សុភាសិតបុរាណថា “មិនជឿពាក្យចាស់ ស្រឡះដៃធេង មិនជឿពាក្យក្មេង រលីងសក់ក្បាល” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សចាស់ និងក្មេងយកទៅអនុវត្ត។ សូម្បីតែអ្នកនយោបាយចាស់វស្សា បើកាន់ “អស្មិមានះ” មិនស្តាប់យោបល់ក្មេងខ្លះ នាំឱ្យខាតបង់ផលប្រយោជន៍ ចំណែកអ្នកនយោបាយខ្ចីវស្សា បើចង់រិះគន់ចាស់ ឬអ្នកធំជាងខ្លួន ត្រូវចេះ “សិល្បៈ នៃការរិះគន់” ដែល “នគរធំ” ក្តាប់ចំណុចខ្សោយទាំងនេះ បានក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
នៅកម្ពុជា សព្វថ្ងៃមានអ្នកនយោបាយច្រើនណាស់ ដោយចែកជាអ្នកនយោបាយ “ចាស់វស្សា” និង “ខ្ចីវស្សា” ដូចឋានានុក្រមព្រះសង្ឃ។ អ្នកនយោបាយចាស់វស្សា ភាគច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជា (CPP) ដែលចេញតស៊ូធ្វើនយោបាយតាំងពីសក់ខ្មៅ រហូតសក់សខ្លះ ក៏បានទទួលមរណភាពក្នុងតំណែង។ រីឯអ្នកនយោបាយខ្ចីវស្សា សំដៅដល់ប្រធានគណបក្សតូចៗ ទើបបង្កើតថ្មី រួមទាំងអ្នកវិភាគវ័យក្មេងផង ដែលអ្នកនយោបាយ អ្នកវិភាគក្មេងៗទាំងនោះ សុទ្ធតែមានសញ្ញាបត្រឧត្តមសិក្សា តាំងពីបរិញ្ញាបត្រ រហូតដល់បណ្ឌិត។
ខណៈដែលឆាកនយោបាយនៅកម្ពុជា កំពុងមានភាពចម្រូងចម្រាស មុនការបោះឆ្នោតនេះ អ្នកនយោបាយចាស់វស្សា នៅក្នុង CPP មិនខ្វល់ពីផលវិបាកអ្វីទាំងអស់ ដោយលៃយ៉ាងណា ជំរុញ “នយោបាយឈ្នះ-ឈ្នះ” ឱ្យដល់ទីបញ្ចប់ ឬថាឱ្យតែបានជាប់ឆ្នោត បានកាន់អំណាចបន្ត រឿងអនាគតចាំគិតតទៅទៀត។ ផ្ទុយទៅវិញ អ្នកនយោបាយក្មេង ដែលមានចំណេះដឹងជ្រៅជ្រះ និងមានសេចក្តីក្លាហានផងនោះ បានបញ្ចោញមតិយោបល់ផ្តល់គំនិតដល់អ្នកនយោបាយចាស់វស្សាឱ្យពិចារណាល្អិតល្អន់សិន ខណៈដែលការបោះឆ្នោតថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ត្រូវប្រឈមមុខនឹងសហគមន៍អន្តរជាតិ។
អ្នកនយោបាយ និងអ្នកវិភាគវ័យក្មេង ដែលមហាជនកំពុងចាប់អារម្មណ៍ មានលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា, លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា, លោកហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ព្រមទាំងយុវវ័យមួយចំនួនទៀត ដែលចូលចិត្តបញ្ចោញមតិរិះគន់ កែលម្អអ្នកនយោបាយចាស់វស្សា។
កាលពីពេលថ្មីៗនេះ លោករស់ សារ៉ុម ដែលម្តងសរសេរគាំទ្របក្សកាន់អំណាច ម្តងសរសេររិះគន់កែលម្អអ្នកនយោបាយចាស់ៗ ក្នុង CPP បានបង្ហោះសំណេរក្នុងហ្វេសប៊ុកថា “កង្កែបមាត់អណ្តូង ហេតុផលការពារសន្តិភាពតែមួយមុខ ខ្វះនីតិរដ្ឋ រាស្ត្រខ្មែរ មិនល្ងង់លោតចូលរបបផ្តាច់ការកុម្មុយនិស្តសាជាថ្មីឡើយ”។ បន្ថែមពីលើនេះទៀត លោករស់ សារ៉ុម បានផ្តល់សម្ភាសន៍ដល់ “នគរធំ” ថា “បើសិនជាគណបក្សប្រជាជនកម្ពុជា រុលក្នុងការបោះឆ្នោតនេះ វាគ្រោះថ្នាក់ច្រើនជាងលាភ វាជាការប្រឈមមុខរបស់គណបក្សប្រជាជនកម្ពុជា ជាមួយប្រជាជនខ្លួនឯង ប្រឈមមុខជាមួយនឹងសហគមន៍អន្តរជាតិ អ៊ីចឹងឈ្លោះជាមួយអាមេរិក អត់មានអីចំណេញទេ”។ ប្រធានសមាគមរូបនេះ បានទាំងផ្តល់យោបល់ឱ្យបក្សកាន់អំណាច ធ្វើប្រជាមតិសួរចិត្តពលរដ្ឋថា គួរបោះឆ្នោតតាមការកំណត់ ឬក៏ពន្យារពេល? ព្រមទាំងស្នើឱ្យយកនយោបាយឈ្នះ-ឈ្នះ មកអនុវត្ត ក្នុងការសន្ទនានយោបាយជាមួយអតីតមេបក្សប្រឆាំង ដើម្បីរកឯកភាពជាតិ។ ប៉ុន្តែ ជាការឆ្លើយតបវិញ លោកសុខ ឥសាន ដែលស្ថិតនៅក្នុងចំណោមអ្នកនយោបាយចាស់វស្សា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា “កប៉ាល់បានចាកចេញពីកំពង់ផែ អត់មានផ្លូវត្រឡប់មកវិញទេ អានេះបានសេចក្តីថា ហួសពេលហើយ អត់អាចនិយាយគ្នាបានទេ”។
ការឆ្លើយឆ្លងគ្នានេះ យើងអាចសរុបបានថា កំពុងដើរស្របនឹងសុភាសិត “មិនជឿពាក្យចាស់ ស្រឡះដៃធេង មិនជឿពាក្យក្មេង រលីងសក់ក្បាល” នោះហើយ។ បានន័យថា “បើជឿតាមចាស់ៗ” អាចនឹងស្រឡះដៃធេង ក្រោយពេលបោះឆ្នោត អាចថាសហគមន៍អន្តរជាតិ មិនប្រណីដៃឡើយ ហើយអ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋល្អិតល្អោចឯណោះ។ ម៉្យាងទៀត “បើជឿតាមក្មេង” អាចនៅមានទឹកមាត់លេប មិនឈឺជ្រុះសក់អស់រលីងពីក្បាលនោះទេ។ នេះជាខ្លឹមសារសុភាសិត ព្រោះ “សម្តីក្មេងច្រើនតែពិត” បើក្មេងឃើញយ៉ាងណា ថាយ៉ាងនោះហើយ ដូចរឿងព្រេងមួយ ដកស្រង់ចេញពីវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រឿង “ក្មេងកំព្រា និងព្រះចៅផែនដី” បានតំណាលពីក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំ កំព្រាឪពុកម្តាយស្លាប់ចោលអស់ ក៏ចូលទៅជ្រកកោនក្នុងរោងគ្រូ សម្រាប់ធ្វើក្រយាស្ងោយស្តេច។ នាយពិសេស (ចុងភៅស្តេច) អាណិតមេត្តា ក៏ឱ្យកុមារនេះជួយលាងចានឆ្នាំង ឱ្យប្រាក់ខែ៥-៦កាក់ ក្នុង១ខែ ល្មមរស់ស្រួល។ ថ្ងៃមួយ ព្រះមហាក្សត្រយាងទៅទតរោងចុងភៅ ឃើញកុមារកំពុងលាងចាន ក៏ត្រាស់សួរថា “ចៅឯងស៊ីឈ្នួលលាងចាន សព្វថ្ងៃបានប្រាក់ខែប៉ុន្មាន?” ក្មេងនោះមិនស្គាល់ស្តេច ក៏ឆ្លើយថា “ខ្ញុំបានប្រាក់ខែស្មើនឹងស្តេចផែនដី!” ស្តេចក៏សួរដេញដោលរកប្ញសគល់ ក្មេងក៏ពន្យល់ថា “ខ្ញុំបានប្រាក់ខែតែ៥-៦កាក់ ក៏ពិតមែន តែខ្ញុំទទួលទានបាយត្រឹម១ចម្អែត ទទួលទានដំណេកត្រឹម១យប់ ឯស្តេចមានសម្បត្តិច្រើនមែន តែព្រះអង្គផ្ទំត្រឹម១យប់ សោយត្រឹមតែ១ឆ្អែតដូចគ្នា”។ ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ចប់ ក៏យល់ថា “ក្មេងនេះជាបណ្ឌិត” ទើបទ្រង់ប្រទានរង្វាន់ និងផ្ចុងផ្តើមឱ្យរៀនសូត្រ រហូតក្លាយជាមន្ត្រីធំទៅអនាគត…។
ការលើកឧទាហរណ៍រឿងនេះ ចង់បង្ហាញថា “មិនជឿពាក្យក្មេង រលីងសក់ក្បាល” នេះឯង ព្រោះសូម្បីព្រះមហាក្សត្រ ក៏យកពាក្យក្មេងទៅពិចារណាឱ្យឃើញហេតុនិងផលដែរ តែបើព្រះអង្គធ្វើទោសក្មេងនោះ អត់ចំណេញទេ។ សូម្បីសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏ស្តាប់ពាក្យក្មេង យកក្មេងធ្វើគ្រូដែរ ដូចពេលមួយ ព្រះអង្គបានឮបុរសក្មេងម្នាក់ ជាជនជាតិក្លិង្គ (ឥណ្ឌា) ពពាយនាយលក់សណ្តែកដីក្នុងវត្តឧណ្ណាលោម ក៏ហៅមកសួរថា “អ្នកឯងចេះភាសាសំស្ក្រឹតទេ?” បុរសក្លិង្គ ក៏ឆ្លើយថា ចេះបានទាំងសរសេរអក្សរ “ទេវនាគរី” សម្រាប់កត់ត្រាភាសាសំស្ក្រឹត បង្ហាញទៀតផង ទើបសម្តេចជួន ណាត (កាលនៅជាព្រះគ្រូសង្ឃសត្ថា) បានបបួលព្រះគ្រូសង្ឃវិជ្ជា ហួត តាត ជាមិត្តជួលគ្រូក្លិង្គក្មេងនោះ ឱ្យបង្រៀនភាសាសំស្ក្រឹត កម្រិតបឋម មុននឹងបន្តទៅរៀនពីលោកល្វីស៍ ហ៊្វីណូត៍ (Louis Finot) អ្នកប្រាជ្ញបារាំង។ សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានរៀនភាសាបារាំង ពីប្អូនប្រុសរបស់ព្រះអង្គ គឺឧកញ៉ាសោភ័ណមន្ត្រី ជួន នុត ដោយមិនប្រកាន់ថា ជាប្អូន ឬក្មេងជាងព្រះអង្គនោះឡើយ ជាហេតុធ្វើឱ្យព្រះអង្គក្លាយជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ និងជា “អភិធជមហារដ្ឋគរុ” (គ្រូធំប្រចាំប្រទេសភូមា)។
ដូច្នេះយើងឃើញថា បើក្មេងមានចំណេះដឹងជ្រៅជ្រះផ្តល់មតិយោបល់ គួរតែចាស់ស្តាប់និងពិចារណា ទើបចំណេញ ប៉ុន្តែបើប្រកាន់អស្មិមានះ អាងខ្លួនចាស់វស្សា ឬ “ឆ្អិននយោបាយ” អត់ចំណេញទេ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមានអាយុជាង៧០ឆ្នាំ ត្រូវអ្នកវិភាគមើលឃើញថា គាត់កំពុងស្តាប់តាមមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលមានអាយុជាង៣០ឆ្នាំ ដូចជីតា និងចៅខ្លះៗមិនខានឡើយ។ បើពួកលោកមិនស្តាប់គ្នាទៅវិញទៅមក មិនមែនឈានដល់ការចុះហត្ថលេខា ផ្អើលពិភពលោកនោះទេ។ លោកគីម ក្មេងមែន តែឆ្លាតណាស់ ដោយមុនដំបូង គាត់ប្រឹងបាញ់ផ្លោងគ្រាប់មីសស៊ីល រំលងប្រទេសជប៉ុន ឱ្យគេខ្លាចសិន រួចសសៀរៗទៅរកការចរចា ដើម្បីស្រោចស្រង់ប្រទេសកូរ៉េខាងជើង ឱ្យរួចផុតពីភាពក្រីក្រ។ ដូច្នេះលោកត្រាំ ត្រូវតែស្តាប់តាមលោកគីម ខ្លះ ដោយធ្វើសម្បទានទៅវិញទៅមក ទម្លុះភាពទាល់ច្រក។ សម្រាប់កម្ពុជា ក៏យ៉ាងនេះដែរ អ្នកនយោបាយចាស់វស្សា គួរតែស្តាប់យោបល់បណ្ឌិតបញ្ញវន្តក្មេងៗខ្លះផង មិនគួរប្រកាន់អស្មិមានះ ឬអាង “ចេះដប់ មិនស្មើប្រសប់មួយ” ក៏មិនល្អដែរ។
សរុបទៅ “មិនជឿពាក្យក្មេង រលីងសក់ក្បាល” គ្រាន់តែជាការបកស្រាយសុភាសិតប្រៀបធៀបនឹងរឿងនយោបាយតែប៉ុណ្ណោះ។ រវាងមតិយោបល់ក្មេងៗអែបអប និងក្មេង “ឃើញយ៉ាងណា ថាយ៉ាងហ្នឹង” គួរតែចាស់ៗយកទៅពិចារណាដែរ ព្រោះជួនកាលអាចផ្តល់ជាប្រយោជន៍ឱ្យរកឃើញភាពឈ្នះ-ឈ្នះ ជារៀងរហូតក៏ថាបាន៕