Tuesday, January 28, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ក្បាច់នាគកៀវក្រវាត់

បរិយាយថ្ងៃនេះ ៖ ក្បាច់នាគកៀវក្រវាត់

កាលពីជំនាន់លង្វែក-ឧដុង្គ ក្នុងពេលធ្វើសង្គ្រាមម្តងៗ គេប្រើ “យុទ្ធសាស្ត្រកៀរគ្រួ” ឱ្យចាកចេញពីស្រុកកំណើត ប្រមូលយកទៅឱ្យតាំងលំនៅថ្មី ងាយស្រួលក្នុងការគ្រប់គ្រងដោយមិនគិតពីនិន្នាការប្រឆាំង។ នៅពេលនេះ គ្មានយុទ្ធសាស្ត្រកៀរអ្នកស្រុកទៀតទេ ប៉ុន្តែអ្នកនយោបាយបានប្រើ “ក្បាច់នាគកៀវក្រវាត់” ប្រមូលប្រជាពលរដ្ឋដោយមិនគិតពីនិន្នាការនយោបាយ ឱ្យចូលទៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ដែល “នគរធំ” ក្តាប់បាន ក៏លើកពីរឿង “នាគ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុង “សិល្បៈតែងកំណាព្យ” រៀបរៀងដោយព្រឹទ្ធាចារ្យសិល្បៈ ពេជ្រ ទុំ ក្រវ៉ិល ត្រង់បទ “នាគកៀវក្រវាត់” បានសរសេរថា “ជាល្អស្គាល់គ្នាគ្រាមានទុក្ខ ទុក្ខមាននឹងមុខប្រឹងស្ទុះស្ទា ស្ទាស្ទុះដោះស្រាយខំពុះពារ ពារពុះជួយគ្នាឱ្យផុតភ័យ”។ បទនេះ មានរបៀបចាប់ចុងជួន និងការសង្កត់សំឡេងគោរពតាមបទពាក្យ៧ធម្មតា បន្ថែមតែត្រង់ដើមឃ្លា និងចុងឃ្លា ប្រើព្យាង្គដដែលៗកៀវបញ្ចូលគ្នា។ បទនេះ អ្នកប្រាជ្ញកវីបណ្ឌិតខ្មែរ បានបង្កើតឡើងយកគំរូតាម “នាគកៀវក្រវាត់” ដោយឆ្វាយរង្វេលព័ទ្ធដើមឈើ ឬដំបូក តាមលក្ខណៈធម្មជាតិជា “ឧរង្គសត្វមានប្ញទ្ធិខ្លាំងពូកែ”។

នៅក្នុងរឿង “ភូរិទត្តជាតក” បានតំណាលពីកូនស្តេចនាគ ឈ្មោះភូរិទត្ត ជាតួអង្គព្រះពោធិសត្វ បានឡើងមកឋានមនុស្សលោក ឆ្វាយរង្វេលព័ទ្ធដំបូកមួយ តាំងសមាធិ ក៏ត្រូវព្រានអាលម្តាយចាប់បានយកទៅបង្ហាត់ឱ្យចេះច្រៀងរាំរកកម្រៃ។ ចំណែក “មុជ្ជលិននាគរាជ” បានឡើងពីមហាស្រះ ឆ្វាយរង្វេលថ្វាយព្រះពុទ្ធ គង់ពីលើ រួចបើកពពារការពារភ្លៀងខ្យល់ អស់៧យប់ ៧ថ្ងៃ នៅពេលព្រះអង្គបានត្រាស់ដឹងថ្មីៗ។

ធម្មតានាគ ជាតិរច្ឆានក៏ពិតមែន តែមានប្ញទ្ធិបារមីខ្លាំងពូកែណាស់ តាមជំនឿក្នុងគម្ពីរសាសនាថា អាចបណ្តាលជាភ្លៀង ផ្គរ ព្យុះសង្ឃរាបាន និងមានលំនៅ មាននគរ តាំងនៅ “ឋានបាតាល ឬឋានភុជង្គនាគ”។ ជាទូទៅ ជាតិសាសន៍ណាក៏ទទួលស្គាល់ថា នាគ (Dragon) មានពិតមែន គ្រាន់តែនាគខ្មែរ មានតែខ្លួននិងក្បាល ឯនាគចិន មានជើង៤ នាគហិណ្ឌូ មានខ្លួនដូចពស់ ក្បាលជាស្តេចមនុស្ស។ ទោះជានាគប្រភេទណាក៏ដោយ មុននឹងឆ្វាយរង្វេល លុះត្រាតែមានដំបូក ឬគល់ឈើ កៀវឱ្យជាប់ ដើម្បីឱ្យខ្លួនវាមានលំនឹង ងាយស្រួលតតាំងជាមួយគូសត្រូវ។ យ៉ាងណាមិញ យុទ្ធសាស្ត្រនយោបាយសព្វថ្ងៃ យើងឃើញអ្នកនយោបាយណា ក៏យក “ក្បាច់នាគកៀវក្រវាត់” មកប្រើដែរ។

ក្បាច់នេះ គេកៀវយកប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មកបញ្ចូលគ្នាតែមួយ កៀងគរឱ្យមូលត្រកូលដោយមិនខ្វល់ពីនិន្នាការនយោបាយ។ គេមិនអាចដើរប្រមូលតាម “យុទ្ធសាស្ត្រកៀរគ្រួ” ដូចពីបុរាណបានឡើយ ប៉ុន្តែគេប្រើវោហារសាស្ត្រ ឬសំណេរតាមហ្វេសប៊ុក កៀវយកទាំងស្រុងតែម្តង។ ដូចហ្វេសប៊ុកលោកសម រង្ស៊ី បានសរសេរត្រង់ចំណុចមួយថា “ខ្មែរគ្រប់ទិសទី នឹងជួបជុំគ្នា ម្រាមដៃស្អាតនៅថ្ងៃ២៩ កក្កដា ២០១៨ យើងមិនចូលរួមការបោះឆ្នោតក្លែងក្លាយជាដាច់ខាត” សំណេរនេះមានន័យថា “ខ្មែរមួយប្រទេស នឹងធ្វើពហិការបោះឆ្នោត”។ ដោយឡែក មន្ត្រីរដ្ឋាភិបាលប្រចាំអង្គការសហប្រជាជាតិ ក៏សុទ្ធតែយក “ក្បាច់នាគកៀវក្រវាត់” មកប្រើដូចគ្នា ឧទាហរណ៍ សេចក្តីថ្លែងការណ៍ថា “ការបោះឆ្នោតត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់យ៉ាងទូលំទូលាយ…”។ រីឯប្រជាពលរដ្ឋដែលគាំទ្រ CPP រស់នៅប្រទេសស្វីស ក៏បានសរសេរញត្តិមួយផ្ញើទៅប្រធានាធិបតីស្វីស មានសេចក្តីជាអាទិ៍ថា “យើងខ្ញុំទាំងអស់គ្នា ជាជនជាតិស្វីស ដើមកំណើតខ្មែរ សូមជូនញត្តិជូនប្រធានាធិបតីនៃសហព័ន្ធស្វីស ដើម្បីរក្សាការពារសន្តិភាព ស្ថិរភាព… កុំដាក់ទណ្ឌកម្មណាមួយ មកលើរដ្ឋាភិបាលកម្ពុជា…” សំណេរនេះមានន័យថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ ទទួលស្គាល់ការបោះឆ្នោត ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមិនបានសរសេរពីអង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច មិនចូលរួមសង្កេតការណ៍ ខណៈដែលអន្តរជាតិ មានតែបួនប្រាំប្រទេសប៉ុណ្ណោះ ដែលសុំចូលពិនិត្យ ប៉ុន្តែ សរសេរកៀវយកទាំងអស់។ ចំណែកប្រជាជន ឬអាណិកជនខ្មែរនៅស្វីស ប្រមាណ១០០នាក់ ធ្វើញត្តិនោះ ក៏ត្រូវអ្នកសរសេរកៀវយកគ្មានសល់ ដោយប្រើពាក្យថា “យើងខ្ញុំទាំងអស់គ្នា ជាជនជាតិស្វីស ដើមកំណើតខ្មែរ…” តាមក្បាច់ “នាគកៀវក្រវាត់” នេះឯង។

ខណៈដែលការឃោសនារកសំឡេងឆ្នោត កំពុងប្រព្រឹត្តទៅនេះ បក្សណាក៏ប្រើយុទ្ធសាស្ត្រច្បាមយកទាំងអស់ដូចគ្នា ដូចបក្សមួយនោះ ឃោសនាថា “ប្រជាពលរដ្ឋទាំងអស់ ចង់ឱ្យមានការផ្លាស់ប្តូរ” ដូច្នេះពាក្យ “ទាំងអស់” គឺគេកៀវយកទាំងអ្នកគាំទ្រ CPP ផងដែរ ព្រោះ CPP ក៏ជាខ្មែរដូចគ្នា។ ក្បាច់កៀវកៀងគរយកចំណេញនេះ សូម្បីតែសត្វនាគ ក៏មានមហិច្ឆតាបែបនេះដូចគ្នា ឧទាហរណ៍រឿង “បំបួសនាគ” បានតំណាលពីជំនាន់ពុទ្ធកាល ខណៈដែលព្រះសម្មាសម្ពុទ្ធ បរមគ្រូ គង់នៅក្នុងវត្តជេតពន មាននាគរាជមួយ មានមហិទ្ធិប្ញទ្ធិខ្លាំងពូកែណាស់ បានកាឡាខ្លួនជាកំលោះម្នាក់ ចូលទៅថ្វាយបង្គំ “ព្រះមហាតិស្សត្ថេរ” សុំចូលសាងផ្នួស។ ព្រះថេរៈនោះ ជាសាវ័ករបស់ព្រះពុទ្ធ មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ ទើបមើលមិនស្គាល់នាគប្រែកាឡា ក៏យល់ព្រមបំបួសមាណពនោះទៅ។ ធម្មតា នាគ ចូលចិត្តដេកនៅពេលព្រឹក ទើបថ្ងៃមួយ ភិក្ខុនាគនោះពេលគង់ក្នុងកុដិ ក៏សិងលក់ទៅ ហើយពេលសិងលក់ ក៏ក្លាយជាសត្វនាគឆ្វាយរង្វេលពេញបន្ទប់។ កាលនោះ មានលោកនេនមួយអង្គ បានរៀបចំចង្ហាន់ព្រឹករួចរាល់ មិនឃើញភិក្ខុនាគ និមន្តទៅឆាន់ ក៏ចូលទៅដាស់ ស្រាប់តែឃើញនាគពត់ពេនពេញបន្ទប់ ក៏ស្រែកឆោឡោថា នាគលេបភិក្ខុនោះហើយ។ រឿងនេះ ក៏ផ្អើលទៅដល់ព្រះបរមគ្រូ យាងមកដល់ បានដឹងច្បាស់ថា ជានាគប្រែកាឡា មកបួស ក៏មិនបន្ទោសអ្វីដែរ ព្រះអង្គគ្រាន់តែបញ្ជាក់ថា មនុស្សពិកល្យពិការ នាគ ខ្មោច មិនអនុញ្ញាតឱ្យបួសទេ តែអាចរក្សាសីល៥ ចាំសីល៨បាន ហើយបានបង្គាប់នាគប្រែកាឡានោះឱ្យវិលទៅឋានបាតាលវិញ។ មុននឹងចេញទៅ នាគនោះបានថ្វាយបង្គំសុំព្រះពរថា មកពីខ្លួនជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទើបកាឡាខ្លួនមកសុំបួស បើព្រះពុទ្ធមិនអនុញ្ញាតឱ្យបួស ក៏សុំត្រឹម “ជាប់និស្ស័យនឹងព្រះពុទ្ធសាសនា” តទៅ និងសុំឱ្យកុលបុត្រមុនបួស ត្រូវមានឈ្មោះថា “នាគ”។ ព្រះពុទ្ធអង្គ ក៏យល់ព្រមតាមសំណូមពរនេះ ហើយតាំងពីពេលនោះមក ក៏ជាប់ឈ្មោះកុលបុត្រថា “នាគ” ដូចជា “ហែនាគ បំបួសនាគ” រហូតដល់សព្វថ្ងៃ។ រឿងនេះចង់បង្ហាញថា សូម្បីសត្វនាគ ក៏ចង់កៀវយកវិន័យសិក្ខាបទ ២២៧ ទៅកាន់ដែរ អត់គិតថា ខ្លួនជាតិរច្ឆាន មិនអាចទ្រទ្រង់សមណភេទបាន។ ចំណែករឿងនយោបាយ ក៏យ៉ាងនេះដែរ ភាគីណាក៏សុទ្ធតែប្រើក្បាច់ “នាគកៀវក្រវាត់” ច្បាមយកទាំងអស់ អត់គិតថា ប្រជាពលរដ្ឋខ្មែរ បែងចែកនិន្នាការ។ ដូចលើកឡើងរួចមកហើយ ពីការឃោសនារបស់លោកសម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋមួយប្រទេស កុំទៅបោះឆ្នោត គឺមកពីគាត់ “កៀវក្រវាត់” នេះឯង។ រីឯមន្ត្រីបក្សកាន់អំណាច ដែលថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ការបោះឆ្នោតយ៉ាងទូលំទូលាយនោះ ក៏ជាក្បាច់ “នាគកៀវក្រវាត់” ដូចគ្នា។

សរុបទៅ “ក្បាច់នាគកៀវក្រវាត់” ពុំត្រឹមតែជាទម្រង់សិល្បៈតែងកំណាព្យ មានព្យាង្គដើម និងព្យាង្គខាងចុង ទាក់គ្នានោះទេ តែអ្នកនយោបាយអាចយកទៅច្នៃ ទាក់ទាញប្រជារាស្ត្រទាំងអស់ មិនថា អ្នកគាំទ្រ CPP ឬអ្នកគាំទ្រអតីត CNRP។ សម័យនេះ មិនអាចកៀរប្រមូលមនុស្សឱ្យទៅរស់នៅប្រមូលផ្តុំក្នុងជំរំដូចសម័យសង្គ្រាមបានឡើយ ប៉ុន្តែក្បួនបុរាណ ត្រូវកាឡៃ ទៅជា “វោហារសាស្ត្រ” ម្តងវិញ ហើយបើអ្នកនយោបាយណាមិនចេះយុទ្ធសាស្ត្រ “កៀងគរ កៀវ” នេះទេ ចាំតែចាញ់គេទៅ៕

RELATED ARTICLES