នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅឯភូមិគ្រឹះរបស់លោក អិុន សុភិន ស្ថិតក្នុងសង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំក្រុងពលីចេញថតខ្សែភាពយន្តភាគថ្មី រឿង”ព្យុះជីវិតចិត្តអ្នកលេង” ដោយមានការចូលរួម ពីសំណាក់តារាប្រុសស្រីល្បីៗ និងក្រុមការងាររបស់ផលិតកម្ម មហាហង្ស ជាច្រើនកុះករ។
តំណាងឲ្យផលិតកម្មមហាហង្ស អ្នកនាងភិន សុដាលីស បានថ្លែងប្រាប់ឲ្យដឹងថា រឿង “ព្យុះជីវិតចិត្តអ្នកលេង” មានចំនួន៤៥ទៅ៥០ភាគ ប្រើពេលផលិត៥ខែ ហើយនឹងត្រូវចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍បាយ័ន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
ដាលីស បានឲ្យដឹងដែរថា រឿងនេះជាខ្សែភាពយន្តភាគ បែបកាច់កុង ឌឺដង ក្និកក្នក់ កំប្លែងសើចសប្បាយ តាំងពីដើមរហូតដល់ចប់ ហើយរឿងនេះបរិយាយពីខ្សែជីវិតរបស់មនុស្សភេទទី៣ (មនុស្សខ្ទើយ) ហើយ រឿងនេះខុសប្លែកពីរឿងមុនៗត្រង់ថា មានតួសម្ដែងច្រើននាក់ រហូតដល់ជាង៥០នាក់ឯណោះ ដោយតួសម្ដែងទាំងនោះ ត្រូវចែកជាពីរក្រុមធំៗ និងត្រូវប្ដូរចរិត ពីប្រុសមកស្រី និងពីស្រីទៅជាប្រុស ដែលត្រូវសម្ដែងខុសពីចរិតធម្មជាតិ។ រឿងនេះផ្ដើមឡើងពីក្រុមថតកុន របស់តារាខ្មែរ ដែលបានចេញដំណើរថត នៅខេត្តបាត់ដំបង និងភ្នំពេញ ដោយមានឈុតឆាកកាច់កុង ឌឺដង ផ្លែផ្កាដាក់គ្នា និងកំប្លែងសើចសប្បាយ។
នាយកប្រតិបត្តិរបស់មហាហង្ស រូបនេះ បានឲ្យដឹងដែរថា ដោយសារតែតួសម្ដែងមានច្រើន ដូច្នេះការចំណាយក៏មានទំហំច្រើនដែរ គឺនិងអាចច្រើនជាងរឿងមុនៗ ខណៈដែលកន្លងមក ក្នុងរឿងភាគមួយរឿង ចំណាយចន្លោះពី៧ទៅ៨ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ភាពយន្តភាគរឿង “ព្យុះជីវិតចិត្តអ្នកលេង” ជាស្នាដៃនិពន្ធរបស់លោក អ៊ិន សុភិន ដឹកនាំសម្ដែងដោយលោកឡុង សុភាព និងថតដោយលោកខុង វិបុល។ ក្នុងនោះមានការចូលរួមសម្ដែងដោយ កញ្ញាម៉ុន ផលចរិយា ហៅរីយ៉ា ជាតួឯកស្រី លោកហេង នរៈកក្កដា ជាតួឯកប្រុស ព្រមទាំងតារាសម្ដែងជាច្រើនទៀត ដូចជា លោកចន, អេឡិច ដាហ្វី, កញ្ញាលឹម មួយហ្គិច, លោកយឹម សម្បត្តិ, កញ្ញា ម៉ៅ គឹមធីតា, លោក លឹម រដ្ឋា, កញ្ញាញឹម ចាន់ថន, កញ្ញាសឿន ផាន់ផាភួង, កញ្ញាណា សាឌី, លោកថមមី, លោកភឹម តារាវិបុល, លោកជា សំណាង, លោកហេង ស៊ីមន, អ្នកនាងនិន សុធារ៉ា និងតារាកិត្តិយសជាច្រើនរូបទៀត៕