Monday, November 18, 2024
Homeតារាខ្មែរសុខ ស្រីនាង ចាប់ដៃម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ថតរឿង “ខ្ញុំមានញាណលើស” 

សុខ ស្រីនាង ចាប់ដៃម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ថតរឿង “ខ្ញុំមានញាណលើស” 

សុខ ស្រីនាង ទើបតែថតរឿងភាគទី១របស់ខ្លួន នៅហង្សមាស “រាជិនីភូមិគ្រឹះ” ចប់មិនទាន់ទាំងបានដាក់បញ្ចាំងផង ស្រាប់តែអ្នកមេម៉ាយរូបស្រស់នេះ ត្រូវបានថៅកែហង្សមាស ពេញចិត្តប្រគល់ឱ្យអ្នកមេម៉ាយសាច់សខ្ចី។

នេះជាតួឯកទី២ ក្នុងរឿង “ខ្ញុំមានញាណលើស”  ដែលតារាស្រអែមស្រស់នេះត្រូវចាប់ដៃជាមួយតួឯកប្រុស ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ លោកគ្រី ថៃពៅ។ ពិធីប្រគល់តំណែងតួឯកដល់ស្រីនាង នេះ ត្រូវបានហង្សមាស រៀបចំពិធីសែនក្រុងពលីរឿងភាគថ្មីនេះនៅ Studio របស់ខ្លួននៅព្រែកឯង កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយមានតារាចម្រៀងសំខាន់ៗរបស់ហង្សមាស មួយចំនួនទៀត បានចូលរួមសម្តែងរឿងនេះដែរ ដូចជា នាងប៉ាច គីមមួយ, លោកឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ និងសយ រតនៈ ជាដើម។

ប្រភពបានឱ្យដឹងថា ការដែលលោកថៅកែហង្សមាស លើកឱ្យអ្នកមេម៉ាយវ័យក្មេងសុខ ស្រីនាង សម្តែងជាតួឯកជាបន្តបន្ទាប់បែបនេះ ដោយសារតែលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាម្ចាស់ក្រុមហ៊ុនហង្សមាស ពេញចិត្តទេពកោសល្យសម្តែងរបស់ស្រីនាង ថា នាងមានសមត្ថភាពមិនចាញ់អ្នកសម្តែងអាជីពឡើយ អ៊ីចឹងត្រូវតែលេងជាតួឯកបន្តទៅទៀត ដើម្បីឱ្យកាន់តែល្បីឈ្មោះជាងនេះថែមទៀត ទើបធ្វើឱ្យស្រីនាង សប្បាយចិត្តរកអ្វីប្រៀបមិនបានឡើយ។

ព័ត៌មានបានឱ្យដឹងថា ហង្សមាស នឹងប្រគល់តំណែងតួឯកជាបន្តទៀត ឱ្យតែស្រីនាង មានពេលសម្តែង ដែលការប្រឹងលើកអ្នកមេម៉ាយរូបនេះឱ្យឡើងកូដនេះ ត្រូវបានតារាចម្រៀងរួមដំបូលហង្សមាស មួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង និងមានតារាខ្លះបានច្រណែន និងអតីតតារាចម្រៀងសាន់ដេ រូបនេះថែមទៀតផង។

គួរបញ្ជាក់ថា សុខ ស្រីនាង ដែលស្ពាយបង្វេចចេញពីផលិតកម្មសាន់ដេ ចូលហង្សមាស នេះ នាងល្បីបាន១បទ គឺ “ហត់ទេស្រលាញ់គេម្នាក់ឯង” ដែលធ្វើឱ្យនាងមានទីផ្សារស្ទុះឡើងជាងមុន ជាមួយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារទៀតផង សម្រាប់កម្មវិធីប្រគំតន្ត្រីធំៗ។ ប៉ុន្តែ អតីតអ្នកចម្រៀងផលិតកម្ម KH រូបនេះ ក៏ត្រូវបានអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីមួយចំនួនឈឺក្បាលដែរ ដោយសារតែនាងទារថ្លៃក្នុងការច្រៀង Concert តាមប៉ុស្តិ៍ទូរទស្សន៍ម្តង តម្លៃ៥០០ដុល្លារ ខណៈដែលសមាគមទូរទស្សន៍ ធ្លាប់បានកំណត់តម្លៃខ្លួនតារាចម្រៀងល្បីៗថា នឹងមិនឱ្យលើសពី១០០ដុល្លារឡើយ សម្រាប់ការច្រៀងតាមទូរទស្សន៍នោះគ្មានប្រសិទ្ធភាពទៀតឡើយ។

សុខ ស្រីនាង បានវិវឌ្ឍន៍ខ្លួនពីតារាចម្រៀងម្នាក់ដែលធ្លាប់តែច្រៀងបែបស្រគត់ស្រគំ មកច្រៀងបទបែបញាក់ ច្រើនជាងបទស្លូវវិញ ហើយនាងមានក្បាច់រាំយ៉ាងរស់រវើក ព្រមទាំងមានក្រុមរាំអមលើឆាក៦នាក់ផងដែរ ទើបធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួល នៅរយៈពេល២ឆ្នាំចុងក្រោយនេះ។

សុខ ស្រីនាង ធ្លាប់ថ្លែងប្រាប់អ្នកយកព័ត៌មានយើងថា ការដែលនាងឈានទៅថតភាពយន្តនៅហង្សមាស នេះ ព្រោះនាងយល់ថា ហង្សមាស មានក្រុមការងារល្អ ដែលធ្វើឱ្យសមត្ថភាពនាងមានការរីកចម្រើនជាងមុន ពិសេស គឺក្រោយពេលថតចប់រឿង “រាជិនីភូមិគ្រឹះ”  នោះមក នាងមានអារម្មណ៍ថា ទទួលបានបទពិសោធន៍ច្រើនណាស់ ហើយបើចង់ថត MV នោះ គឺងាយស្រួលដូចបកចេកអ៊ីចឹង។

យ៉ាងណា អ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួននេះ បានឱ្យដឹងថា នាងអាចសម្តែងរឿងជាបន្តបន្ទាប់ទៅទៀត លុះត្រាតែមានការគាំទ្រពីសំណាក់បងប្អូនទស្សនិកជន តែបើគ្មានការគាំទ្រទេ គឺនាងមិនថតទៀតនោះទេ ព្រោះក្នុងចិត្តនៅតែផ្តោតលើអាជីពចម្រៀងជាជំហានទី១ ហើយការសម្តែងកុន ជាជម្រើសទី២។

អ្នកជំនាញសិល្បៈ បានលើកឡើងថា សុខ ស្រីនាង នៅតែស្ថិតក្នុងចំណោមតារាចម្រៀងដែលលេចធ្លោមធ្យម នៅហង្សមាស ដដែល ទោះជាបានតួឯកច្រើនយ៉ាងណាក៏ដោយ ព្រោះស្រីនាង មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស បានដូចឱក សុគន្ធកញ្ញា ឬពេជ្រ សោភា នោះទេ ដោយសារតែនាងមិនអាចប្រើប្រាស់សំឡេងច្រៀងតុងខ្ពស់ៗបាននោះទេ។ ប៉ុន្តែ យ៉ាងណា គេជឿថា ការបង្ហាញខ្លួនជាតួឯកកាន់តែច្រើន នឹងធ្វើឱ្យស្រីនាង មានមន្តស្នេហ៍កាន់តែខ្លាំង ហើយបើទោះជានាងព្យាយាមលាក់គូស្នេហ៍ថ្មីយ៉ាងណា ក៏មិនអាចលាក់ជិតដែរ ខណៈដែលស្រីនាង ក្រោយលែងលះជាមួយអតីតប្តី លោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ នោះ លោកសុវត្ថិ ធ្លាប់ព្រមានប្រុសៗទាំងឡាយថា បើចង់បានអតីតប្រពន្ធលោកធ្វើជាសង្សារ ឬប្រពន្ធនោះ ទាល់តែមានលុយនិងអំណាចជាមុនសិន ទើបបានសម្រេចបំណងនោះ៕

RELATED ARTICLES