយទៀតថា “នត្ថិ សន្តិ បរំ សុខំ” (គ្មានសុខអ្វីស្មើនឹងសេចក្តីស្ងប់)។ ស្ថានការណ៍នៅកម្ពុជា បច្ចុប្បន្ន បើពិនិត្យទិដ្ឋភាពខាងក្រៅ យើងឃើញថា មូលដ្ឋានណាក៏មានសន្តិភាពដែរ ប្រជាពលរដ្ឋអាចប្រកបរបររកស៊ី និងដើរហើរដោយសេរី មានសិទ្ធិបោះឆ្នោត សិទ្ធិក្នុងជំនឿ សាសនា ជាដើម។ ទោះជាយ៉ាងណា កាលបើប្រជាពលរដ្ឋជួបភាពអយុត្តិធម៌សង្គម អំពើពុករលួយ ចោរកម្ម ល្បែងអបាយមុខ គ្រឿងញៀនឡើងដល់កម្រិត “បង្ក្រាប មិនឈ្នះ” នោះ បណ្តាលឱ្យសន្តិភាពមានភាពមិនពេញលេញ។ សព្វថ្ងៃ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ត្រូវប្រឈមនឹងចោរឆក់កាបូប ឆក់ទូរស័ព្ទ ប្លន់ម៉ូតូ ក្មេងញៀនថ្នាំ គ្រោះថ្នាក់ចរាចរណ៍ រស់ក្នុងភាពភ័យខ្លាច ជាពិសេសហាងលក់មាស ដូរប្រាក់ ឱ្យតែព្រលប់មិនទាន់ បិទទ្វារអស់ហើយ ព្រោះតែ “ខ្វះសន្តិភាពផ្លូវចិត្ត” នេះឯង។ ចំណុចនេះ ដើរស្របនឹង “ស្រណុក មានភ័យ” ពោលគឺ ថៅកែៗម្ចាស់ហាងលក់មាស ប្តូរប្រាក់ទាំងនោះ រស់ស្រណុក មិនដែលលីសែង ដកស្ទូង ប្រឡាក់ភក់ផុងអ្វីទេ ប៉ុន្តែរឿងភ័យខ្លាចចោរប្លន់ បានធ្វើឱ្យបាត់បង់សន្តិភាពអស់មួយផ្នែក។ អ្នកខ្លះកំពុងធ្វើដំណើរសុខៗ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ឡានម៉ូតូបុកគ្នា ស្លាប់ចោលគ្រួសារ ព្រោះតែមនុស្សស្រវឹង និងមនុស្សមិនគោរពច្បាប់ចរាចរណ៍បង្កឡើង។ ចំណុចនេះ ស្របនឹង “សប្បាយមានទុក្ខ” នេះឯង។
បើនិយាយពីរឿងនយោបាយវិញ ទោះជាគេមិនប្រាប់ ក៏យើងអាចដឹងបានថា អតីតមន្ត្រី CNRP រួមមានតំណាងរាស្ត្រ មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា រាប់ពាន់នាក់នោះ កំពុងក្តៅក្រហាយខ្លាំងណាស់ ដោយសារការរំលាយគណបក្សរបស់ពួកគាត់។ ការអំពាវនាវរបស់លោកសម រង្ស៊ី ឱ្យពលរដ្ឋ “ធ្វើពហិការបោះឆ្នោត” និងការប្រតោងប្រទាញរបស់បក្សកាន់អំណាច ឱ្យ “ពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា” មិនខុសពីរឿង “ទេវតា និងយក្ស យកនាគធ្វើព្រ័ត្រ ទាញកូរយកទឹកអម្រឹត” នោះឡើយ។
ដូច្នេះយើងឃើញថា ស្រុកខ្មែរគ្មានសង្គ្រាមឈាមដាបធរណីក៏ពិតមែន ប៉ុន្តែករណី “សប្បាយមានទុក្ខ ស្រណុកមានភ័យ” បានធ្វើឱ្យសន្តិភាព ចុះថយមួយកម្រិត។ ប្រទេសជិតខាងយើង ក៏មានសន្តិភាពមិនពេញលេញដូចគ្នា ដោយសារប្រជាពលរដ្ឋធុញទ្រាន់នឹងអយុត្តិធម៌សង្គម។ ជាក់ស្តែង នៅប្រទេសថៃ បន្ទាប់ពីរបបយោធារបស់លោកប្រាយុទ្ធ ច័ន្ទអូឆា កាន់អំណាចបានជាង៤ឆ្នាំ ឥឡូវពលរដ្ឋថៃ រំជើបរំជួលបណ្តើរៗហើយ ដោយទាមទារបោះឆ្នោតឱ្យបានឆាប់ ខណៈដែលនាយករដ្ឋមន្ត្រី រួញរាមិនចង់ឱ្យមានការបោះឆ្នោតតាមប្រជាធិបតេយ្យ។ នៅវៀតណាម ធ្លាប់តែសុខស្ងប់ ឥឡូវផ្ទុះបាតុភាពប្រជាពលរដ្ឋលើកគ្នាដើរពេញផ្លូវ គប់ដុំថ្មទៅលើប៉ូលិស ដោយខឹងរដ្ឋាភិបាលផ្តល់ដីសម្បទាន ៩៩ឆ្នាំ ទៅឱ្យក្រុមហ៊ុនចិន។ នៅមីយ៉ាន់ម៉ា ក៏មានសន្តិភាពមិនពេញលេញដែរ ដោយសាររដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សានស៊ូជី នៅក្រោមឥទ្ធិពលពួកឧត្តមសេនីយ៍ មិនអាចដោះស្រាយវិបត្តិប្រទេសជាតិ ឱ្យមានប្រសិទ្ធភាពតាមការសន្យារបស់ខ្លួន។
នៅកម្ពុជា ក្នុងរបបប៉ុល ពត ពីឆ្នាំ១៩៧៥-១៩៧៨ គ្មានសង្គ្រាមអ្វីទេ ប៉ុន្តែសួរថា មានសន្តិភាពឬទេ ខណៈដែលប្រជាពលរដ្ឋរស់ក្នុងភាពភ័យខ្លាចគេយកទៅសម្លាប់ និងអត់បាយក្រហាយទឹកនោះ? អ៊ីចឹងបើត្រឹមសម្គាល់ថា គ្មានស្នូរកាំភ្លើង គឺជាសន្តិភាពនោះ មិនគ្រប់គ្រាន់ទេ ដរាបណាខ្វះសន្តិភាពផ្លូវចិត្ត។ បើចង់ឱ្យមានសន្តិភាពពិតប្រាកដ គួរមើលគំរូប្រទេស ស្វីស ដាណឺម៉ាក ជាដើម ស្រុកគេគ្មានអយុត្តិធម៌សង្គម គ្មានអំពើពុករលួយ ដេកយប់មិនបាច់បិទទ្វារក៏បានដែរ ព្រោះគ្មានចោរ។ ការអប់រំបានល្អ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ស្អាតស្អំ និងមានសមភាព រវាងពលរដ្ឋនិងពលរដ្ឋ ធ្វើឱ្យមានសន្តិភាពពេញបរិបូណ៌។ ការដែលវិជ្ជាស្ថាននៅអូស្ត្រាលី ទម្លាក់ចំណាត់ថ្នាក់កម្ពុជា ត្រឹមលេខ៩៦ ឈ្នះ៦៧ប្រទេស ក្នុងចំណោម១៦៣ ប្រទេសនោះ ចាត់ទុកថា យើងខ្លាំងហើយ។ ប្រទេសដែលចាញ់យើងនោះ ភាគច្រើននៅទ្វីបអាហ្វ្រិក អាមេរិកកណ្តាល មជ្ឈិមបូព៌ា ដែលកំពុងហែកហួរដោយសង្គ្រាម អំពើពុករលួយ អយុត្តិធម៌សង្គម ទុរ្ភិក្ស អតិផរណាប្រាក់ជាដើម។ បើគេឱ្យលេខរៀងយើងប៉ុន្មាន ក៏ស្រេចតែគេទៅ ព្រោះការទម្លាក់ចំណាត់ថ្នាក់ ចាត់ទុកជាមេរៀនជីវិតសម្រាប់កម្ពុជា ធ្វើការកែទម្រង់ឱ្យមានប្រសិទ្ធភាព។
សរុបទៅ “សប្បាយមានទុក្ខ ស្រណុកមានភ័យ” សំដៅដល់គន្លឹះស្វែងរកសន្តិភាពនេះឯង ដែលជាបរិបទដ៏មានតម្លៃ សម្រាប់បក្សកាន់អំណាចពិចារណា។ បើវិជ្ជាស្ថាននោះ បន្ទាបចំណាត់ថ្នាក់អស់៧កាំទៅហើយ លុះត្រាតែ CPP ព្យាយាមស្តារកំហុសដែលមានកន្លងហួស ដណ្តើមយកចំណាត់ថ្នាក់ល្អមកវិញ ជាពិសេសទប់ឱ្យបាននូវអយុត្តិធម៌សង្គម អំពើពុករលួយ បក្ខពួកគ្រួសារនិយម សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចោរកម្ម គ្រឿងញៀន ល្បែងអបាយមុខ ជាពិសេសដោះស្រាយ “ឯកភាព ជាតិ” ឱ្យខាងតែបាន ទើបធានាថា ចំណាត់ថ្នាក់នៃសន្តិភាព នឹងឡើងក្រឺតៗមិនខានឡើយ៕