ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់សាច់ជ្រូកម្នាក់ បានជិះម៉ូតូបំណងទៅផ្សារទិញសាច់ជ្រូកយកមកលក់ ស្រាប់តែត្រូវចោរប្រដាប់អាវុធ ប្លន់យកម៉ូតូទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងកើតសាលាមុំប្រមាណ ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ស្ត្រីរងគ្រោះដែលត្រូវចោរភ្ជង់ប្លន់យកម៉ូតូ មានឈ្មោះស៊ី ណាត់ អាយុ២៥ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក ស្នាក់នៅក្នុងបូរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-5026 ចេញពីផ្ទះនៅបុរីមហាសែនសុខ បំណងជិះទៅទិញសាច់នៅផ្សារដីហុយដើម្បីយកមកលក់ ដោយធ្វើដំណើរតាម បណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត លុះពេលកំពុងជិះតាមផ្លូវ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿងម៉ាកស៊ុយស៊ូគីនិច និង១គ្រឿងទៀតម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ដែលប្រដាប់ទៅដោយដាវសាំមូរ៉ៃ ជិះដេញតាមពីក្រោយ ម៉ូតូរបស់នាងរហូត។
លុះមកដល់ចំណុចកើតហេតុ ដែលមានភ្លើងភ្លឺៗនៅខាងមុខផ្ទះប្រជាពលរដ្ឋ ដោយនាងដឹងថា ខ្លួនមានក្រុមជនសង្ស័យ កំពុងជិះដេញតាមពីក្រោយ ទើបនាងសម្រេចឈប់ម៉ូតូ ព្រោះគិតថាមានមនុស្សច្រើនក្រែងអាចពឹងពាក់បាន តែបែរជាគ្មានមនុស្សនៅទៅវិញ បន្ទាប់មកក៏ត្រូវក្រុមជនសង្ស័យជិះមកកាក់ម៉ូតូរបស់នាងលើកដាវគំរាម ចំណែកនាងដោយភ័យខ្លាំងពេក ក៏ចុះពីលើម៉ូតូតាមសម្រួល ហើយក្រុមជនសង្ស័យក៏ឡើងជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ដែលនៅក្នុងកែបម៉ូតូបេនាះ មានទូរស័ព្ទដៃចំនួន២គ្រឿង ព្រមទាំងលុយចំនួន២០០ដុល្លារទៀតផង៕