Monday, November 18, 2024
Homeតារាខ្មែរសុគន្ធ និសា ថតរឿងថ្មីឲ្យហង្សមាស ខែសីហា

សុគន្ធ និសា ថតរឿងថ្មីឲ្យហង្សមាស ខែសីហា

តារាចម្រៀងហង្សមាស សុគន្ធ និសា ដែលឆក់បានតំណែងតួឯកដល់ទៅ២រឿង នៅដើមឆ្នាំ២០១៨ របស់ទូរទស្សន៍ហង្សមាស គឺរឿង ”សិសិររដូវក្នុងបេះដូង” និងរឿង ”រាជិនីភូមិគ្រឹះ” នោះ នឹងត្រៀមខ្លួនថតរឿងបុរាណមួយទៀត ក្នុងតំណែងជាតួឯក នៅអំឡុងដើមខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

ការសម្រុកថតភាពយន្ដផ្ទួនរបស់សុគន្ធ និសា នាពេលនេះ ធ្វើឲ្យ Fan តារាចម្រៀងល្បីឈ្មោះនេះ មានការបារម្ភខ្លាចនាងបន្ធូរដៃខាងច្រៀង ដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងប្រឈមការធ្លាក់ចុះ តែនិសា ថា នាងចង់ប្រឡូកទាំងច្រៀង និងសម្ដែង ព្រមគ្នាតែម្ដង ព្រោះជាការស្រលាញ់តាំងពីតូចមកម្លេះ។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ សុគន្ធ និសា បានឲ្យដឹងថា រឿងភាគទី៣ របស់ហង្សមាស នាងត្រៀមខ្លួនថតនៅដើមខែសីហា ខាងមុខនេះហើយ តែនាងថា មិនអាចនិយាយលេងតួយ៉ាងម៉េច​មុនពេលដំណើរការថតនោះទេ ព្រោះចាំឲ្យដល់ពេលសម្ដែងជាក់ស្ដែងតែម្ដង ទើបអាចនិយាយប្រាប់បាន។

អតីតតារាចម្រៀងផលិតកម្មថោន សុគន្ធ និសា នៅតែបន្ដការអះអាងថា ការថតភាពយន្ដ មិនមែនងាយស្រួលដូចការថត MV នោះទេ តែនាងមិនរាថយឡើយ គឺនឹងបន្ដដូចអាជីពចម្រៀងដែរ ឲ្យតែទស្សនិកជននៅគាំទ្រ។

សុគន្ធ និសា បានបាត់បង់តំណែងជាគណៈកម្មការ The Voice Kids Cambodia រដូវកាលទី២ ដោយធ្លាក់ទៅលើនាងសួស វីសា វិញ តែនាងថាមិនមានការអាក់អន់ស្រពន់ចិន្ដា រឿងបាត់បង់តំណែងនោះឡើយ​ព្រោះថា​ហង្សមាស​មិនឲ្យនាងឈប់ទេ​តែនាងផ្ទាល់សុំឈប់​ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ឲ្យគេ។

សុគន្ធ​និសា​បានដឹកដៃកំពូលស្នេហ៍អាណិកជនខ្មែរ​នៅអាមេរិក​លោកចៅ​សម្បត្តិ​នាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន​Manulife រៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ហើយរហូតមកដល់ពេលនេះមិនទាន់យកកូនឡើយ ។

សុគន្ធ និសា ត្រូវបានស្វាមីនាងដែលជាអ្នកជំនួញធំឲ្យបន្ដប្រឡូកសិល្បៈយ៉ាងពេញទំហឹង ទាំងអាជីពចម្រៀង និងសម្ដែងកុន៕

RELATED ARTICLES