Sunday, June 29, 2025
Homeសង្គម និងជីវិតបែកធ្លាយល្បិចជាងប៉ះកង់ម៉ូតូ បាចដែកគោលតាមផ្លូវ អូសទាញម៉ូយ

បែកធ្លាយល្បិចជាងប៉ះកង់ម៉ូតូ បាចដែកគោលតាមផ្លូវ អូសទាញម៉ូយ

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យហួសចិត្ត ប៉ុន្តែក៏ជាការពញាក់ស្មារតី ឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដំណើរតាមម៉ូតូ បង្កើនការប្រុងប្រយ័ត្ន ខណៈដែលក្រុមជាងប៉ះកង់ម៉ូតូមួយចំនួនតូច មានគំនិតអាក្រក់ រកស៊ីដោយទុច្ចរិត ប្រើល្បិចបាចដែកគោល វីស វត្ថុដែលមុតស្រួចនៅតាមដងផ្លូវ ដើម្បីជាការអូសទាញម៉ូយដែលបែកកង់ចូលមកប៉ះនៅកន្លែងរបស់ខ្លួន។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “កំប្លែងលេងឱ្យមើល មិនមែនឱ្យធ្វើតាមនោះទេ! មនុស្សមួយចំនួនតូច បានដើរបាចដែកគោល និងវីសដើម្បីឱ្យយាន្តគេ ធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡាន។ បើចង់បានលុយច្រើន មិនត្រូវមានគំនិតអាក្រក់-ថោកទាបយ៉ាងនេះទេ។ ហើយក៏សូមអរគុណដល់ប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាតតាមផ្លូវជាតិលេខ៤ ប្រមូលបានវីស និងដែកគោលជាច្រើន…”។

ដោយឡែក កន្លងមកក៏ធ្លាប់មានបញ្ហាដូចគ្នានេះ បានកើតឡើងផងដែរ នៅចំណុចគល់ស្ពានអ្នកលឿង ដោយក្នុងនោះអ្នកដែលបានជួបប្រទះ បានរើសដែកគោល និងវីសចាស់ៗមួយចំនួន ព្រមទាំងបានថតរូបបង្ហោះតាមហ្វេសប៊ុក រៀបរាប់ថា “កុំមើលងាយដែកគោលមួយក្តាប់នេះ វាអាចធ្វើឱ្យអ្នកខាតបង់ថវិកា ពេលវេលា និងឈានទៅដល់គ្រោះថ្នាក់ផងដែរ។ យ៉ាហ៊ី ដល់ពេលបាចថែមរហូតចឹង អញដាច់ធម៌អាឡូវ ហើយហា។ រើសត្រួសៗ ព្រោះគ្មានពេលទុកឱ្យមន្ទីរសាធារណការខេត្ត ធ្វើការខ្លះទៅ ត្រឹមឡានទឹក១ឡានលាងដី និងដែកគោលចេញម្តងទៅ ហើយព្រមាន ២ក្បាលប៉ះកង់គល់ស្ពានសងខាងចេញផង…”៕

RELATED ARTICLES