Tuesday, January 28, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ កាន់កពស់ឱ្យខ្ជាប់

បរិយាយថ្ងៃនេះ ៖ កាន់កពស់ឱ្យខ្ជាប់

សាស្ត្រា “ច្បាប់ពាក្យចាស់” ២ល្បះ សរសេរថា “កាន់កពស់ឱ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ អូសទូកកុំឱ្យល្អាន ទឹកថ្លាសោតកុំឱ្យល្អក់។ ស្លឹកឈើឥតកម្រើក បើកក្រើកដ្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកខ្លាំងសោះសា” មានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់អ្នកនយោបាយយកទៅអនុវត្ត។ នៅពេលនេះ បក្សកាន់អំណាច មិនខុសពី “អ្នកចាប់ពស់” បើកាន់កពស់មិនជាប់ ឬធ្វើឱ្យទឹកថ្លា ក្លាយជាទឹកល្អក់ អាចនឹងជួបផលវិបាកមិនខាន ដែល “នគរធំ” សូមលើកឃ្លោងឃ្លាខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

-កាន់កពស់ឱ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ ៖ បើពោលតាមន័យត្រង់ សំដៅដល់អ្នករកស៊ីចាប់ពស់វែក ឬពស់ថ្លាន់ យកទៅលក់ គឺត្រូវ “ចាប់ទាំងរស់” មិនអាចវាយវាឱ្យងាប់បានឡើយ។ របៀបចាប់ពស់វែករនាម វែកក្របី វែកដំបូក ឬ ពស់ថ្លាន់ គេលៃយ៉ាងណាចាប់កាន់កវាឱ្យជាប់ រួចដាក់បញ្ចូលស្បោង តែបើកាន់ខាងកន្ទុយ ជួនកាលវាក្រឡាស់ខ្លួនខាំអ្នកចាប់ ឱ្យរកពេទ្យមិនទាន់។ យ៉ាងណាមិញ បក្សកាន់អំណាច (CPP) ប្រៀបបាននឹង “អ្នកចាប់ពស់”។ រីឯអតីតបក្សសង្គ្រោះជាតិ (CNRP) ប្រៀបបាននឹងពស់វែក ដែលមានលោកសម រង្ស៊ី ជា “ពស់វែករនាម” ធំជាងគេ។ សព្វថ្ងៃ “ពស់វែកដំបូក កឹម សុខា” ត្រូវគេចាប់បានដាក់ទ្រុងទៅហើយ នៅសល់តែ “ពស់វែករនាម សម រង្ស៊ី” ដែលពិបាកចាប់បំផុត ឬថា “ចាប់ក ជាប់” ពស់នោះនៅតែត្រដរ រើបម្រះមិនឱ្យគេញាត់ទ្រុងបាន។ បើសិនជាអ្នកចាប់ពស់ CPP កាន់កពស់មិនជាប់ វាអាចក្រឡាស់ខ្លួនខាំដៃរងគ្រោះធ្ងន់។ យ៉ាងណាមិញ ករណីលោកសម រង្ស៊ី ដែល “ជាប់ក្នុងសំណាញ់សាលដីកាតុលាការ” ជិត១០ករណីនោះ កំពុងត្រដរខ្លាំងណាស់ ដោយគាត់អំពាវនាវប្រជាពលរដ្ឋដែលគាំទ្រ CNRP ឱ្យធ្វើពហិការបោះឆ្នោត។ ករណីសហភាពអឺរ៉ុប បញ្ជូនបេសកជនមកកម្ពុជា ដើម្បីពិនិត្យលក្ខខណ្ឌ “ប្រព័ន្ធអនុគ្រោះពន្ធ” ក៏មិនធម្មតាដែរ ហើយពួកនោះបានទាំងទាមទារឱ្យដោះលែង “ពស់វែកដំបូក កឹម សុខា” ឱ្យរួចពីទ្រុងទៀតផង។ ដូច្នេះបើ CPP កាន់កពស់មិនជាប់ អាចនឹងរងគ្រោះ “រកគ្រូស្តោះមិនទាន់”។ ជាងនេះទៀត គណបក្សតូចៗទើបបង្កើតថ្មីនោះ ប្រៀបបាននឹង “ពស់ថ្លាន់” កំពុងរួបរឹតជើងអ្នកចាប់ពស់ ដែលកាន់កពស់ជាប់។ បើសិនជារបូតដៃពីកពស់ ច្បាស់ជាពស់ថ្លាន់ ឬបក្សតូចៗនោះ រួបរឹតដល់ខ្លួនអ្នកចាប់រងគ្រោះមិនខាន។

-អូសទូកកុំឱ្យល្អាន ទឹកថ្លាសោតកុំឱ្យល្អក់ ៖ បើបរិយាយតាមន័យត្រង់ នៅពេលទឹករាក់ ឬទឹកនាច គេត្រូវអូសទូកចុះ ពីច្រាំងខ្សាច់ ទម្លាក់ទៅទឹកជ្រៅ។ បើអូសរួច ត្រូវលុបស្នាមលើដីខ្សាច់នោះ កុំឱ្យឃើញស្នាមអូសទូក ព្រោះត្រណមអ្នកដើរទូក អាចនាំប្រផ្នូលមិនល្អ ដូចជាជួបភ្លៀង ខ្យល់កណ្តាលទន្លេ ជាដើម។ ចំណែកទឹកបឹងថ្លា បើចែវ ឬអុំទូកកាត់ ត្រូវលើកច្រវាថ្នមៗ កុំឱ្យប៉ះដល់ភក់នៅបាតបឹង នាំឱ្យល្អក់ ជាហេតុនាំប្រផ្នូលមិនល្អដែរ។ យ៉ាងណាមិញ “ការបោះឆ្នោត ដែល CPP រៀបចំ” គួរធ្វើឱ្យរលូនគ្មានមន្ទិលសង្ស័យ បន្ទាប់ពីបោះឆ្នោតរួច ដើម្បីបញ្ចៀសការតវ៉ា ឡាំប៉ាដូចពីមុន ហើយបើ គ.ជ.ប មិនព្រមដោះស្រាយតាមពាក្យបណ្តឹងរបស់បក្សចាញ់ឆ្នោត ធ្វើឱ្យ “ទឹកល្អក់”។

-ស្លឹកឈើឥតកម្រើក បើកក្រើកដ្បិតខ្យល់បក់ ៖ មានន័យថា ដើមស្វាយ ដើមខ្នុរ ដែលមានស្លឹកទ្រុបទ្រុល បើគ្មានខ្យល់បោកបក់ វាមិនកក្រើក ឬកម្រើកនោះទេ។ យ៉ាងណាមិញ “នយោបាយការពារសន្តិភាព” របស់ CPP បើអាមេរិក អឺរ៉ុប និងពួកប្រឆាំង បោកបក់ពីក្រៅនោះ អាចនឹងកក្រើក ឬជ្រុះស្លឹកខ្លះៗមិនខានឡើយ។

-ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកខ្លាំងសោះសា ៖ មានខ្លឹមសារថា ទឹករាក់ ប៉ុន្តែថ្លាដូចកញ្ចក់ បើសិនជាមានខ្យល់បោកបក់ខ្លាំង កើតជារលកនោះ ច្បាស់ជាទឹកបឹងនោះ ល្អក់កករមិនខានឡើយ។ យ៉ាងណាមិញ “កម្ពុជា កំពុងមានការអភិវឌ្ឍ” បើសិនជាមានទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក អឺរ៉ុប នោះ អាចនឹងរាំងស្ទះរងផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រចៀសមិនរួច។

ទោះយ៉ាងណា “ច្បាប់ពាក្យចាស់” ខាងលើនេះ ចំណុចសំខាន់ជាងគេ នៅត្រង់ “កាន់កពស់ឱ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ” ព្រោះវាដើរស្របនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ន។ ដូចការប្រៀបធៀបរួចមកហើយថា “CPP ជាអ្នកចាប់ពស់” រីឯពួកប្រឆាំង ដែលមានលោកសម រង្ស៊ី ជាមេ ប្រៀបបាននិង “ពស់វែករនាម វែកក្របី វែកស្រងែ” ចំណែកបក្សតូចៗ កំពុងប្រជែងសន្លឹកឆ្នោតនោះ ជាប្រភេទ “ពស់ថ្លាន់” គ្មានពិសទេ តែពូកែខាងរួបរឹត។ ពីមុន លោកសម រង្ស៊ី ពេលចេញសេចក្តីថ្លែងការណ៍ម្តងៗ ចេះគោរព “គោរមងារសម្តេច” ប៉ុន្តែពេលនេះ គាត់ “ពន្លះសម្តេចធ្ងន់ៗ” ចោទសុទ្ធតែ “ជនក្បត់ជាតិ”។ ទោះជាលោកសម រង្ស៊ី ប្រឹងយ៉ាងណា ក៏ “CPP កាន់កពស់” ណែនដៃ មិនឱ្យធ្វើសកម្មភាពអ្វីបានឡើយ ប៉ុន្តែបើ CPP កាន់មិនជាប់ គ្រោះថ្នាក់មើលមិនឃើញទេ។ បក្សកាន់អំណាច ចាប់បានតែប្រភេទពស់សង់សឿ ពស់ព្រលិត ពស់សម្លាប់កង្កែប បញ្ចូលទ្រុង ដូចករណីចាប់ខ្លួនគ្រូបង្រៀនម្នាក់ នៅខេត្តកំពង់ឆ្នាំង ពីបទ “ឃោសនាកុំឱ្យពលរដ្ឋទៅបោះឆ្នោត” ប៉ុន្តែពស់វែករនាមធំជាងគេ (លោកសម រង្ស៊ី) នោះ ទោះជាជាប់ក ឬក្លាយជា “ទណ្ឌិត” ក៏មិនអាចចាប់បញ្ចូលស្បោង ឬទ្រុងបានឡើយ។

នៅក្នុងឃ្លីបវីដេអូបង្ហោះតាមហ្វេសប៊ុកមួយ គេឃើញបុរសម្នាក់ស្លៀកក្រមា ដេញចាប់ពស់វែកប៉ុនកដៃ ប៉ុន្តែគាត់ល្ងង់ ចាប់តែកន្ទុយលើកឡើង។ ដឹងអី! ស្រាប់តែពស់នោះក្រឡាស់ខ្លួនឆាល់ ងាកទៅចឹកអ្នកចាប់ តែកុសលល្អ វាចឹកប៉ះក្រមា និងជាប់ធ្មេញនឹងក្រណាត់អំបោះនោះ ដកមិនរួច ធ្វើឱ្យអ្នកចាប់ភ័យស្លន់ស្លោ ស្រាតក្រមាបោះចោល រត់ប្រាសអាយុ។ រឿងចាប់ពស់មិនស្រួលទេ ទោះជា “គ្រូអាលម្ពាយ” ចេះមន្តអាគមធ្វើឱ្យពស់ស្លូត ក៏មិនត្រូវទុកចិត្តសត្វតិរច្ឆានដែរ។ យ៉ាងណាមិញ បក្សកាន់អំណាច ក៏មិនត្រូវប្រហែសដែរ ទោះបីជាបក្សប្រឆាំង ត្រូវបានរំលាយ ហើយលោកសម រង្ស៊ី ត្រូវជាប់ទោសជិត១០ករណី ក៏មិនត្រូវទុកចិត្ត ក្រែងទណ្ឌិតនោះក្រឡាស់ខ្លួនរួច នាំឱ្យមានបញ្ហា។ មុនពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៥ ត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ លោកសម រង្ស៊ី ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានការលើកលែងទោស ឱ្យបានចូលប្រកួតក្នុងការបោះឆ្នោត យោងតាមសំណើនាយករដ្ឋមន្ត្រី។ ឥឡូវប្រទេសជប៉ុន បានលើកសំណើឱ្យមានការចរចា សម្របសម្រួលគ្នាមុនពេលបោះឆ្នោត ខណៈដែលសហភាពអឺរ៉ុប បញ្ជូនបេសកជនជាង១០នាក់ មកពិនិត្យលក្ខខណ្ឌ “ប្រព័ន្ធអនុគ្រោះពន្ធ” និងស្នើឱ្យដោះលែងលោកកឹម សុខា។ ដូច្នេះឃ្លោងឃ្លាថា “កាន់កពស់ឱ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ” ជាបរិបទគន្លឹះសំខាន់ណាស់ សម្រាប់បក្សកាន់អំណាច ពិចារណា។ មិនមែនជាការងាយស្រួលទេ ក្នុងការកាន់កពស់ដ៏រអិលដូច លាបខ្លាញ់នោះ បើ CPP កាន់មិនជាប់ គ្រោះថ្នាក់មើលមិនឃើញទេ។

សរុបទៅ “កាន់កពស់ឱ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ” មានន័យយ៉ាងនេះឯង។ ពស់វែករនាម សម រង្ស៊ី ពស់វែកដំបូក កឹម សុខា ជាប្រភេទពស់មានពិសខ្លាំង ដូចពាក្យស្លោកថា “ពស់វែកដំបូក ១ស្រែ ពស់វែកស្រងែ ១ព្យាម្គ ពស់វែករនាម ផសស្តូក!” ដូច្នេះរឿងកាន់កពស់មានពិស អត់ស្រួលទេ គួរតែ CPP ប្រុងប្រយ័ត្នឱ្យមែនទែន៕

RELATED ARTICLES