កម្មវិធី ”Cloud DJ Idol” ដែលរៀបចំនៅហាង Djs Station Pup ខាងក្រោយផ្សារទំនើបអ៊ីអន មាន់ទន្លេ កោះពេជ្រ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នោះ គឺផ្ដោតទៅលើការលើកកម្ពស់ Dj ស្រីៗ ឲ្យមានការចូលរួមប្រកួតប្រជែង ដើម្បីចាប់ជំនាញ Dj អាជីពមួយយ៉ាងពិតប្រាកដ ដូចប្រទេសជិតខាង បើទោះជាកន្លងមកសង្គមខ្មែរមិនសូវឲ្យតម្លៃទៅលើនារីៗដែលជា Dj ក្ដី។
Dj Cake ដែលជាអ្នកផ្ដួចផ្ដើមកម្មវិធីនេះ បានឲ្យដឹងថា “លោកចង់ឲ្យ DJ ផ្នែកនារីមានភាពក្លាហាន និងចូលរួមឲ្យបានច្រើនក្នុងការបញ្ចេញស្នាដៃដើម្បីមានលទ្ធភាពទៅបញ្ចេញស្នាដៃនៅក្រៅប្រទេស។ ចំពោះកម្មវិធី ”Cloud Dj Idol” នេះ គឺលោកបានសហការគ្នាជាមួយទាំង DJខ្មែរ និងបរទេស សម្រាប់ឲ្យឌីជេ ខ្មែរ បានចួលរួមប្រលងបញ្ចេញស្នាដៃថ្មីៗរបស់ពួកគេ ហើយក្នុងនោះ មានតែឌីជេ នារីៗ តែ២០នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យចូលរួមប្រកួត”។
Dj Cake ដែលជាអ្នករ៉េបជំនាញជើងចាស់ម្នាក់នោះ បានសម្ដែងការសោកស្ដាយចំពោះដែលយល់ថា នារីៗចាប់ជំនាញ DJ មិនល្អ ព្រោះធ្វើការពេលយប់អាធ្រាត្រក្រោមភ្លើងពណ៌ឆើតឆាយនោះ ដោយលោកសង្កត់ថា ជំនាញអ្វីក៏ដោយឲ្យតែយើងចេះពិតប្រាកដ គឺអាចរកប្រាក់ចំណូលបានដោយខ្លួនឯង និងជួយក្រុមគ្រួសារបានផងដែរ។
ចំពោះប្រាក់រង្វាន់វិញ អ្នកលេខ១ នឹងទទួលបានរង្វាន់ជាទឹកប្រាក់១ពាន់ដុល្លារ។ រីឯអ្នកជាប់លេខ១ ដល់លេខ៣ នឹងត្រូវក្រុមការងារស្វែងរកការងារឲ្យពួកគេនៅកន្លែងមួយដែលសមរម្យ ជាមួយនឹងប្រាក់ចំណូលប្រសើរជាងមុនផងដែរ។
កញ្ញាម៉ៅ ពេជ្រជីវ៉ា ហៅ Dj SnowY ដែលចាប់ការងារជា DJ នេះ យូរឆ្នាំមកហើយ បានបញ្ចេញទស្សនៈថា នៅពេលដែលអ្នកក្លាយទៅជា DJ អាជីពដែលមានឈ្មោះល្បីនោះ អ្នកអាចរកប្រាក់ចំណូលបានមិនក្រោម១ពាន់ដុល្លារទេ ក្នុង១ខែ សម្រាប់ការធ្វើការនៅកន្លែងណាមួយ ព្រមទាំងអាចចូលរួមព្រឹត្តិការណ៍ធំៗផ្សេងៗទៀត។ សម្រាប់រូបនាងផ្ទាល់ ក៏យល់ដែរថា អាជីពជា DJ សម្រាប់ស្រីៗ គេមិនសូវឲ្យតម្លៃនោះទេ គេថាយើងធ្វើការយប់ ក្រោមភ្លើងពណ៌ ប៉ុន្តែនាងនៅតែចង់ឃើញនារីៗដែលមានភាពក្លាហានចាប់អាជីពនេះ ទៅតាមជំនាញដែលពួកគេស្រលាញ់ កុំមានការខ្មាសអៀន ហើយនាងបានត្រៀមខ្លួនជានិច្ច ក្នុងការជួយផ្ដល់បទពិសោធន៍ដែលមានសម្រាប់បេក្ខនារីចូលរួមកម្មវិធី ”Cloud Dj Idol”៕