ខេត្តប៉ៃលិន ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកបោកកម្ទេចរបស់របរក្នុងផ្ទះ បណ្តាលឱ្យបែកអស់គ្មានសល់ លុះគ្រាន់តែប្រពន្ធស្តីបន្ទោសតិចតួច ក៏ស្ទុះមកដាល់ប្រពន្ធចូលផ្ទៃមុខ បណ្តាលឱ្យហើមប៉ោង ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកទៅចាត់ការតាមច្បាប់។
ករណីប្តីស្រវឹងដាល់ប្រពន្ធប៉ោងមុខនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនដៃដល់ជាប្តីដែលវាយប្រពន្ធប៉ោងមុខ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ មួយ សាម៉េត អាយុ៣៩ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះហាង សេងហ៊ន អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាង និងប្តីចាប់ដៃគ្នាសាងគ្រួសារជាច្រើនឆ្នាំមកហើយ ប៉ុន្តែជីវិតនាងរស់នៅ មិនសូវស្គាល់ក្តីសុខសោះ ជួបតែរឿងរកាំរកូស ឈ្លោះប្រកែកគ្នាមិនស្វាង ព្រោះតែប្តី គឺជា មនុស្សប្រមឹកដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងតែងវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះ ព្រមទាំង វាយដំនាងជាញឹកញាប់ទៀតផង។
ស្ត្រីរងគ្រោះ បន្តថា នៅមុនពេលកើត- ហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ប្តីរបស់នាង មិនដឹងជាទើបនឹងត្រឡប់មកពីផឹកស៊ីនៅឯណា ទេ ស្រាប់តែមកដល់ផ្ទះ ក៏វាយបំបែករបស់របរ ក្នុងផ្ទះ បណ្តាលឱ្យខូចខាតខ្ទេចអស់ ទើបនាង ខឹងពេក ក៏ស្តីបន្ទោសប្តី២-៣ម៉ាត់ទៅ ស្រាប់តែ ប្តីកំណាចផ្ទុះកំហឹង ក៏ស្ទុះចូលមកដាល់ផ្ទៃមុខ នាងជាច្រើនដៃ ធ្វើឱ្យហើមជាំមុខតែម្តង។ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ប្តី ញៀនថ្នាំរូបនេះលែងបាន ទើបនាងបានរត់ទៅ ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនប្តី កំណាចយកទៅចាត់ការតាមច្បាប់៕