តារាចម្រៀងផលិតកម្មរស្មីហង្សមាស នាងសុខ សីឡាលីន ស្រាប់តែឡើងគីឡូែបក្លកាម៉ាប់ៗ មើលសឹងតែមិនស្គាល់ឡើយ នៅពេលដែលនាងឡើងច្រៀងកម្មវិធី “ខារ៉ាបាវ Spark Concert២០១៨” ប៉ុស្តិ៍លេខ៥ កាលពីពេលថ្មីៗនេះ ព្រោះធាត់ខ្លាំងពេក រហូតជិត៦០គីឡូ តែអតីតតារាចម្រៀងផលិតកម្ម M នៅតែព្យាយាមលាក់ ហើយថា កើនគីឡូតែតិចតួចប៉ុណ្ណោះ។ ជាមួយការធាត់ជាងមុន និងមានក្បាច់រាំដូចប្រុសនោះ នាងសីឡាលីន បានធ្វើឱ្យឆាកតន្ត្រីប៉ុស្តិ៍លេខ៥ រង្គើ ព្រោះតែនាងបានយកចម្រៀង៤បទ ដាក់ទាំងកណ្តាលថ្ងៃត្រង់ គឺបទ “គុណម៉ែ”, “តោះមករាំតាមខ្ញុំ”, “បងលែង Sweet” និងបទ “ក្រមុំកូនអ្នកតាកែវ”។
អតីតអ្នកចម្រៀង Blue diamond និង M ថ្លែងប្រាប់អ្នកកាសែតថា នាងមានភាពមមាញឹកច្រើនជាមួយផលិតកម្មរស្មីហង្សមាស បើទោះជារដូវនេះជា ខែធ្លាក់ភ្លៀងក្តី តែនៅហង្សមាស គឺការងារច្រៀង Concert មិនចេះអស់នោះទេ គឺមានជាបន្តបន្ទាប់ហើយ នៅខែវស្សា ក៏ដូចជា នៅខែប្រាំងដែរ។ ចំពោះការឡើងគីឡូនោះ គឺដោយសារតែមួយរយៈហត់ច្រើន ញ៉ាំច្រើន បានជាមើលទៅរាងទ្រលុកទ្រលន់ជាងមុន។
គេចាប់អារម្មណ៍ថា នាងសុខ សីឡាលីន ធ្លាប់សាងស្នេហ៍ជាមួយតន្ត្រីករ ក្រុមចចកសមុទ្រនៅ CTN អ្នកដេញហ្គីតាបាស លោកអ៊ុក មិនណារិទ្ធ ដែលមានសក់វែងជាច្រើនឆ្នាំមកហើយ តែនៅចុងក្រោយបានប្រះឆាគ្នាកណ្តាលផ្លូវវិញ ដោយសារតែម្តាយរបស់នាងសីឡាលីន បានប្រឆាំងស្នេហ៍នេះ ដោយមិនយល់ព្រមឱ្យពួកគេយកគ្នាជាដាច់ខាត។ ក្រោយចែកផ្លូវគ្នាជាមួយសង្សារសក់វែងនោះ នាងសីឡាលីន លេចឮថា បានងាកទៅភ្ជាប់ពាក្យជាមួយអ្នកផលិតកម្មវិធីប៉ុស្តិ៍ PNN លោកជេមី ដែលធ្វើឱ្យម្តាយនាងពេញចិត្តខ្លាំង និងគូស្នេហ៍ថ្មីនេះ តែនាងឡាលីន មិនដែលសារភាពរឿងរកបានសង្សារថ្មី ជាប្រុសសង្ហានេះឡើយ ហើយសូម្បីតែពេលដែលអ្នកយកព័ត៌មានប៉ុស្តិ៍លេខ៥ សួរថា ពេលណាចូលរោងការនោះ នាងនិយាយបែបលាក់លៀមថា មិនទាន់មានគូសង្សារទៅវិញ៕