សៀមរាប ៖ យុវជនម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោះស្រាយមិនចេញ ក៏ចេះតែផឹកស្រាស្រវឹងជាប់ជាប្រចាំ ដោយលែងនឹកនាដល់បាយទឹក លុះចុងក្រោយ បន្ទាប់ពីផឹកស្រវឹង ក៏ចូលទៅប្រះខ្លួនដេកនៅក្នុងផ្ទះបាយ រួចក៏កើតអាការៈខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកដឹង។
ករណីយុវជនស្រវឹងដេកស្លាប់នៅក្នុងផ្ទះបាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះបាយរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកសុក្រ ឃុំរលួស ស្រុកប្រាសាទបាគង។
យុវជនរងគ្រោះ មានឈ្មោះឃ្លន់ ខប់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមួយរយៈចុងក្រោយនេះ មិនដឹងជាខូចចិត្តអ្វីនោះទេ ស្រាប់តែផឹកស្រាស្រវឹងជាប់ជាប្រចាំ រហូតដល់ក្លាយជាមនុស្សប្រមឹក អត់ស្រាមិនបាន ផឹកស្រាវឹងអួទីនួជារៀងរាល់ថ្ងៃ និងមិនដែលនឹកនាដល់បាយ ទឹកសោះឡើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ ជនរងគ្រោះក៏បានដើរឡើងទៅលើផ្ទះរបស់ខ្លួនបាត់ទៅ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលបងប្អូនឡើងទៅលើផ្ទះ ចូលផ្ទះបាយបម្រុងរៀបចំដាំបាយធ្វើម្ហូប ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងនៅក្នុងផ្ទះបាយ ស្មានថាដេកលក់ ក៏ស្រែកដាស់ តែជនរងគ្រោះមិនក្រោកសោះ ទើបសង្ស័យចូលទៅស្ទាបមើល ទើបដឹងថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកើតអាការៈខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ។ មូលហេតុដោយសារតែជនរងគ្រោះ ផឹកស្រាជាប្រចាំមិនហូបបាយ ទើបបណ្តាលឱ្យខ្យល់គរស្លាប់បែបនេះ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕