ពិតជាប្លែកជាងលើកមុនៗ ដែលតារាចម្រៀងផលិតកម្មសាស្តា (SASDA) បុរសសាច់សខ្ចី លោកអែនឌី ដែលទើបចេញ MV បទចម្រៀងថ្មី២បទ ដោយចាប់ដៃសម្តែងជាមួយស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា នោះ ស្រាប់តែពេលនេះ អតីតតាចម្រៀងហង្សមាស រូបនេះ មិនសូវហ៊ានឱបថើបនាងតូតា រោលរាលដូចការថតជាមួយស្រីស្អាតមុនៗទៀតឡើយ ទើបគេថា លោកអែនឌី ហាក់សុភាពប្លែកជាងរាល់ដង តាមរយៈការចរញបទថ្មី២បទព្រមគ្នា គឺបទ “Crush ធ្វើឱ្យខូចចិត្ត” និងបទ “មិនអាចផ្លាស់ចិត្ត”។
ទោះជាយ៉ាងណា តាមព័ត៌មានថា ការដែលលោកអែនឌី សុភាពជាងរាល់លើក ថើបតូតា ស្រាលៗ មិនលេងដៃធ្ងន់ ដូចប៉ះជាមួយដៃគូផ្សេងៗទៀតនោះ ដោយសារតែតូតា ខ្លាចគូស្នេហ៍លោកប៉ុល វិបូរ ហៅនីត ប្រចណ្ឌ ព្រោះមុនថតភាពយន្ត ឬ MV តូតា ទាល់តែមានការអនុញ្ញាតពីគូស្នេហ៍ជាមុនសិន ទើបនាងហ៊ានថត។
តារាចម្រៀងអែនឌី បានឱ្យដឹងថា លោកច្រៀងសម្តែងទៅតាមអត្ថន័យបទចម្រៀង មិនមានគំនិតកេងចំណេញលើតារារូបណានោះទេ ហើយតូតា គាត់ជាអ្នកសម្តែងមានសមត្ថភាពល្អម្នាក់ រូបសម្រស់ក៏ស្អាតទៀត អ៊ីចឹងហើយបានជាលោកពេញចិត្តក្នុងការសម្តែងជាមួយនាង។
លោកអែនឌី បានឱ្យដឹងដែរថា បទ “CRrush ធ្វើឱ្យខូចចិត្ត” និង “មិនអាចផ្លាស់ចិត្ត” នោះ បានថត MV ចប់ជាយូរខែដែរហើយ តែពេលនេះ ទើបចេញម្តងទាំង២បទតែម្តង ហើយលោកសង្ឃឹមថា បងប្អូនទស្សនិកជន និងប្លែកភ្នែកជាងមុនៗ តាមរយៈការសម្តែងរវាងលោកនិងកញ្ញាតូតា នោះ គឺមិនមានឈុតស្នេហារោលរាលខ្លាំងនោះទេ គឺទៅតាមអត្ថន័យបទចម្រៀង ហើយតូតា ក៏មិនដែលនិយាយប្រាប់លោកថា គូសង្សារនាងប្រចណ្ឌរឿងសម្តែងនោះដែរ។
ម៉ាក សែនសូនីតា ថៅកែហាងផែសមុទ្រ កាន់តែមានរូបសម្រស់គួរឱ្យក្នាញ់ នៅពេលដែលនាងចាប់ដៃសម្តែងជាមួយលោកអែនឌី ក្នុង MV ថ្មីនេះ ហើយនាងបានឡើងកូដក្តាប់បានតំណែងភាពយន្តធំៗជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះផងដែរ។
លោកអែនឌី ដែលសរសើរមិនដាច់ពីមាត់ពីស្រីស្អាតតូតា មិនខ្លាចសង្សារគេប្រចណ្ឌនោះថា នឹងហៅតូតា សម្តែងជាដៃគូក្នុង MV បទថ្មីៗក្រោយៗទៀត ដោយខ្វល់រឿងគេថា តូតា មិនឱ្យលោកឱបថើប ព្រោះលោកនីត ហួងហែងឡើយ៕