ភាពល្បីល្បាញរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានគេប្រៀបធៀបថា តារាចម្រៀងសិស្សប្អូន ខេមរៈ សិរីមន្ត ដែលកំពុងល្បី និងមានប្រៀបជាងតារាប្រុសផ្សេងៗនៅហង្សមាស នោះ គឺអាចនឹងដើរតាមគន្លងរបស់តារាជើងចាស់ ព្រាប សុវត្ថិ ដែលឈរក្នុងតំណែងលើគេរយៈពេលជាង២ទសវត្សមកហើយនោះជាមិនខាន ព្រោះពេលនេះតារាល្បីទាំង២ ដែលជ្រកកោនក្រោមដំបូលតែមួយនេះ មានតម្លៃខ្លួនប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណា បើផ្អែកលើអត្តចរិត និងការលេងខ្លួនវិញនោះ ព្រាប សុវត្ថិ និងខេមរៈ សីរីមន្ត មិនដូចគ្នានោះទេ គឺផ្ទុយគ្នាស្រឡះតែម្តង ព្រោះផ្អែកតាមការឱ្យដឹងពីមហាជនថា ព្រាប សុវត្ថិ មិនចូលចិត្តលាក់ជីវិតឯកជនប្រពន្ធកូននោះទេ តែលោកបែរជាព្យាយាមលាក់រឿងមានទ្រព្យសម្បត្តិ មិនចង់ឱ្យគេដឹងថា មានទ្រព្យទៅវិញ បើទោះជាគ្រប់គ្នាបានដឹងថា តារាចម្រៀងខ្លាំងនេះស្ថិតក្នុងចំណោមតារាចម្រៀងដែលមានលុយច្រើនជាងគេនៅក្នុងស្រុកក៏ដោយ។
ដោយឡែក ខេមរៈ សិរីមន្ត វិញ តាមរយៈការជិះឧទ្ធម្គាគចក្រទៅលក់ដីឡូតិ៍ ផ្អើលអស់លោកឧកញ៉ាៗ និងធ្វើឱ្យតារាកំពូលទើស ម៉ៃ សុគន្ធ ទ្រាំមិនបាន ចេញមុខរិះគន់ទៅលើសិរីមន្ត ថា ធ្វើឬកដូចក្ងោកនោះ ត្រូវបានគេមើលឃើញថា ការតែងខ្លួនរបស់សិរីមន្ត ផ្ទុយគ្នាស្រឡះទៅនឹងព្រាប សុវត្ថិ តែម្តង ហើយសិរីមន្ត ក៏បានលាក់ប្រពន្ធកូនដល់ទៅ៩ឆ្នាំទៅទៀត ដែលទើបព្រមសារភាពនៅឆ្នាំ២០១៨ នេះ។ ចំណុចពិសេសមួយទៀត ព្រាប សុវត្ថិ មិនមានកងអង្គរក្សតាមការពារនៅតាមឆាកតន្ត្រីឡើយ តែសិរីមន្ត មានអង្គរក្សពី៤ទៅ៥នាក់ តាមការពារគ្រប់ច្រកល្ហកដូចមន្ត្រីធំអ៊ីចឹង ដែលគ្មានតារាស្រុកខ្មែរណា អាចធ្វើបានដូច។
ទោះជាយ៉ាងណា មហាជនយល់ថា រវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត គឺជាតារាចម្រៀងល្បីដូចគ្នា ហេតុនេះហើយ ពួកគេមានការតែងខ្លួនខុសៗគ្នា ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់គេរៀងៗខ្លួនប៉ុណ្ណោះ ហើយការរិះគន់ទៅលើខេមរៈ សិរីមន្ត កន្លងមក របស់ម៉ៃ សុគន្ធ នោះ មិនមែនជាលើកទី១ទេ គឺមានរាប់ភ្លេចមកហើយ ដែលសិរីមន្ត ធ្វើអីក៏ផ្គាប់ចិត្តមិនត្រូវម៉ៃ សុគន្ធ ដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ខេមរៈ សិរីមន្ត បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងជើងចាស់របស់ថៃ លោក Tik Shiro តាមរយៈបទបើកឆាកដំបូង “Sad Man ឬបុរសកម្សត់” ហើយសិរីមន្ត បានលេងឈុតខោអាវមនុស្សពីងពាង (Spider Man) នោះ ស្រាប់តែម៉ៃ សុគន្ធ ដែលទើបតែត្រូវខេមរៈ សិរីមន្ត ប្តឹងទៅតុលាការកាលពីពេលថ្មីៗនោះ សុគន្ធ មិនត្រឹមតែមិនព្រឺរោមខ្លាចមានទោសដោយសារតែវាយប្រហារសិរីមន្ត នោះទេ តែពេលនេះថែមទាំងឆ្លៀតឌឺដាក់សិរីមន្ត ដោយហៅថា ចាស្ទីនកូពី នោះថា បានជាចាប់ដៃគូជាមួយតារាថៃ ហើយម៉េចបានមិនបានច្រៀងប៉ារូលខ្មែរមុន ហើយម៉េចបានច្រៀងមិនបាន ប៉ះ ឬវ៉ៃស្គរទៀតផង ដែលចំណុចនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថា មើលទៅដើម្បីឱ្យសិរីមន្ត និងសុគន្ធ ចប់គ្នា មានតែណាត់២នាក់នេះទៅប្រកួតវ៉ៃគ្នានៅសង្វៀន CTN ទេ តែភ្លាមៗនេះ សុគន្ធ បានប្រកែក ហើយថា បើគេឡើងវ៉ៃគ្នាជាមួយសិរីមន្ត ខ្លាចតែកីឡាករប្រដាល់បាត់បង់អាជីព។
ដោយឡែក ព្រាប សុវត្ថិ វិញ ខុសពីខេមរៈ សិរីមន្ត ព្រោះសឹងតែគ្មានការរិះគន់ធ្ងន់ធ្ងរពីតារារួមអាជីព ឬមហាជនឡើយ។ ផ្ទុយទៅវិញ អ្នកចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាសនេះ បែរជាទទួលបានការស្រលាញ់ពេញចិត្តពីប្រជាជនសឹងគ្រប់វ័យទៅវិញ។ ប៉ុន្តែ តាមរយៈអាយុកាន់តែជ្រេនោះ គេជឿថា តំណែងព្រាប សុវត្ថិ នៅហង្សមាស អាចនឹងត្រូវខេមរៈ សិរីមន្ត ឆក់បាននាពេលខាងមុខ ក៏ថាបានដែរ ព្រោះពេលនេះ សិរីមន្ត បានឈានមួយជំហានទៀត គឺការងាកទៅចាប់ដៃគូច្រៀងជាមួយតារាថៃ Tik Shiro ដើម្បីឱ្យទីផ្សារចម្រៀងរបស់គេកាន់តែរីកសាយភាយ ជាងតារារួមក្រុមទាំងមូល។
ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ស្ថិតក្នុងចំណោមតារាចម្រៀង ដែលមានទ្រព្យច្រើនដូចគ្នា ហើយនៅឆ្នាំ២០១៨ នេះ អ្នកចម្រៀងជ្រកកោនក្រោមដំបូលហង្សមាស តែមួយនេះ មានកូន៣ដូចគ្នាដែរ គ្រាន់តែថា ព្រាប សុវត្ថិ ធ្លាប់រៀមមង្គលការជាមួយអ្នកស្រីឡុង ស្រីមុំ ជាចំហ និងពេលនេះទទួលបានចំណងដៃកូនប្រុសទាំង៣នាក់ ចូលច្រៀងនៅហង្សមាស ទាំងអស់។ ដោយឡែក ខេមរៈ សិរីមន្ត ដែលមានភរិយា អ្នកនាងផល្លី ថៅកែហាងទឹកអប់ Or Brand នោះ ពេលនេះមានកូន៣នាក់ (ស្រី១) ដែលជាំណក់ឈាមសិរីមន្ត ដែរ តែគេនៅមិនទាន់ឃើញសិរីមន្ត និងប្រពន្ធ ហ៊ានរៀបការជាចំហដូចព្រាប សុវត្ថិ ទេ បើទោះជាសិរីមន្ត បានអះអាងថា រូបគេធ្លាប់រៀបការកាលពីឆ្នាំ២០០៩ ក្តី។
អ្នកជំនាញសិល្បៈ បានឱ្យដឹងថា សិរីមន្ត នឹងយកកូនប្រុសស្រីទាំង៣របស់ខ្លួនចូលច្រៀងនៅហង្សមាស ដូចព្រាប សុវត្ថិ ជាមិនខាន នៅពេលដែលកូនៗរបស់គេធំធាត់ពេញវ័យនោះ ព្រោះដើម្បីកុំឱ្យចាញ់ព្រាប សុវត្ថិ និងម៉្យាងទៀត លេចឮថា កូនៗរបស់សិរីមន្ត សុទ្ធតែមានដុងសិល្បៈ កាត់មករកឪពុកគេទាំងអស់៕