ការក្លាយជាគូដណ្ដឹងគ្នារវាងតារចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ជាង១ខែនេះ ធ្វើឲ្យគូស្នេហ៍១គូនេះ លែងលាក់បាំង និងញញើតក្នុងការបណ្ដើរគ្នាដូចមុនទៀតហើយ ក្រោយពីពួកគេដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានចាស់ទុំទាំងសងខាងដឹងឮនោះ។ ជាក់ស្ដែង ដូចជាកាលពីថ្ងៃទី២៧ ខែកក្កដា ជាថ្ងៃបក្សនយោបាយចេញឃោសនាចុងក្រោយនោះ សុគន្ធកញ្ញា និងលោកសុខលី បានបណ្ដើរគ្នាចេញហែបក្សប្រជាជន ដែលសកម្មភាពពួកគេដូចប្ដីប្រពន្ធអ៊ីចឹង។
សុគន្ធកញ្ញា ត្រូវបានអ្នកហែបក្សរួមគ្នាសុំថតរូប Selfie រកតែរើខ្លួនមិនចង់រួចឡើយ ខណៈដែលលោកសុខលី ដែលឈរក្បែរកាយាតារាល្បីរូបនេះបានត្រឹមឈរញញឹមយ៉ាងរីករាយ ព្រោះថាបណ្ដូលចិត្តជាអ្នកចម្រៀងល្បីអ៊ីចឹង ទៅណាក៏មានគេស្រលាញ់ និងសុំថតរូបដែរ។
ការបណ្ដើរគ្នាជាសាធារណៈរវាងឱក សុគន្ធកញ្ញា និងគូដណ្ដឹងនាង លោកអ៊ឹង សុខលី នេះ ត្រូវបានតារារួមអាជីពជាច្រើនបានសួរនាំពួកគេថា ពេលណាទើបចូលរោងការ ហើយត្រូវសុគន្ធកញ្ញា និងអនាគតប្ដី ឆ្លើយដូចគ្នាថា មិនទាន់គិត បើទោះជាមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែជំរុញឲ្យពួកគេចូលរោងការឲ្យឆាប់ៗ ព្រោះគេចង់ឃើញសុគន្ធកញ្ញា គ្រងឈុតកូនក្រមុំក៏ដោយ តែកញ្ញា និងលោកសុខលី និយាយប្រាប់មិត្តភក្ដិថា មិនទាន់ចង់រៀបការឆាប់ៗដូចគ្នា។ ប៉ុន្ដែរឿងដែលធ្វើឲ្យសុគន្ធកញ្ញា រំភើបខ្លាំងនោះ គឺនៅពេលដែលអ្នកនៅជុំវិញខ្លួននាងសុទ្ធតែអះអាងថា នាងនិងលោកសុខលី ស័ក្តិសមគ្នាខ្លាំងណាស់ ដែលធ្វើឲ្យតារាមួយចំនួនថែមទាំងច្រណែនទៀតផង។
ឱក សុគន្ធកញ្ញា បានបំបែកកំណត់ត្រាជាតារាចម្រៀងស្រីឈរក្នុងតំណែងនាំមុខគេ របស់ហង្សមាស បានយូរជាងគេ រហូតដល់ទៅជិត៨ឆ្នាំ (២០១០-២០១៨) ព្រោះនៅមិនទាន់មានអ្នកចម្រៀងស្រីណាអាចផ្ដួលនាងបានឡើយ គិតត្រឹមឆ្នាំ២០១៨នេះ។ ទោះជាយ៉ាងណា ក្រោយពេលដែលឱក សុគន្ធកញ្ញា បានធ្វើពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ជាចំហរជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងត្រូវជាប្អូនលោកថៅកែហង្សមាស អ៊ឹង ឆៃងួន នោះមក អ្វីៗលែងជាចម្ងល់ថា ហេតុអ្វីបានជាសុគន្ធកញ្ញា ល្បីជាងគេនោះទៀតហើយ ព្រោះថាអ្នកចម្រៀងនេះត្រូវហង្សមាស នឹងលើកឲ្យល្បីជាយូរឆ្នាំទៀតនៅទ្រនំនេះ ដោយសារតែនាងមានសមត្ថភាពផ្ទាល់ខ្លួនល្អ អាចច្រៀងបានគ្រប់ទំរង់ផង និងជាពិសេស គឺត្រូវជាប្អូនថ្លៃថៅកែហង្សមាស នាពេលអនាគតផងដែរ។
តារាសិល្បៈជាច្រើនបានសម្ដែងការអបអរសាទរដែលនាងជិតក្លាយទៅជាប្អូនថ្លៃលោកថៅកែហង្សមាស អ៊ឹង ឆៃងួន ហើយបានយកឈ្នះតារាស្រីស្អាតជាច្រើនដួង ដែលជាអតីតសង្សារលោកអ៊ឹង សុខលី នោះ ខណៈដែលតារាជ្រកកោនក្រោមដំបូលហង្សមាស មួយចំនួនទៀត បានសរសើរពីអត្តចរិតរបស់សុគន្ធកញ្ញា ដែរថា តាំងពីភ្ជាប់ពាក្យជាមួយលោកសុខលី មក នាងមិនដែលបង្ហាញឲ្យឃើញពីឥទ្ធិពលថា នាងជាប្អូនថ្លៃថៅកែមានអំណាចជាងគេនោះឡើយ គឺពីមុនយ៉ាងម៉េច រហូតមកដល់ពេលនេះ គឺនៅតែដដែល។
ឱក សុគន្ធកញ្ញា បានទិញវីឡាទ្រនំស្នេហ៍ជាមួយលោកអ៊ឹង សុខលី តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេ ហើយអ្នកទាំង២បានរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធអ៊ីចឹង ព្រោះថាពួកគេបានក្លាយទៅជាគូដណ្ដឹងគ្នាទៅហើយ។ ប៉ុន្ដែអ្នកសិល្បៈដែលស្និទ្ធស្នាលឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានព្រមានសុគន្ធកញ្ញា ថា បើនាងសុគន្ធកញ្ញា នៅតែមិនហ៊ានចូលរោងការ ព្រោះខ្លាចធ្លាក់កូដនោះ ចំណងស្នេហ៍នាងអាចប្រឈមការប្រែប្រួលគ្រប់ពេលវេលាទាំងអស់ បើទោះជាពេលនេះពួកគេបានក្លាយទៅជាគូដណ្ដឹងគ្នាទៅហើយក្ដី។
ប្រភពបានឲ្យដឹងថា លោកសុខលី ជាបុរសដែលមានស្រីៗចោមស្នេហ៍ច្រើន ហើយធ្លាប់បែកបាក់សង្សារជាតារាស្រីស្អាត៦លើកមកហើយទើបមកភ្ជាប់ស្នេហ៍ទី៧ ជាមួយសុគន្ធកញ្ញា នេះ ហេតុនេះហើយការចង់ល្បីរបស់សុគន្ធកញ្ញា មិនហ៊ានក្រាបផ្ទឹមនោះ ស្នេហានាងមិនសូវមានសុវត្ថិភាពឡើយ បើទោះពេលនេះការភ្ជាប់ពាក្យរបស់អ្នកចម្រៀងល្បីរូបនេះ ធ្វើឲ្យកប់ស្នេហ៍ចាស់ជាមួយតន្ដ្រីករ រ៉េតធី ដូណា អស់ត្រឹមឆ្នាំ២០១៨ក្ដី៕