ខេត្តសៀមរាប ៖ នារីជនជាតិសិង្ហបុរីម្នាក់បានបង្កើតមិត្តភាពដ៏ពិសេសមួយជាមួយនឹងបុរសជាអ្នករត់រ៉ឺម៉កកង់៣ ជនជាតិខ្មែរម្នាក់ ដោយសារតែមិត្តភាពរបស់ពួកគេ ផ្តើមចេញពីភាពស្មោះត្រង់ ការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក រហូតធ្វើឱ្យសារព័ត៌មាន Channel news asia របស់ សិង្ហបុរី យកដំណើររឿងមួយនេះ ទៅធ្វើការចុះផ្សាយទៀតផង។
យោងតាមប្រភពពីសារព័ត៌មាន Channelnewsasia បានរៀបរាប់ថា មាននារីជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Sofia Goh បានធ្វើដំណើរ មកទឹកដីខេត្តសៀមរាប ក្នុងគោលបំណងដើរកំសាន្តផង និងបានធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្ត បង្រៀនដល់ក្មេងៗកម្ពុជាផង។ អំឡុងពេលស្នាក់នៅក្នុងខេត្តសៀមរាប Sofia បានជិះរ៉ឺម៉កកង់៣របស់បុរសជនជាតិខ្មែរម្នាក់ ដែលមានឈ្មោះ Ban Mon Thong (បាន ម៉ុនតុង) ដែលគាត់មាន ប្រពន្ធ និងកូន២នាក់រួចទៅហើយ។
ប្រភពដដែលបន្តថា កត្តាដែលធ្វើឱ្យពួកគេក្លាយជាមិត្តភក្តិនឹងគ្នា គឺដោយសារនៅក្នុងថ្ងៃដែល Sofie មកដល់សៀមរាម នាងបានហៅ រ៉ឺម៉កកង់៣ របស់លោក Ban ដើម្បីជិះទៅសណ្ឋាគារ។ មុនពេលឡើងជិះលើរ៉ឺម៉កកង់៣ Sofie បានទៅចូលទៅទិញកាហ្វេ ហើយលោក Ban បាននៅរង់ចាំនាងនៅខាងក្រៅ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ ឃើញដូចនេះ Sofie បានហៅលោក Ban ឱ្យចូលមកញ៉ាំកាហ្វេជាមួយគ្នា តែគាត់មិនហ៊ានចូលនោះទេ។ ក្រោយមកពេលពួកគេក៏បានចេញដំណើរទៅសណ្ឋាគារ ស្រាប់តែសណ្ឋាគារនោះនៅជិតមែនទែន គឺចម្ងាយប្រមាណជាង ១០០ម៉ែត្រប៉ុណ្ណោះ ហើយលោក Ban ក៏មិនបានដឹងថា សណ្ឋាគារនោះនៅជិតដូចនេះដែរ។
នៅពេលទៅដល់សណ្ឋាគារ Sofia បានហុចលុយឱ្យលោក Ban ចំនួន១០ដុល្លារ តែលោក Ban បានបដិសេធមិនទទួលយកនោះទេ ដោយសំអាងថា ចម្ងាយផ្លូវវាជិតពេក ហេតុនេះ ចាត់ទុកថាលោកជូនដំណើរនាងដោយមិនគិតថ្លៃ (Free) ទៅចុះ។ ដោយមើលឃើញពីទឹកចិត្តស្មោះត្រង់ របស់លោក Ban ទើប Sofie បានសុំលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នា និងបានប្រើប្រាស់កម្មវិធី WhatsApp សម្រាប់ទាក់ទងគ្នា។ ក្រោយមកអ្នកទាំងពីរ ក៏ចេះតែមានទំនាក់ទំនងជាមួយគ្នា រហូតដល់ពួកគេក្លាយជាមិត្តដ៏ល្អនឹងគ្នា។ Sofia បានទៅលេងទៅផ្ទះ លោក Ban ដើម្បីសួរសុខទុកប្រពន្ធកូន និងម្តាយរបស់លោក Ban ថែមទៀតផង៕