ខេត្តតាកែវ ៖ កូនប្រុសទុរយសម្នាក់គ្រាន់តែម្តាយស្តីបន្ទោសតិចតួច ក៏ស្រាប់តែខឹងច្រឡោត បង្ករឿងឈ្លោះប្រកែក រួចក៏ស្ទុះទៅទាញដំបងមកវាយសំពងម្តាយយ៉ាងចាស់ដៃ លុះមិនទាន់រំសាយកំហឹងអស់ ក៏យកកាំបិតមកកាប់ប្រហារម្តាយបង្កើតរបស់ខ្លួនបន្ថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់។
ករណីអំពើហិង្សាកុនប្រុសអកតញ្ញូ វាយនិងកាប់ម្តាយបង្កើតខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់។
ជនដៃដល់ជាកូនប្រុសដែលដាច់ចិត្តលើកដៃវ៉ៃ និងកាប់ម្តាយប៊ិះស្លាប់ មានឈ្មោះកុល ចេក អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះកុល ខន អាយុ៦៧ឆ្នាំ។ ជនដៃដល់និងស្ត្រីរងគ្រោះជាម្តាយ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយបានស្តីបន្ទោសទៅលើជនដៃដល់ជាកូនប្រុស ពីរឿងដែលកូនប្រុសនេះ មិនចេះជួយធ្វើការងារផ្ទះ គិតតែដើរលេងប៉ោឡែ ផឹកស៊ីស្រវឹងអួទីនួគ្មានលោះថ្ងៃមិនតែប៉ុណ្ណោះ ពេលចូលផ្ទះម្តងៗ សុំតែលុយ និងបង្ករឿងឈ្លោះប្រកែកពេញផ្ទះមិនស្វាង។ ក្រោយពីត្រូវម្តាយស្តីបន្ទោស ជនដៃដល់ជាកូនប្រុស ស្រាប់តែផ្ទុះកំហឹងបង្ករឿងឈ្លោះ ប្រកែកតឹងសរសៃកដាក់គ្នាជាមួយម្តាយ បន្ទាប់មកក៏ស្ទុះទៅទាញដំបងមកវាយសំពងទៅលើម្តាយ១ដំបង លុះមិនទាន់រំសាយកំហឹងអស់ ជនដៃដល់ក៏រត់ទៅទាញកាំបិតផ្គាក់ មកកាប់ប្រហារម្តាយថែម១កាំបិតទៀត បណ្តាលឱ្យស្ត្រីរងគ្រោះទទួលរងរបួសធ្ងន់តែម្តង និងត្រូវបានអ្នកជិតខាង ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានចាប់ឃាត់ខ្លួន ជនសង្ស័យនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕