តារាសាច់សខ្ចីកូនកាត់ចិន នាងគៀត សុវណ្ណាឡាង ដែលត្រូវគេដឹងថា បានបង្កាត់ភ្លើងស្នេហាជាមួយអតីតសង្សារ អ្នកមេម៉ាយកែវ និសា លោកលឹម ជាឡាយ នោះ ធ្វើឱ្យមានការលេចឮថា ស្រីស្អាតទាំង២ដួងនេះ មិនសូវត្រូវគ្នាទៀតឡើយ ព្រោះនិសា អាក់អន់ស្រពន់ចិន្តាជាមួយនាងសុវណ្ណាឡាង ដោយចោទថា ចាំត្រងសង្សារពីនាងទៅវិញ។
ទោះជាយ៉ាងណា នៅពេលដែលសាកសួររឿងស្នេហាចម្រូងចម្រាសនេះ នាងគៀត សុវណ្ណាឡាង អះអាងថា នាងមិនចង់និយាយរឿងនេះឡើយ ហើយក៏មិនចង់ឱ្យគេយល់ច្រឡំថា រវាងនាងនិងកែវ និសា មានបញ្ហាជាមួយគ្នាដែរ។
តារាសាច់សដូចបណ្តូលចេករូបនេះ បន្ថែមថា នាងនិងលឹម ជាឡាយ នៅតែជាដៃគូស្និទ្ធស្នាលគ្នាដដែល ក្រោយពីបានថតភាពយន្តរួមគ្នាមក។ ដោយឡែក នៅពេលខាងមុខនេះ នាងនិងជាឡាយ ក៏ត្រូវបានក្រុមហ៊ុនល្បីឈ្មោះមួយមកពីសិង្ហបុរី ជ្រើសឱ្យធ្វើជាអ្នកតំណាងឱ្យផលិតផល Cosmetic មួយទៀតផង ហេតុនេះហើយការស្និទ្ធស្នាលគ្នា គឺគេចមិនផុតនោះទេ។
គៀត សុវណ្ណាឡាង ចាប់ផ្តើមស្និទ្ធស្នាលលឹម ជាឡាយ ក្រោយពីអ្នកទាំង២ចាប់ដៃគ្នា ថតរឿង “អាពាហ៍ពិពាហ៍ចម្លែក” របស់ផលិតកម្ម LD Picture ហើយពួកគេច្រើនតែជិះរថយន្តរួមគ្នាតែ២នាក់ ដូចប្តីប្រពន្ធអ៊ីចឹង បន្ទាប់ពីជាឡាយ ខូចចិត្ត ព្រោះត្រូវអ្នកមេម៉ាយកែវ និសា ផ្តាច់ស្នេហ៍ជាង៥ឆ្នាំ កណ្តាលផ្លូវមក។
ប្រភពបានឱ្យដឹងថា សុវណ្ណាឡាង នេះហើយ ជាអ្នកស្អំរបួសបេះដូងជាឡាយ ហើយចំណងស្នេហានេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងឮ និងគ្មានអ្នកណាប្រឆាំងឡើយ តែពេលនេះ គេឃើញស្រីស្អាតសុវណ្ណាឡាង រាងបែកសាច់ជាងមុន តាំងពីជាឡាយ នៅនែបនិត្យ ទាំងយប់ថ្ងៃមក តែអតីតតារាចម្រៀងហង្សមាស រូបនេះ អះអាងថា នាងឡើងគីឡូ ទើបមើលទៅដូចជារាងធាត់បន្តិចនោះ ហើយពេលនេះ នាងព្យាយាមសម្រកបាន២គីឡូវិញ ហើយគឺនៅសល់គីឡូ៥០ស្តើង ខុសពីមុនឡើងជាង១០គីឡូ ធ្វើឱ្យខូចរាងរៅអស់៕