ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យហួសចិត្ត ប៉ុន្តែក៏ជាការពញាក់ស្មារតី ឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដំណើរតាមម៉ូតូ បង្កើនការប្រុងប្រយ័ត្ន ខណៈដែលក្រុមជាងប៉ះកង់ម៉ូតូមួយចំនួនតូច មានគំនិតអាក្រក់ រកស៊ីដោយទុច្ចរិត ប្រើល្បិចបាចដែកគោល វីស វត្ថុដែលមុតស្រួចនៅតាមដងផ្លូវ ដើម្បីជាការអូសទាញម៉ូយដែលបែកកង់ចូលមកប៉ះនៅកន្លែងរបស់ខ្លួន។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “កំប្លែងលេងឱ្យមើល មិនមែនឱ្យធ្វើតាមនោះទេ! មនុស្សមួយចំនួនតូច បានដើរបាចដែកគោល និងវីសដើម្បីឱ្យយាន្តគេ ធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡាន។ បើចង់បានលុយច្រើន មិនត្រូវមានគំនិតអាក្រក់-ថោកទាបយ៉ាងនេះទេ។ ហើយក៏សូមអរគុណដល់ប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាតតាមផ្លូវជាតិលេខ៤ ប្រមូលបានវីស និងដែកគោលជាច្រើន…”។
ដោយឡែក កន្លងមកក៏ធ្លាប់មានបញ្ហាដូចគ្នានេះ បានកើតឡើងផងដែរ នៅចំណុចគល់ស្ពានអ្នកលឿង ដោយក្នុងនោះអ្នកដែលបានជួបប្រទះ បានរើសដែកគោល និងវីសចាស់ៗមួយចំនួន ព្រមទាំងបានថតរូបបង្ហោះតាមហ្វេសប៊ុក រៀបរាប់ថា “កុំមើលងាយដែកគោលមួយក្តាប់នេះ វាអាចធ្វើឱ្យអ្នកខាតបង់ថវិកា ពេលវេលា និងឈានទៅដល់គ្រោះថ្នាក់ផងដែរ។ យ៉ាហ៊ី ដល់ពេលបាចថែមរហូតចឹង អញដាច់ធម៌អាឡូវ ហើយហា។ រើសត្រួសៗ ព្រោះគ្មានពេលទុកឱ្យមន្ទីរសាធារណការខេត្ត ធ្វើការខ្លះទៅ ត្រឹមឡានទឹក១ឡានលាងដី និងដែកគោលចេញម្តងទៅ ហើយព្រមាន ២ក្បាលប៉ះកង់គល់ស្ពានសងខាងចេញផង…”៕