ខេត្តបន្ទាយមានជ័យ ៖ បុរសល្មោភកាមម្នាក់ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះ ក៏បែកគំនិតចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនរហូតដល់បានសម្រេច និងថែមទាំងគំរាមសម្លាប់ចោល ប្រសិនបើកូនស្រីហ៊ានធ្វើឱ្យបែកធ្លាយរឿងរ៉ាវ លុះកូនស្រីទ្រាំលាក់ទុកមិនបានក៏ទម្លាយរឿងប្រាប់ម្តាយឱ្យដឹង និងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនឪពុកទុរយសរូបនេះ យកទៅចាត់ការតាមច្បាប់។
ករណីឪបង្កើតចាប់រំលោភកូនស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិចាថ្មី ឃុំគោកបល័ង្គ ស្រុកមង្គលបូរី។ លុះកូនស្រីរៀបរាប់រឿងរ៉ាវឱ្យម្តាយបានដឹងដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាម ដែលចាប់រំលោភកូនស្រីបង្កើតមានឈ្មោះនូវ គឺ អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៦ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសំដីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលម្តាយនាងមិននៅផ្ទះ ចំណែកនាងកំពុងនៅលើផ្ទះតែម្នាក់ឯង ស្រាប់តែឪពុក បានមកចាប់រំលោភនាងរហូតបានសម្រេចតែម្តង។ បន្ទាប់ពីរំលោភនាងរួចហើយ ឪពុកបានគំរាមមិនឱ្យនាងយករឿងនេះ ទៅនិយាយប្រាប់អ្នកដទៃដាច់ខាត ពិសេសម្តាយរបស់នាងពុំនោះទេ គាត់នឹងសម្លាប់នាងចោលមិនខាន៕