Monday, November 18, 2024
Homeតារាខ្មែរការយល់ឃើញរបស់តារាចម្រៀង ព្រាប សុវត្ថិ ចំពោះការបោះឆ្នោតនីតិកាលទី៦?

ការយល់ឃើញរបស់តារាចម្រៀង ព្រាប សុវត្ថិ ចំពោះការបោះឆ្នោតនីតិកាលទី៦?

ថ្លែងក្នុងសន្និសីទកាសែត នៅចំពោះមុខអ្នកសារព័ត៌មាន ជាង២០ស្ថាប័ន ក្នុងកម្មវិធីពុះដីឡូតិ៍លក់នៅក្បែរផ្សារព្រៃទទឹង ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានតបទៅសំណួររបស់អ្នកកាសែតម្នាក់ ដែលចោទថា លោកយល់យ៉ាងម៉េចចំពោះស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន បានជាសម្រុកវិនិយោគផ្នែកអចលនទ្រព្យនៅពេលដែលថ្ងៃបោះឆ្នោតកាន់តែកៀកមកដល់នោះ? តារាចម្រៀងហង្សមាស ដែលល្បីជាង២ទសវត្សរ៍មកហើយនោះ និយាយដោយខ្លីថា ស្ថានភាពនយោបាយពេលនេះល្អជាងអាណត្តិមុនៗ ហើយលោកគ្មានការព្រួយបារម្ភថា ជះឥទ្ធិពលអាក្រក់ដល់ការរកស៊ីរបស់លោកឡើយ។

ព្រាប សុវត្ថិ ថ្លែងថា “សម្រាប់ខ្ញុំយល់ថា នយោបាយ និងការបោះឆ្នោតនាអាណត្តិនេះ មានលក្ខណៈល្អប្រសើរជាងអាណត្តិមុន គឺល្អជាងពេលណាៗទាំងអស់ អ៊ីចឹងយើងគ្មានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយថា ធ្វើឱ្យប៉ះពាល់ដល់ការពុះដីឡូតិ៍លក់នៅពេលនេះទេ”។

បើទោះជាព្រាប សុវត្ថិ យល់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នេះ មានលក្ខណៈល្អជាងពេលណាៗទាំងអស់មែន ប៉ុន្តែ តាំងពីថ្ងៃដែលគណបក្សទាំងអស់ចេញឃោសនារកសំឡេងឆ្នោត រហូតដល់ថ្ងៃឃោសនាចុងក្រោយធ្វើយុទ្ធនាការធំ នៅថ្ងៃទី២៧ ខែកក្កដា មុនថ្ងៃបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា តែ២ថ្ងៃនោះ គេមិនទាន់ឃើញកំពូលតារាចម្រៀងរូបនេះ ចេញដង្ហែបក្សប្រជាជនកម្ពុជា ដូចតារាល្បីៗផ្សេងៗទៀតឡើយ ខណៈដែលការបោះឆ្នោតឃុំ-សង្កាត់ នាពេល កន្លងមកនោះ ព្រាប សុវត្ថិ បានចេញដង្ហែបក្ស ដោយមានឱកាសឈរឃោសនានៅជិតសម្តេចតេជោហ៊ុន សែន ទៀតផង។ ប៉ុន្តែ ការបោះឆ្នោតជាតិនីតិកាលទី៦ នេះ គេបែរជាមិនទាន់ឃើញតារាជើងខ្លាំងជាងគេនៅហង្សមាស ពាក់អាវគណបក្សប្រជាជនដង្ហែបក្សទៅវិញ ស្របពេលដែលអ្នករាំអម ព្រាប សុវត្ថិ បានឱ្យដឹងថា តារាចម្រៀងប្រុសដែលល្បីជាងគេនៅហង្សមាស នេះ មានការរវល់ច្រើនទៅលើការរកស៊ីផ្នែកអចលនទ្រព្យ តែព្រាប សុវត្ថិ ក៏នឹងបង្ហាញខ្លួននៅថ្ងៃឃោសនាចុងក្រោយ ថ្ងៃទី២៧ ខែកក្កដា នេះដែរ។

ក្រៅពីព្រាប សុវត្ថិ តារាចម្រៀងល្បីៗដែលមិនទាន់លេចមុខដង្ហែបក្សឃោសនារកសំឡេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា  ក្តោបក្តាប់អំណាចតទៅទៀតនោះ មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា និងលោកខេមរៈ សិរីមន្ត ជាដើម។ ដោយឡែកតារាដែលសកម្មក្នុងការហែបក្សនាពេលថ្មីៗនេះ មានដូចជា លោកករុណា ពេជ្រ, សុគន្ធ ថេរ៉ាយុ, ឆាយ វីរយុទ្ធ, រិន សាវ៉េត, សាពូន មីដាដា, រ៉ាប៊ី, អេនីហ្សាម, ស៊ូ ស៊ីរីកា, ឈួន សុវណ្ណឆ័យ និងក្រុមតារានៅក្រោមសមាគមអ្នកសិល្បៈខ្មែរ ក្រោមការដឹកនាំរបស់អ្នកនាងចន ចន្ទលក្ខិណា និងប្តីថ្មីលោកហេង ឡុង ជាដើម។

ព្រាប សុវត្ថិ នៅឆ្នាំ២០១៨ នេះ បានងាកមករកស៊ីផ្នែកអចលនទ្រព្យយ៉ាងសកម្ម ដោយបោះទុនជាង១លានដុល្លារ ទិញដីនៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកពង់ស្ពឺ ដែលពុះឡូតិ៍លក់ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ព្រោះតែពួកគេមានជំនឿចិត្តលើកំពូលតារាចម្រៀងរូបនេះថា ជាមនុស្សស្អាតស្អំក្នុងសិល្បៈស្មោះត្រង់ មិនដែលបោកប្រាស់អ្នកណាម្នាក់។ ចំណែកកាលពីថ្ងៃទី២១ ខែកក្កដា ព្រាប សុវត្ថិ ក៏បានងាកទៅចាប់ដៃគូរកស៊ីចូលហ៊ុនគ្នាជាមួយថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត្រា វិនិយោគដីទំហំជាង១៣ហិកតារ នៅក្បែរផ្សារព្រៃទទឹង ខេត្តកំពង់ស្ពឺ ដោយបោះទុនវិនិយោគរួមគ្នាជាទឹកប្រាក់ជាង៥លានដុល្លារផងដែរ។

ជុំវិញការបុកមករកស៊ីដីធ្លី លែងសូវផ្តោតលើការច្រៀងរាំ សម្តែងដូចមុនទៀតនោះ ព្រាប សុវត្ថិ បានលេចឮថា លោកមិនមានភាគហ៊ុន ឬដាក់ទឹកប្រាក់ចូលហ៊ុនជាមួយក្រុមហ៊ុនអចលនទ្រព្យខាងលើទេ គឺដោយសារតែលោកជាអ្នកចម្រៀងល្បី ទើបក្រុមហ៊ុនទាំងនោះជួលព្រាប សុវត្ថិ ឱ្យឈរឈ្មោះតំណាង ដើម្បីឱ្យអតិថិជនមានទំនុកចិត្តលក់ដីឆាប់ដាច់ហើយ ព្រាប សុវត្ថិ ចាំស៊ីក្បាលកាក់តែចំណុចនេះ ត្រូវបានតារាហង្សមាស ច្រានចោល ដោយលោកអះអាងថា លោកពិតជាមានភាគហ៊ុនជាមួយឡេង ណាវ៉ាត្រា មែន តែមិនអាចប្រាប់ថា ចំនួនទឹកប្រាក់ប៉ុន្មានឡើយ៕

RELATED ARTICLES