តារាចម្រៀងរោមទ្រូងច្រើន ឆន សុវណ្ណរាជ ដែលបាត់មុខពីកម្មវិធីប្រគំតន្ត្រីប៉ុស្តិ៍លេខ5 ជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែលេចមុខមកវិញយ៉ាងភ្ញាក់ផ្អើល ច្រៀងរាំមួយអស់ដៃ ក្នុងកម្មវិធី “Carabao Spark Concert 2018” កាលពីថ្ងៃទី05 ខែសីហា ឆ្នាំ2018 ហើយត្រូវបានយុវវ័យជាច្រើនទៅគាំទ្រដល់ឆាកតន្ត្រីនៅស្ប៉ាក (ទល់មុខទូតចិន)។
តារាចម្រៀងហង្សមាស រូបនេះ បានច្រៀង4បទ ឡើងរង្គើឆាកតន្ត្រី មានដូចជាបទ “អារម្មណ៍ពេលខូចចិត្ត”, “រាំអ៊ីចឹងបានទៀត” “គិតអីហ្នឹង?” “និងបទ “អ្នកធាត់អ្នកស្គម” ដែលធ្វើឱ្យ Fan អ្នកចម្រៀងរូបនេះហ៊ោពេញឆាក ព្រោះថា ក្បាច់រាំរបស់សុវណ្ណរាជ កាន់តែមានភាពរស់រវើកជាងឆ្នាំមុនៗទៅទៀត។
ឆន សុវណ្ណរាជ បានថ្លែងថា “ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដែលបានឡើងឆាកតន្ត្រី “Carabao Spark Concert 2018” នេះ ព្រោះថា ខ្ញុំខានឡើងប៉ុស្តិ៍លេខ5 ជាយូរមកហើយ ដោយសារតែខ្ញុំជាប់រវល់ខ្លាំងពេក។ ថ្ងៃនេះសប្បាយចិត្តមែនទែន ដែលបានឃើញបងប្អូនមកទស្សនាយ៉ាងច្រើនកុះករ និងផ្តល់កម្លាំងចិត្តដល់រូបខ្ញុំ ធ្វើឱ្យខ្ញុំចង់ឡើងឆាកនេះម្តងទៀត នៅពេលក្រោយ”។
ឆន សុវណ្ណរាជ នៅតែជាអ្នកចម្រៀងសំខាន់របស់ផលិតកម្មរស្មីហង្សមាស ដែលក្តាប់តំណែងជាគណៈកម្មការ The Voice Cambodia និង Cambodian Idol ហើយថ្មីៗនេះ បានសម្តែងជាតួឯករឿងភាគរបស់ហង្សមាស “សិសិររដូវក្នុងបេះដូង” ទៀតផង។ តែរឿងស្នេហា ជាមួយនិស្សិតនៅអាមេរិក នាង “អរិយា” វិញ នៅពេលនេះហាក់ស្ងប់ស្ងាត់ទៅវិញ ទើបធ្វើឱ្យមានការសង្ស័យថា ពួកគេចែកផ្លូវគ្នាទៅ។
ក្រៅពីឆន សុវណ្ណរាជ តារាចម្រៀងដែលចូលរួមអង្រួនឆាកតន្ត្រី “Carabao Spark Concert 2018” កាលពីថ្ងៃអាទិត្យ មានដូចជា លោកហង្ស សុវណ្ណារិទ្ធ, ក្រុមប៉ូឡារិក និងកញ្ញាគង់ ច័ន្ទរដ្ឋា៕