ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗក៏ដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យប្រពន្ធកូនចែកផ្លូវគ្នាដើររកអស់ចិត្តនៅតែមិនឃើញ លុះ៣ថ្ងៃ ក្រោយមកក៏ត្រូវបានគេប្រទះឃើញសាកសពជនរងគ្រោះស្ថិតក្នុងសភាពហើមស្អុយរលួយ អណ្តែតនៅក្នុងទឹកបឹងមួយកន្លែង ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធសង្ស័យថា ការស្លាប់របស់ប្តីអាចមានជាប់ពាក់ព័ន្ធនឹងករណីផ្សេង។
ករណីប្រទះឃើញសាកសពអណ្តែតទឹកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបឹងមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ។
បុរសរងគ្រោះ មានឈ្មោះលន់ អាយុជាង៤០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ ពីមុនគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែផឹកស្រវឹងអួទីនួ ជារៀងរាល់ថ្ងៃ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្តីរបស់គាត់បានផ្តាច់ស្រាលែងផឹកហើយ និងមានសុខភាពល្អប្រក្រតីធម្មតា។ ស្រាប់តែនៅសុខៗ ប្តី គាត់ក៏បាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យគាត់និងកូនៗនាំគ្នាដើរតាមរករហូតដល់ខ្សោះខ្យល់ នៅតែមិនឃើញសោះ៕