តារាចម្រៀងខេមរៈ សិរីមន្ដ និងលោកឧកញ៉ាក្មេង ឡេង ណាវ៉ាត់ត្រា បានចាប់ដៃគ្នាដាក់ទុនជាង១០លានដុល្លារ វិនិយោគពុះដីឡូតិ៍លក់លើទំហំផ្ទៃដីជិត៤០ហិកតារ ក្នុង៣ដំណាក់កាលនៅទីតាំងភូមិក្រាំងទា ស្រុកគងពិសីខេត្តកំពង់ស្ពឺ។
តារាចម្រៀងខេមរៈ សិរីមន្ដ បានជិះឧទ្ធម្ភាគចក្រហោះទម្លាក់ចុះមកពីលើមេឃ មកលើដីឡូតិ៍គម្រោងទី១ ហើយអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានចុះកាត់ខ្សែបូដាក់សម្ពោធដីឡូតិ៍ដំណាក់កាលដំបូង ជាង១០ហិកតារ លក់ចាប់ពីពេលនេះតទៅ ក្នុងតម្លៃទិញផ្ដាច់ ១ប្លង់ ៤.២ គុណនឹង ១៧ តម្លៃ៥៨០០ដុល្លារ។
ថ្លែងប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា តារាចម្រៀងខេមរៈសិរីមន្ដ បានឲ្យដឹងថា ”មូលហេតុដែលខ្ញុំបានសម្រេចចិត្តងាកមករកស៊ីផ្នែកអចលនទ្រព្យនេះ ដោយសារតែខ្ញុំមើលឃើញថា តម្រូវការប្រជាជនកាន់តែច្រើនក្នុងការទិញដី និងផ្ទះ ព្រោះជាការចាំបាច់ដោយសារមនុស្សយើងចេះតែកើត តែដីមិនកើតទេ។ នេះក៏ជាលើកដំបូងសម្រាប់ខ្ញុំ ក្នុងការកស៊ីធំនេះ ព្រោះកន្លងមក ខ្ញុំធ្លាប់ទិញដីតូចៗទេ តែយើងបានគិតជាយូរមកហើយថា បើយើងរកស៊ីធំ តើត្រូវចាប់ដៃគូជាមួយអ្នកណាដែលអាចទុកចិត្តបាន? ពេលនេះខ្ញុំមើលឃើញប្អូនឧកញ៉ាឡេង ណាវ៉ាត់ត្រា គាត់មានបទពិសោធន៍ និងជំនាញខាងផ្នែកអចលនទ្រព្យហ្នឹងយូរហើយ អ៊ីចឹងការចាប់ដៃគ្នានៅពេលនេះ យើងសង្ឃឹមថា ជោគជ័យ ព្រោះយើងរកបានដីដែលមានទីតាំងល្អណាស់ តាមផ្លូវជាតិលេខ៣នេះ ព្រោះដូចដឹងហើយថា នៅកំពត គេកំពុងតែសាងសង់ផែធំណាស់ អ៊ីចឹងពេលសាងសង់រួចហើយ ដីនៅតាមផ្លូវជាតិលេខ៣នេះ ជាដីត្រូវប៉ាន់ខ្លាំងផ្នែកដឹកជញ្ជូន ព្រោះជាតំបន់ឧស្សាហកម្ម ហើយចម្ងាយពីដីនេះទៅភ្នំពេញ តែជាង១០គីឡូតិ៍ទេ អ៊ីចឹងមិនឆ្ងាយទេ។ ចំពោះដីដែលខ្ញុំវិនិយោគរួមគ្នាជាមួយប្អូនឧកញ៉ាឡេង ណាវ៉ាត់ត្រា នេះ មាន៣ដំណាក់កាល លើផ្ទៃដីជិត៤០ហិកតារ ដែលមានតម្លៃជាង១០លានដុល្លារ ហើយយើងមានកាដូពិសេសចំពោះអតិថិជនទៅទៀត គឺទិញដី១ប្លង់នៅពេលនេះ បានកាដូចេញទៅដើរកម្សាន្ដនៅប្រទេសសាំងហ្គាពួរ រយៈពេល២យប់៣ថ្ងៃ គឺក្រុមហ៊ុនយើងជាអ្នករៀបចំថ្លៃចំណាយឲ្យទាំងអស់”។
នេះជាលើកទី២ហើយ ដែលលោកឧកញ៉ាឡេង ណាវ៉ាត់ត្រា បានទាញតារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស ២ដួង ឲ្យមករកស៊ីលក់ដីឡូតិ៍ជាមួយលោក គឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នេះ ខណៈដែលមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ព្រាប សុវត្ថិ អាចមានការអាក់អន់ចិត្តជាមួយលោកឧកញ៉ាឡេង ណាវ៉ាត់ត្រា ព្រោះទើបចាប់ដៃជាមួយលោកថ្មីៗនេះសោះ ស្រាប់តែពេលនេះ លោកឧកញ៉ាងាកមកចាប់ដៃជាមួយសិរីមន្ដ ថែមទៀត។
លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា ”មិនមានបញ្ហានោះទេ ខ្ញុំបាននិយាយជាមួយបងព្រាប សុវត្ថិ អស់ហើយ ព្រោះថា នេះគឺជាការរកស៊ី ហើយគម្រោងថ្មីនេះ គឺធ្វើតែខ្ញុំ និងលោកខេមរៈ សិរីមន្ដ ទេ ដោយខ្ញុំមានទុន៥០% (៥លានដុល្លារ) ចំណែកបងខេមរៈ សិរីមន្ដ មានទុន៥០% (៥លានដុល្លារ)ដែរ។ ខ្ញុំក៏មិនបានអូសទាញតារាហង្សមាស មកដែរ គឺពួកគាត់ពេញចិត្តរកស៊ីជាមួយខ្ញុំ ដោយសារក្រុមហ៊ុនយើងមានក្រុមការងារល្អ ហើយការលក់ដីនេះ ក៏គ្មានភាគហ៊ុនរបស់ក្រុមហ៊ុនហង្សមាស ដែរ”។
មានការលើកឡើងថា ពេលនេះ ខេមរៈ សិរីមន្ដ មិនត្រឹមតែជាគូប្រជែងផ្នែកចម្រៀងជាមួយព្រាប សុវត្ថិ នៅទ្រនំតែមួយនោះទេ តែពេលនេះបានរកស៊ីលក់ដីឡូតិ៍ប្រជែងគ្នាទៀត គិតទៅតារាខ្លាំងទាំង២ ដែលមានទ្រព្យច្រើននេះ ពិតជាគូប្រជែងគ្នាយ៉ាងស្វិតស្វាញមែន។
ខេមរៈ សិរីមន្ដ និយាយមិនបង្អង់ថា ”គ្មានការប្រជែងគ្នាបែបនោះទេ។ ខ្ញុំមកទីនេះ គឺយើងរកស៊ី មិនមែនមកប្រជែងគ្នាទេ។ ថ្ងៃនេះ ខ្ញុំចាប់ដៃជាមួយប្អូនឧកញ៉ាឡេង ណាវ៉ាត់ត្រា ហើយថ្ងៃក្រោយ ខ្ញុំអាចចាប់ដៃជាមួយបងព្រាប សុវត្ថិ ឬយ៉ាងណានោះ យើងនឹងពិភាក្សាគ្នានៅពេលក្រោយ។ ការដាក់ទុនច្រើនរកស៊ីធំរបស់ខ្ញុំនៅពេលនេះ ដោយសារតែយើងមើលឃើញថា ស្រុកយើងកំពុងមានការអភិវឌ្ឍន៍ ប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងមុន អ៊ីចឹងហើយនេះគឺជាមុខរបរបន្ថែមពីលើសិល្បៈរបស់ខ្ញុំ។ ការរកស៊ីផ្នែកអចលនទ្រព្យនេះ មិនប៉ះពាល់ដល់អាជីពចម្រៀងនោះទេ ខ្ញុំនៅតែមានបទច្រៀងសម្ដែងជាធម្មតា ដូចមុនអ៊ីចឹង”។
ដោយឡែក លោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងដែរថា លោកអបអរសាទរតារាសិល្បៈដែលមានមុខរបរក្រៅពីសិល្បៈនេះ ព្រោះជាគ្រឹះមួយរឹងមាំ ដោយសារពីមុនមានតារាខ្លះគាត់ច្រៀងសម្ដែងលែងកើត ធ្លាក់ខ្លួនជួបជីវភាពលំបាកអី ក៏មានអ៊ីចឹង ការមានមុខរបរបន្ថែមនេះ គឺជារឿងល្អណាស់សម្រាប់តារាទូទៅឲ្យគេចផុតពីការលំបាកពេលពួកគាត់អស់សមត្ថភាពអាជីពសិល្បៈនោះ៕