ប៉ុស្ដិ៍លេខ៥ បានធ្វើពិធីសែនក្រុងពលីរឿងភាគថ្មីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភោគិត្រា ភ្នំពេញ គឺរឿង ”កញ្ញាជើងខ្លាំង” ដែលជារឿងភាគល្បីរបស់ថៃ ហើយត្រូវបានស្ថានីយទូរទស្សន៍យកមកផលិតជាលក្ខណៈខ្មែរវិញ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការសែនក្រុងពលីរឿងថ្មីនេះ ក្រៅពីមានតារាប្រុសស្រី និងអ្នកសារព័ត៌មានជាច្រើនដួងនោះ ក៏មានអគ្គនាយកប៉ុស្ដិ៍លេខ៥ និងជាម្ចាស់សណ្ឋាគារសូហ្វីតែល លោក Supachai Verapuchong ព្រមទាំងឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោក Nuttavudh Photisaro និងអតីតឯកអគ្គរាជទូតថៃ នៅកម្ពុជា ក៏បានបង្ហាញវត្តមានផងដែរ។
រឿង ”កញ្ញាជើងខ្លាំង” នេះតួឯកស្រីត្រូវបានប្រគល់ទៅឲ្យស្រីស្អាត នាងសឹម ស្រីនិច្ច និងតួឯកប្រុស លោកសុខ សាន់នី ហើយស្រីស្រស់ប្រុសស្អាត១គូនេះ បានឲ្យដឹងថា នេះគឺជាការជួបគ្នាលើកទី២របស់ពួកគេ។
ស្រីស្អាតខ្ពស់ស្រឡះ ញញឹមស្រស់នាងសឹម ស្រីនិច្ច បង្ហើបឲ្យដឹងថា “ត្រឹមតែរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ តែអាជីពសិល្បៈរបស់នាងមានការលូតលាស់គួរឲ្យកត់សម្គាល់ ដោយក្រសោបបានតំណែងតួឯកដល់ទៅជាង២០រឿងឯណោះ។
សឹម ស្រីនិច្ច ថ្លែងថា ”ខ្ញុំទើបចូលសិល្បៈរយៈពេលខ្លីទេ គឺទើបជាង១ឆ្នាំ តែខ្ញុំបានថតរឿងជាង២០មកហើយ ហើយរឿងដែលគេស្គាល់ច្រើន រឿង ”១៤ថ្ងៃ”។ ចំពោះការសម្ដែងរឿង ”កញ្ញាជើងខ្លាំង” នេះ ខ្ញុំពេញចិត្តនឹងតួអង្គដែលខ្ញុំលេង ព្រោះត្រូវនឹងចរិតរបស់ខ្ញុំ ប្រុសៗអីចឹងស្រួលលេង ហើយជំនាញទាត់ធាក់នោះ រឹតតែចូលចិត្តថែមទៀត ដោយសារកន្លងមក ខ្ញុំធ្លាប់បានហាត់ល្បុកតោ បាន១ខែដែរ។ ប៉ុន្តែសម្រាប់ការថតរឿងនេះវិញ ខ្ញុំនឹងហាត់ថែមក្បាច់គុណថែមទៀត ខាងស្ថានីយ គាត់នឹងជួយរឿងនេះបន្ថែម។ បើទោះជារឿងនេះជាភាពយន្ដល្បីរបស់ថៃ មែន តែខ្ញុំមានជំនឿថា ការប្រឹងប្រែងរបស់តារាយើងក៏អាចសម្ដែងបានមិនចាញ់តារាបរទេសដែរ ហើយខ្ញុំនឹងព្យាយាម”។
ចំណែកលោកសុខ សាន់នី បន្ថែមថា ”ខ្ញុំពេញចិត្តថតសម្ដែងជាមួយអានិច្ច ហើយពួកយើងយល់ចិត្តគ្នាណាស់ មិនអីទេ យើងមានការចុះសម្រុងគ្នាល្អក្នុងការសម្ដែងរឿងល្បីមួយនេះ។ បើទោះជារឿងនេះ ប៉ះតួស្រីកញ្ញាអានិច្ច ជើងខ្លាំងខាងវ៉ៃទាត់ធាក់ក៏ដោយ តែខ្ញុំមិនខ្លាចទេ ឲ្យស្រីស្អាតវ៉ៃទក់សាច់បន្ដិច ក៏មិនអីដែរ…”។
ក្រៅពីសឹម ស្រីនិច្ច និងលោកសុខ សាន់នី នោះ រឿង ”កញ្ញាជើងខ្លាំង” ក៏មានតារាសម្ដែងល្បីៗជាច្រើនដួងផ្សេងទៀត ចូលរួមផងដែរ ដូចជា លោកលី ឧត្តម, ចេនឡា, ទែន វាសនា, សុគន្ធ ដេវីត, ប្រសិដ្ឋ, នាយវ៉ាន់អង, កុមារាទ្រី ឃីម, កុមារាឈាង ដារាពេជ្រ រួមទាំងតួស្រី មានញឹម សុខា , សៀវ ម៉ី , ឆ វណ្ណា, ឌី លីណា , កុមារីអាំង សុជាតា និងកូនស្រីកីឡាករប្រដាល់ អេ ភូថង កញ្ញាអេ យ៉ានុត ជាដើម។
លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យការផ្សាយរបស់ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងដែរថា រឿង ”កញ្ញាជើងខ្លាំង” នេះជារឿងរបស់ថៃ ដែលយើងយកមកកែច្នៃជារឿងខ្មែរព្រោះថាអ្នកនិពន្ធយើងនៅមានកមិ្រត ទើបយើងយករឿងថៃ មកថតឡើងវិញ។ រឿងនេះមានការឆ្លុះបញ្ចាំង និងអប់រំទៅលើសង្គមមួយ ដែលមានគ្រឿងញៀន ហើយអ្នកដែលបង្រា្កបឧក្រិដ្ឋជនគ្រឿងញៀននោះ មិនមែនតែបុរសទេដែលអាចធ្វើបាននោះ ស្រីក៏ធ្វើបានដូចគ្នាដែរ ហើយក្នុងនោះ យើងមានតួស្រីហ្នឹងហើយជាកញ្ញាជើងខ្លាំងហ្នឹង។ រឿងនេះគ្រោងថត៣ខែ ហើយថតចប់ ទើបអាចដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ហើយចំពោះការយកតួខ្មែរយើងថតរឿងល្បីរបស់ថៃ នេះ ខ្ញុំយល់ថា តួខ្មែរយើងគាត់មានសមត្ថភាព ៧០ទៅ៨០% ដែលអាចធ្វើបាន បើប្រៀបធៀបជាមួយតួថៃ នោះ។
លោក Supachai Verapuchong បានថ្លែងថា “លោកសូមចូលរួមផ្ដល់កម្លាំងចិត្តដល់តារាសម្ដែងទាំងអស់ ក្នុងរឿង ”កញ្ញាជើងខ្លាំង” នេះ សូមឲ្យសុខសប្បាយ ជោគជ័យទាំងអស់គ្នា ក្នុងរឿងថ្មីមួយ ដែលសាច់រឿងល្អ និងមានការអប់រំដល់សង្គមជាតិផងដែរ។
ថៅកែប៉ុស្ដិ៍លេខ៥ ក៏បង្ហាញជំនឿចិត្តថា តារាខ្មែរ ពេលនេះមានសមត្ថភាពមិនចាញ់តារាបរទេសឡើយ ហើយលោកជឿជាក់ថា រឿងនេះនឹងមានការគាំទ្រពីប្រជាជនខ្មែរ នៅពេលដែលដាក់បញ្ចាំងនាពេលខាងមុខនេះ៕