Thursday, October 16, 2025
Homeព័ត៌មានជាតិខ្ចីម៉ូតូហូបបាយ វិលវិញជាប់ខ្នោះ

ខ្ចីម៉ូតូហូបបាយ វិលវិញជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់បានខ្ចីម៉ូតូក្រុមហ៊ុនជិះ ថាទៅហូបបាយបន្តិច ស្រាប់តែបែកគំនិតយកទៅដាក់បញ្ចាំបាត់ រួចក៏ព្យាយាមគេចខ្លួនអស់៥ថ្ងៃ ទើបវិលចូលក្រុមហ៊ុនវិញ ក៏ត្រូវអ្នកគ្រប់គ្រងឃាត់ខ្លួនយកទៅប្រគល់ជូនសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងចក្រវែលហាន់ ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះគីម សាន អាយុ៣៩ឆ្នាំ មុខរបរបកប្រែភាសាចិន ធ្វើការនិងស្នាក់នៅក្នុងរោងចក្រ វែលហាន់ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកដើមបណ្តឹង មានឈ្មោះម៉ា ក័រឆឹង អាយុ៤៨ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ មុខរបរអ្នកគ្រប់គ្រងរោងចក្រវែលហាន់ ស្នាក់នៅក្នុងរោងចក្រ។ ដោយឡែក ម៉ូតូដែលជនសង្ស័យយកទៅដាក់បញ្ចាំ ម៉ាកវ៉េវអាលហ្វា ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-8150 លេខតួ និងលេខម៉ាស៊ីន ១០៦៨៨៨៧។

តាមការបំភ្លឺពីអ្នកគ្រប់គ្រងក្រុមហ៊ុនជាដើមបណ្តឹង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានខ្ចីម៉ូតូរបស់ក្រុមហ៊ុន ថាចេញទៅខាងក្រៅ ដើម្បីហូបបាយបន្តិច ពេលបានម៉ូតូហើយជិះទៅបាត់តែម្តង។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទើបឃើញជនសង្ស័យចូលមកក្រុមហ៊ុនវិញ ភ្លាមនោះគាត់បានសួរនាំរកម៉ូតូ លុះដឹងថា ត្រូវជនសង្ស័យយកទៅបញ្ចាំបាត់ហើយ ទើបគាត់បានធ្វើ ការឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូក្រុមហ៊ុនទៅបញ្ចាំប្រាកដមែន ដោយបញ្ចាំនៅម្តុំឃ្លាំងរំសេង បានប្រាក់ចំនួន៥០០ដុល្លារ និងបានយកទៅដើរស៊ីចាយអស់ទៅហើយ ទើបត្រឡប់មករោងចក្រវិញ ក៏ត្រូវអ្នកគ្រប់គ្រងរោងចក្រឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកអង្គស្នួល បានឱ្យជនសង្ស័យនាំទៅចង្អុលបង្ហាញកន្លែងដែលខ្លួនយកម៉ូតូទៅបញ្ចាំ រួចសមត្ថកិច្ចបានចុះធ្វើការដកហូតវត្ថុតាងខាងលើ យកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី៕

RELATED ARTICLES