ភ្នំពេញ ៖ បុរសវ័យចំណាស់មានជំងឺមហារីកថ្លើមប្រចាំកាយម្នាក់ បានកើតមានអាការៈហេវហត់ អស់កម្លាំង ក៏ត្រូវកូនស្រីប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិសែនសុខ ដើម្បីព្យាបាល ដោយពេលចូលពេទ្យដំបូង អ្នកជំងឺនៅអាចដើរបាន និយាយស្តីធម្មតា ចំណែកគ្រូពេទ្យពិនិត្យរួច ក៏មិនបានប្រាប់ថា មានស្ថានភាពធ្ងន់ធ្ងរអ្វីដែរ និងបានបញ្ជូនទៅបន្ទប់សម្រាកព្យាបាលធម្មតា លុះក្រោយពេលចាក់ថ្នាំ បន្តោកសេរ៉ូមរួច ហើយអ្នកជំងឺក៏ចាប់ផ្តើមសន្លប់លែងដឹងខ្លួន រហូតដល់ចុងក្រោយ គ្រូពេទ្យបែរជាប្រាប់ថា អ្នកជំងឺស្លាប់បាត់ហើយ មិនអាចសង្គ្រោះបានទេ ធ្វើឱ្យកូនស្រីនិងក្រុមគ្រួសារអ្នកជំងឺកើតទុក្ខមិនសុខចិត្ត ទាមទារឱ្យខាងមន្ទីរពេទ្យចេញមុខពន្យល់ និងដោះស្រាយករណីនេះឱ្យបានច្បាស់លាស់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យអន្តរជាតិសែនសុខ មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសរងគ្រោះដែលត្រូវបានក្រុមគ្រួសារអះអាងថា ត្រូវគ្រូពេទ្យចាក់ថ្នាំ ព្យួរសេរ៉ូមឱ្យរួចហើយ បែរជាសន្លប់លែងដឹងខ្លួនរហូតដល់ស្លាប់ មានឈ្មោះខៀវ សារឿន អាយុ៦៦ឆ្នាំ មានលំនៅក្នុងរាជធានីភ្នំពេញ និងមានជំងឺមហារីកថ្លើមប្រចាំកាយ។
តាមសម្តីនារីជាកូនស្រីរបស់បុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ឪពុករបស់គាត់ មានជំងឺមហារីកថ្លើមប្រចាំកាយ និងធ្លាប់ចេញទៅព្យាបាលនៅមន្ទីរពេទ្យឯប្រទេសសិង្ហបុរី ដោយចំណាយប្រាក់អស់ជាច្រើន ប៉ុន្តែសុខភាពរបស់គាត់ មកដល់មុនពេលកើតហេតុ គឺនៅល្អធម្មតាទាំងអស់ មិនទាន់ដល់ថ្នាក់ធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ ដាច់បាយទឹក ដេកដួលលើកន្ទេលអ្វីឡើយ ពោលគឺនៅអាចដើរហើរ និយាយស្តី ហូបចុកបានធម្មតាគ្រប់យ៉ាង។
កូនស្រីរបស់ជនរងគ្រោះ បន្តថា លុះមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឪពុករបស់គាត់ក៏បានត្អូញប្រាប់ថា គាត់ដូចជាមានអាការៈហត់ និងអស់កម្លាំង ទើបនៅវេលាម៉ោង១រសៀលថ្ងៃដដែលនោះ គាត់ជាកូនស្រីបានដឹកឪពុកចូលមកមន្ទីរពេទ្យអន្តរជាតិសែនសុខ ដើម្បីពិនិត្យព្យាបាល។ នៅពេលចេញពីផ្ទះ រហូតមកដល់មន្ទីរពេទ្យ ឪពុករបស់គាត់នៅមានសភាពធម្មតា គឺអាចដើរបាន លុះមកដល់ពេទ្យឡើងអង្គុយលើរទេះរុញបានធម្មតា និងមិនបានចូលទៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) នោះទេ គឺចូលទៅបន្ទប់ពិគ្រោះ និងពិនិត្យជំងឺធម្មតាប៉ុណ្ណោះ ហើយថែមទាំងអាចនិយាយស្តី ឆ្លើយនឹងសំណួរគ្រូពេទ្យដោយខ្លួនឯងសព្វបែបយ៉ាងទាំងអស់។
កូនស្រីជនរងគ្រោះ បានឱ្យដឹងទៀតថា ក្រោយពីពិនិត្យរួច គ្រូពេទ្យក៏មិនបាននិយាយថា ឪពុករបស់គាត់មានជំងឺធ្ងន់ធ្ងរអ្វីដែរ និងបានរៀបចំបញ្ជូនឪពុកគាត់ឱ្យឡើងទៅសម្រាកនៅបន្ទប់តាមដានព្យាបាលជំងឺធម្មតា ដូចអ្នកជំងឺទូទៅដែរ។ លុះពេលចូលដល់បន្ទប់សម្រាក នៅវេលាម៉ោងប្រមាណ៥-៦ព្រលប់ថ្ងៃដដែល ក៏មានគ្រូពេទ្យបានមកចាក់ថ្នាំ និងបន្តោកសេរ៉ូមឱ្យឪពុករបស់គាត់ ហើយចាប់ពីពេលនោះមក ឪពុករបស់គាត់ក៏ចាប់ផ្តើមទន់ខ្លួន ងងុយដេក រួចក៏សម្រាន្តលង់លក់ពេញ១យប់ ដោយមិនភ្ញាក់បន្តិចសោះ។ បន្ទាប់មក នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ក៏មានវេជ្ជបណ្ឌិតខ្មែរ និងបរទេស៣-៤នាក់ បានចូលមកពិនិត្យស្ថានភាពឪពុករបស់គាត់ លុះគាត់ប្រាប់ថា ឪពុកបានសម្រាន្តពេញយប់ហើយ ដោយមិនបានដឹងខ្លួនសោះ ពេលនោះ គ្រូពេទ្យក៏ប្រាប់ថា គ្រូពេទ្យបានដាក់ថ្នាំឱ្យគាត់សម្រាន្តឱ្យបានច្រើន ហេតុនេះមិនចាំបាច់ដាស់គាត់ទេ ឱ្យគាត់សម្រាន្តទៀតចុះ។
កូនស្រីជនរងគ្រោះ បានបន្ថែមថា លុះមកដល់វេលាម៉ោងប្រមាណ២រសៀលថ្ងៃដដែលនោះ ខណៈដែលគាត់មិននៅស្រាប់តែមានគ្រូពេទ្យបានមកហៅឱ្យក្រុមគ្រួសារគាត់ផ្តិតមេដៃ ទើបមានអ្នកផ្តល់ដំណឹងឱ្យគាត់ លុះពេលគាត់មកដល់ សួរនាំថា ផ្តិតិមេដៃរឿងអ្វី ស្រាប់តែគ្រូពេទ្យបរទេសម្នាក់បានប្រាប់ថា ស្ថានភាពជំងឺឪពុកគាត់ធ្ងន់ធ្ងរណាស់ ចាំបាច់ឱ្យក្រុមគ្រួសារផ្តិតមេដៃទទួលស្គាល់ ធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា ហេតុអ្វីមកដល់ដំបូង ពេទ្យពិនិត្យមិនឃើញធ្ងន់ធ្ងរ ស្រាប់តែចាក់ថ្នាំឱ្យគាត់សម្រាន្តលែងដឹងខ្លួន១យប់ ក៏ប្រាប់ថា ជំងឺគាត់ធ្ងន់ធ្ងរទៅវិញ ឬអាចមកពីគ្រូពេទ្យប្រើថ្នាំខុស? ពេលនោះ គ្រូពេទ្យបរទេសរូបនោះ បាននិយាយដោយសម្តីគ្មានក្រមសីលធម៌ដាក់គាត់ជាកូនស្រី អ្នកជំងឺថា ឪពុករបស់អ្នកហ្នឹងស្លាប់ពេលនេះ ចាំបាច់ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយបើមិនព្រមផ្តិតមេដៃទេ ពេទ្យនឹងបញ្ឈប់ការព្យាបាល ព្រមទាំងបណ្តេញអ្នកជំងឺនេះចេញហើយ។ សម្តីរបស់គ្រូពេទ្យបរទេសរូបនេះ កាន់តែធ្វើឱ្យក្រុមគ្រួសារគាត់មិនអស់ចិត្ត និងយល់ថា គ្រូពេទ្យគ្មានទាំងក្រមសីលធម៌ ព្រមទាំងគ្មានការទទួលខុសត្រូវទៀតផង។
កូនស្រីជនរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មក ក៏មានគ្រូពេទ្យស្រីម្នាក់បានមកនិយាយជាមួយពួកគាត់ជាក្រុមគ្រួសារអ្នកជំងឺថា អ្នកជំងឺមានសភាពធ្ងន់ណាស់ បើមិនស្លាប់ពេលនេះ គឺអាចស្លាប់នៅថ្ងៃស្អែក ហេតុនេះត្រូវរុញចូលបន្ទប់សង្គ្រោះបន្ទាន់ លុះពេលគាត់សួរនាំថា តើចូលសង្គ្រោះបន្ទាន់ ឪពុកគាត់មានសង្ឃឹមទេ ស្រាប់តែអ្នកគ្រូពេទ្យនោះបាននិយាយថា អ្នកជំងឺនៅតែស្លាប់ដដែល ទើបគាត់សួរថា ចុះបើនៅតែស្លាប់ ចាំបាច់អ្វីត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់។ បន្ទាប់ពីបង្ខំឱ្យក្រុមគ្រួសារគាត់ផ្តិតមេដៃ បញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់មិនបាន ក្រុមគ្រូពេទ្យទាំងនោះក៏ចាប់ផ្តើមបង្ខំឱ្យពួកគាត់បញ្ជូនឪពុកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ព្រោះនៅទីនេះ ពេទ្យលែងទទួលព្យាបាលហើយ ហើយបើពុំនោះទេ ដឹកឪពុកទៅផ្ទះទៅ ព្រោះឪពុកគាត់គ្មានសង្ឃឹមទេ។
កូនស្រីរបស់ជនរងគ្រោះ បានបញ្ជាក់ថា អ្វីដែលគាត់មិនអស់ចិត្តនៅត្រង់ថា ពួកគាត់ជាក្រុមគ្រួសារធ្លាប់បានបញ្ជូនឪពុកទៅព្យាបាល នៅមន្ទីរពេទ្យឯប្រទេសសិង្ហបុរី ដោយចំណាយប្រាក់ដល់ទៅ២០ម៉ឺនដុល្លារឯណោះ ហើយគ្រូពេទ្យក៏មិនទាន់ប្រាប់ថា ស្ថានភាពជំងឺឪពុកគាត់ដល់ដំណាក់កាលចុងក្រោយអ្វីដែរ ចំណែកសុខភាពគាត់ក៏នៅល្អ នៅដើរហើរ និយាយស្តី ហូបចុកបានធម្មតា ហើយពេលធ្វើទុក្ខ ក៏មិនបានធ្វើទុក្ខអ្វីខ្លាំងដែរ គ្រាន់តែហត់ និងអស់កម្លាំងប៉ុណ្ណោះ ស្រាប់តែពេលចូលដល់មន្ទីរពេទ្យ មិនដឹងជាពេទ្យចាក់ថ្នាំអ្វីឱ្យខ្លះ ក៏ស្រាប់តែឪពុកដេករហូតដល់ស្លាប់ ដោយមិនបានផ្តាំផ្ញើលាប្រពន្ធកូនសូម្បីតែមួយម៉ាត់ ហើយចុងក្រោយបែរជាទទួលរងការគំរាមបណ្តេញចេញពីមន្ទីរពេទ្យយ៉ាងអយុត្តិធម៌ទៀត ពិតជាមិនអាចទទួលយកបានសោះឡើយ។
គួរបញ្ជាក់ថា អ្នកជំងឺឈ្មោះខៀវ សារឿន បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោងប្រមាណ១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីគ្រូពេទ្យដកអុកស៊ីសែនជំនួយដង្ហើម និងត្រូវក្រុមគ្រួសារដឹកសាកសពត្រឡប់ទៅកាន់លំនៅដ្ឋានវិញទាំងយប់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្រោយពីដឹកសាកសពឪពុកទៅដល់ផ្ទះហើយ ដោយសារតែកូនស្រីជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានវិលត្រឡប់មកសួរនាំខាងមន្ទីរពេទ្យវិញ នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែត្រូវបានតំណាងមន្ទីរពេទ្យអន្តរជាតិសែនសុខម្នាក់ បានចេញមកប្រាប់ថា ពេលនេះ ទាំងគ្រូពេទ្យ និងអ្នកជំនាញ ក្នុងមន្ទីរពេទ្យរបស់គាត់សម្រាកអស់ហើយ មានការណ៍អី ចាំព្រឹកចាំដោះស្រាយគ្នា ជាហេតុធ្វើឱ្យកូនស្រីជនរងគ្រោះកាន់តែខឹងសម្បា ចោទប្រកាន់ថា មន្ទីរពេទ្យបានធ្វើឱ្យអ្នកជំងឺស្លាប់ហើយ មិនព្រមទទួលខុសត្រូវ ថែមទាំងប្រើសម្តីគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ដាក់ជនរងគ្រោះទៀត និងស្នើឱ្យខាងមន្ទីរពេទ្យ ចាំបាច់ត្រូវចេញមុខមកពន្យល់ហេតុផល និងមូលហេតុដែលនាំឱ្យឪពុករបស់គាត់ស្លាប់ឱ្យបានច្បាស់លាស់ ទើបពួកគាត់សុខចិត្ត។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីខាងតំណាងមន្ទីរពេទ្យអន្តរជាតិសែនសុខ ដែលទទួលរងការចោទ ប្រកាន់ថា បានព្យាបាលបណ្តាលឱ្យអ្នកជំងឺស្លាប់ បាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕