ស្របពេលដែលតារាចម្រៀងខេមរៈ សិរីមន្ដ ទើបបើកឆាកលក់ដីឡូតិ៍ជាមួយលោកឡេង ណាវ៉ាត់ត្រា ដោយជិះឧទ្ធម្ភាគចក្រហោះទម្លាក់ខ្លួនពីលើមេឃហុយដីបែកផ្សែងនៅខេត្តកំពង់ស្ពឺ ដើម្បីសម្ពោធគម្រោងថ្មីកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា នោះ តារាចម្រៀងព្រាប សុវត្ថិដែលដើរមួយជំហ៊ានមុនខេមរៈ សិរីមន្ដ រឿងស៊ីផ្នែកអចលនទ្រព្យនោះបានសម្ដែងភាពរឿងរីករាយជាខ្លាំងនូវអាជីពថ្មីលក់ដីឡូតិ៍ដែលកំពុងកាក់កបខ្លាំងនោះ។
ព្រាប សុវត្ថិ បានថ្លែងសារអរគុណដល់អតិថិជនរបស់ខ្លួនថា ”ខ្ញុំបាទព្រាប សុវត្ថិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបងប្អូនទាំងអស់ បានគាំទ្រស្រលាញ់ខ្ញុំបាទកន្លងមក នៅក្នុងវិស័យសិល្បៈ ដោយសារនាពេលថ្មីៗនេះ ខ្ញុំបាទបានបង្កើតវិស័យអចលនទ្រព្យ ដើម្បីជាការតម្រូវការនៃការស្រលាញ់ និងមានទំនុកចិត្ត។ សូមជម្រាបថា គម្រោងខ្ញុំបាទមុនៗលក់ដាច់អស់ហើយ ។ ថ្មីៗនេះ ខ្ញុំបាទកំពុងរៀបចំគម្រោងល្អៗ ពិសេសនោះ គម្រោងព្រាប សុវត្ថិ និងឡេង ណាវ៉ាត់ត្រា ដែលជាទីតាំងដ៏ល្អសម្រាប់ជ្រើសរើសរបស់អតិថិជនយើង ដែលប្រកបទៅដោយភាពជឿជាក់។ ប្រសិនបើគ្មានទីតាំងល្អ ដាច់ខាតខ្ញុំមិនជ្រើសរើសសម្រាប់អតិថិជនខ្ញុំឡើយ”។
គួរបញ្ជក់ថា ព្រាប សុវត្ថិ បានដាក់ទុនរួមគ្នាជាង៥លានដុល្លារ ជាមួយលោកឡេង ណាវ៉ាត់ត្រា ពុះដីឡូតិ៍លក់នៅក្បែរផ្សារទទឹង ខេត្តកំពង់ស្ពឺ លើទំហំដីជាង៣ហិកតារ ហើយស្រាប់តែព្រឹកមិញនេះ ខេមរៈ សិរីមន្ដ បានចាប់ដៃជាមួយឧកញ៉ាក្មេងនេះដែរ ដោយបោះទុនរួមគ្នាជាង១០លានដុល្លារ (ម្នាក់៥លានដុល្លារ) លក់ដីពុះឡូតិ៍នៅក្បែរនោះដែរ លើទំហំដីជាង៤០ហិកតារ ក្នុង៣ដំណាក់កាល។
មហាជនមួយចំនួន និយាយថា ពេលនេះ តារាហង្សមាស ល្បីៗលែងគិតខ្វល់ខ្វាយពីការច្រៀងរាំទៀតហើយ ព្រោះថាពេលនេះ ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានក្លាយទៅថៅកែលក់ដីឡូតិ៍អស់ នឹងមិនយូរទេ តារាទាំង២នឹងឡើងងារជា ”ឧកញ៉ា” ជាមិនខាន៕