Sunday, October 19, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ អណ្តាតជាអាទិ៍កន្លង

បរិយាយថ្ងៃនេះ ៖ អណ្តាតជាអាទិ៍កន្លង

សុភាសិតខ្មែរថា “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត” មានខ្លឹមសារអប់រំមនុស្សឱ្យប្រយ័ត្នអណ្តាត ឬពាក្យសម្តីដែលហាស្តីឱ្យគេឮជាសាធារណៈ។ ចំពោះអ្នកកំប្លែងក្រមិចក្រមើមលេងសើច ទោះជាគាត់និយាយខុសសីលធម៌ ក៏ទស្សនិកជនមិនប្រកាន់ទេ ប៉ុន្តែសម្រាប់អ្នកនយោបាយ អណ្តាតនេះ សំខាន់ណាស់។ ខណៈដែលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និយាយមិនទៀងទាត់ ម្តងសុំទោសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងចោទប្រកាន់នោះ ក៏មកពី “អណ្តាតជាអាទិ៍កន្លង” នេះឯង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អណ្តាតជាវិញ្ញាណមួយ ក្នុងចំណោមវិញ្ញាណទាំង៥ នៅក្នុងខ្លួនមនុស្ស សម្រាប់ចាប់រសជាតិអាហារ ឱ្យដឹងថា សាប ប្រៃ ជូរ ផ្អែម ល្វីង ចត់ ហាង ហឹរ ប្រហាត និងសម្រាប់និយាយស្តី។ “ជិវ្ហាវិញ្ញាណ” សំខាន់ណាស់ គេអាចប្រើវាសម្រាប់លួងលោម បោកបញ្ឆោត កេងប្រវ័ញ្ច អប់រំ បង្ហាត់បង្រៀន សើច ឬយំ ក៏សុទ្ធតែចេញពីអណ្តាតទាំងអស់។ យើងសុំនិយាយតែពី “អណ្តាត អ្នកនយោបាយ” ប៉ុណ្ណោះ ព្រោះអណ្តាតនោះ មិនដូចមនុស្សសាមញ្ញោនាះទេ លុះត្រាតែចេះពោលកាច់កុង លួងលោម បញ្ចុកបន្ស៊ី ចោទប្រកាន់ សុំទោស ជេរប្រទេច កោតសរសើរ ទើបមានឈ្មោះថា ជា “អ្នកនយោបាយខ្លាំង”។

បច្ចុប្បន្នយើងឃើញអ្នកនយោបាយខ្លាំង ផ្តើមចេញពីអណ្តាតនេះឯង ប៉ុន្តែបើអ្នកនយោបាយខ្សោយ គឺអណ្តាតនោះអន់ណាស់ ពេលនិយាយស្តី ឬឃោសនាគ្មានវោហារក្បោះក្បាយដូចគេ និងគ្មានកលល្បិចក្នុងការនិយាយ ខ្វះសិល្បៈក្នុងការរិះគន់។ ប្រជាពលរដ្ឋខ្មែរ កត់សម្គាល់បានថា សព្វថ្ងៃ សម្តេចនាយករដ្ឋមន្ត្រី មាន “ជិវ្ហាវិញ្ញាណ ពូកែណាស់” ដោយអាចប្រើអណ្តាត លួងលោម ផ្អែមល្ហែម ពីរោះពិសា តែក៏អាចធ្វើរម៉ាំងរម៉ោក ស្តីបន្ទោសកូនចៅឱ្យស្ពឹកមុខ ឬចោទប្រកាន់ទម្លាក់កំហុសទៅលើពួកប្រឆាំង មិនឱ្យងើបរួច។ ចំណែកលោកសម រង្ស៊ី ក៏មានជិវ្ហាវិញ្ញាណ មិនធម្មតាដែរ ដោយមាន “វចីកោសល្យ” ឬក្បាច់ឃោសនាយ៉ាងប៉ិនប្រសប់ តាំងពីគាត់មានតែវ៉ាលីសមួយ អូសឡើងយន្តហោះចេញពីស្រុកបារាំង តាំងពីឆ្នាំ១៩៩១ មកនៅស្រុកខ្មែរ ជ្រកក្រោមដំបូលហ៊្វុនស៊ិនប៉ិច លុះយូរៗទៅ ដោយសារគាត់មានអណ្តាតពូកែ ក៏អាចអូសទាញអ្នកគាំទ្របានជិតកន្លះប្រទេស ដូចឃើញកន្លងមក តាមរយៈសំឡេងឆ្នោតឆ្នាំ២០១៣ និង២០១៧។

កាលពីពេលកន្លងមកនេះ លោកសម រង្ស៊ី បានចោទប្រកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាអ្នកបញ្ជាមេអង្គរក្ស រៀបចំគប់គ្រាប់បែកទៅលើហ្វូងបាតុករនៅមុខវិមានរដ្ឋសភា កាលពីឆ្នាំ១៩៩៧។ ក្រោយពីមានការចាប់ខ្លួនសហការីមួយចំនួនរបស់គាត់ ដាក់ពន្ធនាគារ និងខ្លួនឯងចង់ចូលស្រុកវិញផងនោះ លោកសម រង្ស៊ី បនាសរសេរសំបុត្រសុំទោសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងចោទប្រកាន់អត់ភ័ស្តុតាងនោះ ក៏ជានាគ្នាវិញទៅ។ ឥឡូវរឿងចាស់ត្រូវគាស់កកាយឡើងវិញ ខណៈដែលក្រសួងរតនាគារអាមេរិក ដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង មេអង្គរក្សនាយករដ្ឋមន្ត្រីនោះ ស្រាប់តែលោកសម រង្ស៊ី លើកយករឿងចាស់ករណីគប់គ្រាប់បែកនៅមុខអតីតវិមានរដ្ឋសភា នោះ មកចោទប្រកាន់សម្តេចហ៊ុន សែន ជាថ្មី ទោះបីគាត់ធ្លាប់បានសុំទោសសម្តេចហ៊ុន សែន ជាលាយលក្ខណ៍អក្សររួចទៅហើយ រឿងការចោទប្រកាន់មិនត្រឹមត្រូវនេះក៏ដោយ។ ចំណុចនេះបានសេចក្តីថា លោកសម រង្ស៊ី ប្រើ “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត” នេះឯង។ បើអណ្តាត គាត់មិនពូកែ ប្រហែលជាមន្ត្រីអាមេរិកមិនស្តាប់ទេ ហើយមន្ត្រីអឺរ៉ុប ដែលព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨ នោះ គឺមកពីស្តាប់តាមអណ្តាតលោកសម រង្ស៊ី នេះឯង។

នៅក្នុងវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ក្នុងរឿង “នាយដង្ខៅ និងកូនឈ្នួល” បានតំណាលពីដង្ខៅម្នាក់ ទៅជួញបានប្រាក់ចំណេញច្រើន គិតជប់លៀងមហាជនញាតិមិត្តឱ្យសប្បាយម្តង ក៏យកប្រាក់ពីថង់ ប្រើកូនឈ្នួលម្នាក់ឱ្យទៅទិញ “សាច់ណាដែលល្អជាងគេ”។ អ្នកបម្រើប្រុសនោះ ក៏ទៅផ្សារដើរប្រមូលទិញអណ្តាតជ្រូក អណ្តាតគោ ពីគ្រប់រានលក់ សាច់ទាំងអស់ ដោតជាត្រណោត យកទៅជូនដង្ខៅ។ រីឯដង្ខៅឃើញសុទ្ធតែអណ្តាតសត្វបែបនេះ ក៏ស្តីបន្ទោសកូនឈ្នួលថា “អញ ឱ្យឯងទៅទិញសាច់ល្អៗ ហេតុអ្វីទិញយកតែអណ្តាតជ្រូក អណ្តាតគោទៅវិញ?” កូនឈ្នួលក៏ពន្យល់ចៅហ្វាយនាយថា “អ្នកបាន បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ខ្ញុំកំដរ បានជាមេបាគេ ក៏មកពីអណ្តាតនេះឯង”។ ស្តាប់ការពន្យល់ចប់ នាយដង្ខៅលែងហ៊ានបន្ទោស ក៏ឱ្យប្រាក់ទៅទិញ “សាច់ណាដែលអាក្រក់ជាងគេ” មកធ្វើម្ហូបឱ្យទាន់ពេលវេលា។ បាវបម្រើនោះ ក៏រត់ទៅផ្សារមួយទៀត ប្រមូលទិញសុទ្ធតែអណ្តាតគោ អណ្តាតជ្រូក អណ្តាតពពែ ឈ្លូស រមាំង ក្តាន់ ជ្រូកព្រៃ ដែលព្រានព្រៃបាញ់បានយកមកលក់។ នាយដង្ខៅ បានឃើញក៏ស្តីបន្ទោសដូចមុន ទើបកូនឈ្នួលដ៏ឆ្លាតនោះ ពន្យល់ថា “អណ្តាតជាសាច់អាក្រក់ក្រៃលែង ជាងសាច់ឯទៀត ព្រោះវាគ្រលៀវគ្រលៀស ពោលបង្កាច់ ត្មះតិះដៀល ជេរប្រទេច កុហកភូតភរ បោកបញ្ឆោតគេ គ្មានសាច់អីអាក្រក់ដូចអណ្តាតនេះទេ”។ ស្តាប់ការពន្យល់ចប់ នាយដង្ខៅ ក៏យកអណ្តាតសត្វទាំងមុន និងក្រោយឱ្យចុងភៅធ្វើម្ហូប និងសរសើរកូនឈ្នួលដ៏ឆ្លាតនោះទៀតផង។

ដូច្នេះយើងឃើញថា “អ្នកនយោបាយពូកែ” លុះត្រាតែមាន “អណ្តាតល្អផង អាក្រក់ផង” ពោលគឺអណ្តាតគាត់ ចេះលួងលោម ឃោសនា បំពេលើកជើង បញ្ចើចបញ្ចើ បញ្ជោរ និងជេរប្រទេច ចោទប្រកាន់គូបដិបក្ខទៅតាមកាលៈទេសៈ។ បើសិនជាអណ្តាតគាត់អន់ នឹងធ្វើនយោបាយចាញ់ប្រៀបគេរហូត មិនអាចអូសទាញអ្នកគាំទ្របានឡើយ។ នៅជុំវិញពិភពលោកយើងនេះ ក៏មានអ្នកដឹកនាំប្រទេស ប្រើ “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត” នេះដែរ។ លោករ៉ូឌ្រីហ្គោ ឌូតឺរតេ ប្រធានាធិបតីហ៊្វីលីពីន មានអណ្តាតមិនដូចប្រធានាធិបតីមុនៗទេ គាត់ចេះ “ជេរឈ្ងុយណាស់” ដូចធ្លាប់ជេរលោកបារ៉ាក់ខ៍ អូបាម៉ា អតីតប្រធានាធិបតីអាមេរិកថា “កូនមីសំផឹង”។ លុះដល់លោកដូណាល់ ត្រាំ “មានអណ្តាតពូកែបត់បែនដែរ” ធ្វើឱ្យលោកឌូតឺរតេ លែងហ៊ានជេរដូចមុន បែរជាចង់ធ្វើសង្គ្រាមជាមួយចិន ខណៈពីមុន គាត់ “វ៉ៃអាមេរិក” យ៉ាងចាស់ដៃ។ លោកគីម ជុងអ៊ុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង ក៏មានអណ្តាតមិនធម្មតាដែរ គាត់ចេះបត់បែនក្រឡេចក្រឡុច ស្មានមិនត្រូវ។

ក្រឡេកមើលស្ថានការណ៍នយោបាយនៅកម្ពុជាវិញ ខណៈដែលអាមេរិក ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏មានក្រសួង ស្ថាប័ន អង្គភាព អង្គការនានា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាមេរិក ស្រុះគ្នាល្អណាស់។ ផ្ទុយទៅវិញ គណបក្ស ១៩ ដែលចូលរួមប្រកួតបោះឆ្នោតជាមួយបក្សកាន់អំណាច គ្មានឃើញចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាមេរិក នោះទេ។ ជាងនេះទៀត “គណបក្សឆន្ទៈខ្មែរ” របស់កូនប្រុសលោកគង់ គាំ បែរជាគាំទ្រការដាក់ទណ្ឌកម្មនោះទៅវិញ។ ចំណុចនេះ យើងអាចសន្និដ្ឋានបានថា បក្សតូចៗទាំងនោះ “កំពុងប្រយ័ត្នអណ្តាត” ព្រោះបើចេញសេចក្តីថ្លែងការណ៍គាំទ្រការដាក់ទណ្ឌកម្ម មានន័យថា “ប្រឆាំង” ប៉ុន្តែបើជួយថ្កោលទោសអាមេរិក មានន័យថា “បក្សកំដរ”។

សរុបទៅ “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងព្រោះអណ្តាត” មានន័យយ៉ាងនេះឯង។ អ្នកនយោបាយឈ្នះចាញ់នៅលើអណ្តាតចេះគ្រលាស់ទាន់សភាពការណ៍ និងកាលៈទេសៈ ជាពិសេស អ្នកនយោបាយ បើមិនចេះកុហក ភូតភរ បញ្ជោរ បញ្ចើចបញ្ចើ ឬបន្តុះបង្អាប់ ចោទប្រកាន់ មិនហៅអ្នកនយោបាយនោះទេ។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការ “ប្រយ័ត្ន អណ្តាត” ឱ្យមែនទែន ព្រោះពេលបោះឆ្នោតជិតមកដល់ហើយ…៕

RELATED ARTICLES