Monday, November 18, 2024
Homeតារាខ្មែរសុខ ពិសី ទៅថតស្ពតនៅថៃ

សុខ ពិសី ទៅថតស្ពតនៅថៃ

តារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេករបស់ផលិតកម្មសាន់ដេ នាងសុខ ពិសី បានហោះទៅប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដែលតាមក្រុមការងារសាន់ដេ បានបង្ហើបឱ្យដឹងថា ពិសី ទៅថតស្ពតពាណិជ្ជកម្មទ្រង់ទ្រាយធំមួយ ដែលមានរយៈពេល២ទៅ៣ថ្ងៃ ទើបវិលវិញ។

អ្នកដឹកនាំសម្តែង MV របស់សាន់ដេ ម្នាក់នោះ មិនបានបង្ហើបឱ្យដឹងថា ពិសី ត្រូវថតស្ពតអីនោះទេ គ្រាន់តែបានឱ្យដឹងថា ក្នុងដំណើរក្រៅស្រុកលើកនេះ ពិសី ក៏មិនខុសពីមុនៗដែរ គឺមានការអមដំណើរដោយថៅកែក្មេងរបស់សាន់ដេ លោកឡាយ សុខចំរើន ផងដែរ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពិសី ដែលជាកូនចៅនោះ។ ប៉ុន្តែដំណើររបស់សុខ ពិសី និងលោកថៅកែក្មេងសាន់ដេ នៅក្រៅស្រុកនេះ រឹតតែធ្វើមហាជនបានផ្តោតការសង្ស័យថា ទំនាក់ទំនងរវាងមេនិងកូនចៅនេះ ពិតជាលើសពីធម្មតា ហើយដូចគ្នានឹងឱក សុគន្ធកញ្ញា  និងប្អូនថៅកែហង្សមាសលោកអ៊ឹង សុខលី ដែរ ដែលមុននេះបានដើរលេងក្រៅប្រទេសតែ២នាក់ ជាញឹកញាប់ ហើយព្យាយាមលាក់រឿងស្នេហារវាងមេ និងកូនចៅនេះ តែចុងក្រោយភ្ជាប់ពាក្យផ្អើលអស់ទស្សនិកជន។

សុខ ពិសី ជាតារាតំណាងឱ្យស្រាបៀរ Gangsberg និងគ្រឿងសម្អាង Fair Lovely ហើយកន្លងមកនាងក៏ធ្លាប់ចេញទៅថតស្ពតនៅប្រទេសថៃ ផងដែរ។ ការចេញទៅថតស្ពតនៅថៃ លើកនេះរបស់សុខ ពិសី ក្រោយពេលដែលនាងទើបថតសម្តែងចប់រឿង “អាឡេវចូលក្រុង” ដោយចាប់ដៃគូជាមួយលោកឆាយ វីរៈយុទ្ធ នឹងត្រៀមដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។

មហាជនបានចាប់អារម្មណ៍ផងដែរថា ពេលនេះ សុខ ពិសី ក្រោយបាត់បង់ដៃគូចាស់ ខេមរៈ សិរីមន្ត មក នាងងាកមកចាប់ដៃគូជាមួយតារាចម្រៀងប្រុសៗរបស់សាន់ដេ ដល់ទៅ៣រូបគឺឆាយ វីរៈយុទ្ធ, ខាន់ ជែមស៍ និងនាយចឺម។ ប៉ុន្តែគេមិនទាន់អាចសន្និដ្ឋានបានទេថា ការប្តូរដៃគូថ្មីរបស់ពិសី នៅពេលនេះ នឹងធ្វើឱ្យនាងកាន់តែល្បីថែមទៀត ឬចុះខ្សោយនោះទេ ខណៈដែលពេលនេះ ពិសី បានវិវឌ្ឍខ្លួនប្តូរពីការច្រៀងបទស្លូវសុទ្ធ មកជាអ្នកចម្រៀងដែលមានក្បាច់រាំ និងក្រុមរាំអមពេញឆាកដូចតារាខ្លាំងៗមួយចំនួនទៀតដែរ។

សុខ ពិសី ស្ថិតក្នុងចំណោមតារាស្រីដែលល្បីមានស្នេហាជាមួយថៅកែផលិតកម្ម ដូចជា នាងឱក សុគន្ធកញ្ញា, ម៉ាក សែនសូនីតា, ឡាយ សានិកា និងលីញលីញ ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ ពិសី មិនធ្លាប់សារភាពស្នេហ៍ថៅកែក្មេងសាន់ដេ ឡើយ ដោយអះអាងថា ទំនាក់ទំនងរវាងនាងនិងថៅកែ គឺជាមេនិងកូនចៅ៕

RELATED ARTICLES