Monday, October 20, 2025
Homeព័ត៌មានជាតិជិះម៉ូតូទៅជួបសង្សារ មិនទាន់ទៅដល់ផង ជួបរឿងបែបនេះ

ជិះម៉ូតូទៅជួបសង្សារ មិនទាន់ទៅដល់ផង ជួបរឿងបែបនេះ

ភ្នំពេញ ៖ បុរស២នាក់ ទើបនឹងចេញពីហូបអី ក៏ជិះម៉ូតូឌុបគ្នាសំដៅទៅជួបស្រីស្នេហ៍ ស្រាប់តែទើបនឹងធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម មានគ្នាជាង១០នាក់ បានធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូទៅបាត់ និងបណ្តាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូទាំង២នាក់ ទទួលរងរបួសធ្ងន់ស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌចំការមន ដែលចេញល្បាតតាមបណ្តោយផ្លូវ២៧១ ប្រទះឃើញក៏ប្រដេញចាប់ឃាត់ ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតម៉ូតូបាន១គ្រឿង ចំណែកបក្ខពួកផ្សេងទៀត បានជិះគេចខ្លួនបាត់ស្រមោលអស់ ដោយយកទាំងម៉ូតូជនរងគ្រោះទៅជាមួយផង។

ករណីវាយប្លន់ម៉ូតូនេះ បានកើតមានឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច មុខផ្ទះសំណាក់៣៤២ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បុរសជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរវាយឱ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូទៅបាត់ មានឈ្មោះរឹទ្ធ អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។ ចំណែកមិត្តភក្តិដែលរួមដំណើរជាមួយគ្នា ទទួលរងរបួសស្រាល មានឈ្មោះ ដារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅម្តុំផ្សារសូឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយឡែក ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ។

រីឯជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគង់ ម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបជាងឡាន ស្នាក់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះឃុត ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ អឹមភើរៀរ ម្តុំផ្សាយដីហុយ។
ចំណែកម៉ូតូរបស់ជនសង្ស័យដែលជិះធ្វើសកម្មភាព ត្រូវសមត្ថកិច្ចដកហូតបានម៉ាកស៊ុយស៊ូគី លែត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GT-8765។

តាមសម្តីជនរងគ្រោះដែលរងរបួសស្រាល បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តភក្តិ (ម្ចាស់ម៉ូតូ) ទើបតែចេញពីហូបអីនៅម្តុំមុខសាលាសាមគ្គី រួចក៏ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ បំណងទៅផ្ទះសង្សារនៅម្តុំភូមិព្រែកទាល់។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម ជិះម៉ូតូ៥ទៅ៦គ្រឿង បានជិះតាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្តង បណ្តាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំកាមន ដែលកំពុងជិះល្បាតតាមបណ្តោយផ្លូវលេខ២៧១ បនាប្រទះឃើញក៏ប្រដេញតាមចាប់បានបក្ខពួកជនសង្ស័យចំនួន២នាក់ និងដកហូតម៉ូតូម៉ាកស៊ុយស៊ូគីលែត១គ្រឿង នាំយកមកសួរនាំ។

ក្រោយពីសួរនាំរួចរាល់ សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានប្រគល់ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាងទៅឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ដើម្បីចាត់ការបន្ត ចំណែកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍និ៍គរបាលស្ទឹងមានជ័យ២ ផងដែរ៕

RELATED ARTICLES