ខេត្តស្វាយរៀង ៖ ជនជាឃាតករដៃឆៅចំនួន២នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភបូកនារីវ័យក្មេងម្តងម្នាក់យ៉ាងសាហាវព្រៃផ្សៃ រួចវាយសម្លាប់នៅលើឡានតាក់ស៊ី បន្ទាប់មកក៏អូសសពអាក្រាតកាយទម្លាក់ចោលក្នុងទឹកស្រែនៅចំណុចភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានសាលាដំបូងខេត្តស្វាយរៀងបើកសវនាការជម្រះក្តី កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឱ្យសងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះចំនួន៦ម៉ឺនដុល្លារ។
សាលក្រមសម្រេចផ្តន្ទាទោសខាងលើនេះ ត្រូវបានប្រកាសឡើង បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀងបានបើកសវនាការ សួរដេញដោលអស់រយៈពេលពេញ១ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ទីបំផុត នៅវេលាម៉ោង៤ និង៣០នាទីរសៀល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទទាំង២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត និងរួមគ្នាសងសំណងជំងឺចិត្តទៅភាគីដើមបណ្តឹងរដ្ឋប្បវេណី (គ្រួសារជនរងគ្រោះ) ចំនួន៦ម៉ឺនដុល្លារ ប៉ុន្តែត្រូវបានបើកផ្លូវឱ្យប្តឹងទៅឧទ្ធរណ៍តាមការកំណត់របស់ច្បាប់។
នៅក្រៅបន្ទប់សវនការ គេឃើញវត្តមានគ្រួសារជនរងគ្រោះ និងគ្រួសារជនល្មើស បាននាំគ្នាអង្គុយទន្ទឹងរង់ចាំស្តាប់លទ្ធផលសាលក្រមយ៉ាងអន្ទះសារ ដោយឡែកនៅក្រៅរបងតុលាការ មានវត្តមានអ្នកសារព័ត៌មាន ព្រមទាំងប្រជាពលរដ្ឋជាច្រើន បានតាមដាន និងឃ្លាំមើលផងដែរ ខណៈដែលសមត្ថកិច្ច បានរៀបចំសណ្តាប់ធ្នាប់ និងការពារយ៉ាងតឹងរឹង ចៀសវាងការកើតមានបញ្ហាជាយថាហេតុ។
គួររំលឹកថា សាកសពនារីវ័យក្មេងឈ្មោះសុខ ម៉ាលីន អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ Good Luck ផ្នែកកាមេរ៉ាសុវត្ថិភាព ធ្វើការ និងស្នាក់នៅក្រុងបាវិត និងមានស្រុកកំណើតនៅខេត្តព្រះវិហារ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្ថិតក្នុងសភាពអាក្រាតកាយ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។ បន្ទាប់មក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ សមត្តកិច្ចខេត្តស្វាយរៀង បានស្រាវជ្រាវចាប់ខ្លួនអ្នកបើកតាក់ស៊ី២នាក់ ដែលជាឃាតកររំលោភបូកសម្លាប់នារីរងគ្រោះ ដែលក្នុងនោះទី១-ឈ្មោះផ្លេក សូនី ហៅមន្នី អាយុ៣២ឆ្នាំ និងទី២-ឈ្មោះឆឺយ សុជាតិ មានអាយុ ៣៦ឆ្នាំ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ពួកគេពិតជាបានធ្វើសកម្មភាព រំលោភសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិពីនារីរងគ្រោះឈ្មោះសុខ ម៉ាលីន ជាបុគ្គលិកកាស៊ីណូ Good Luck ក្រុងបាវិត ប្រាកដមែន។ មិនតែប៉ុណ្ណោះ ជនទាំង២នាក់នេះ បានធ្វើសកម្មភាព រំលោភទៅលើនារីរងគ្រោះយ៉ាងសាហាវបំផុតដែលមិនធ្លាប់មាន។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះឆើយ សុជាតិ អាយុ៣៦ឆ្នាំ បានរៀបរាប់ទាំងស្រុងថា “នៅថ្ងៃទី០២ ខ្ញុំបានចាប់ម៉ូយនៅ អូឡាំពិក៣នាក់ រួចហើយ ក៏មកចាប់ម៉ូយនៅគល់ស្ពានអាកាសច្បារអំពៅ ឃើញនារីនេះ (សុវណ្ណ ម៉ាលីន) ក៏ហៅឡើងឡាន រួចហើយក៏ខ្ញុំបានដាក់នារីនោះចូលក្នុងឡាន រួចក៏មានម៉ូយប្រុស២នាក់ទៀត ឡើងមកថែមទៀតបាន៦នាក់ រួចហើយក៏ធ្វើដំណើរចេញមកដល់អ្នកលឿង ដល់ចំណុចអ្នកលឿង ខ្ញុំក៏បានដាក់ម៉ូយចុះ២នាក់ រួចហើយក៏ឃើញឈ្មោះផ្លេក មុន្នី ឆ្លងកាត់ទីនោះ រួចហើយខ្ញុំក៏ស្រែកថា ប្អូនស្រីស្អាតនៅក្នុងឡាន ផ្លេក មុន្នី ក៏និយាយថា អើ ទៅកន្លែងយើងតោះ ដល់អ៊ីចឹងខ្ញុំក៏ធ្វើដំណើរទៅបន្តទៀត រួចទៅដល់ចំណុចកោះអណ្តើក ក៏ដាក់ម៉ូយចុះ២នាក់ទៀត រួចក៏ធ្វើដំណើរទៅដល់ស្វាយរៀង ទើបផ្លេក មុន្នី ក៏តេទូរស័ព្ទមករកខ្ញុំថា ខ្ញុំនៅចាំឯមណ្ឌលសុខភាពជីភូ លុះទៅដល់ចំណុចជីភូនោះ ខ្ញុំក៏ដាក់ម៉ូយចុះម្នាក់ទៀត នៅដល់តែនារីរងគ្រោះម្នាក់ រួចហើយផ្លេក មុន្នី នេះក៏ឡើងលើរថយន្តធ្វើដំណើរទៅទៀត លុះទៅដល់កែងជីភូ មានផ្លូវបត់មួយ ទៅសថ្ងក មួយទៅបាវិត អ៊ីចឹងឈ្មោះផ្លេក មុន្នី ក៏ឱ្យខ្ញុំបត់ទៅផ្លូវបាវិត ធ្វើដំណើរយឺតៗ លុះទៅដល់ផ្សារសថ្ងក ក៏បត់ឡានទៅផ្លូវតាព្រឹម ដល់នោះ មានផ្លូវបត់ទៅតាព្រឹម១ មានផ្លូវបត់ទៅបាវិត ផ្លូវលំ១ រួចទៅជិតដល់ស្ពាន ទើបផ្លេក មុន្នីនេះ ក៏ឱបរឹតនារីនោះ និងក្រៀកយកដៃមក ក្រោយ រួចយកកន្សែងចង ហើយក៏ចាប់ស្ទាបអង្អែលនារីនោះឱ្យផ្តួល រួចក៏សម្រាតនារីនោះ រួចក៏ចាប់រំលោភ ចំណែកខ្ញុំក៏បើកឡានបន្តទៅតិចៗ ទៅមុខរហូត ហើយដល់កន្លែងកែង ដែលត្រូវឈប់ គឺខ្ញុំឈប់ រួចប្អូនមុន្នី ក៏ចុះពីឡាន រួចខ្ញុំបាទឃើញអ៊ីចឹងក៏ឡើងទៅចង់រំលោភនាងម្តង ចង់ប៉ងរំលោភនាង តែដល់ឃើញនាងអ៊ីចឹង គឺអត់មានបំណងចង់រំលោភនាងទេ រួចហើយខ្ញុំក៏ស្រាយកន្សែងចេញពីដៃ ពេលនោះប្អូនមុន្នីចង់សម្លាប់ ខ្ញុំថា កុំសម្លាប់គេអី ប្អូនមុន្នីថា ទុកនៅធ្វើអី រួចក៏យកកន្សែងពីខ្ញុំទៅរឹតកនាង រួចក៏ទាញ រួចយកនាងទម្លាក់ក្នុងទឹក រួចយកដុំថ្មសង្កត់ពីលើ រួចហើយ ខ្ញុំក៏បើកឡានចេញ ប្អូនមុន្នី ក៏បិទទ្វារឡាន រួចក៏ទាញអីវ៉ាន់ទម្លាក់ចំងាយ២០០ម៉ែត្រ រួចក៏បើកឡានមកតាមផ្លូវរោងចក្រឃីងឃ័រ រួចបត់ស្តាំឡើង មកផ្លូវជាតិលេខ១ រួចហើយមកផ្សារជីភូវិញ ខ្ញុំក៏ដាក់ប្អូនមុន្នីចុះរួចក៏បែកផ្លូវគ្នា”។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នារីរងគ្រោះត្រូវបានក្រុមគ្រួសារមកប្តឹងថា បានបាត់ខ្លួនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយមុនពេលកើតហេតុ នារីរងគ្រោះបានសុំច្បាប់ឈប់សម្រាកដើម្បី ទៅលេងឪពុកម្តាយនៅស្រុកកំណើត ហើយបង្ហួសទៅចូលរួមពិធីខួបកំណើតក្មួយនៅឯខេត្តព្រះវិហារ បន្ទាប់មកនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នារីរងគ្រោះបានត្រឡប់មកវិញ ឈប់នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានតាក់ស៊ីបន្តមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។
លោកស្នងការ បញ្ជាក់ថា បើតាមការអះអាងពីក្រុមគ្រួសារនារីរងគ្រោះ បានឱ្យដឹងថា នៅពេលនារីរងគ្រោះកំពុងជិះរថយន្តតាក់ស៊ី តាមផ្លូវ គ្រួសារបានតេសួរថា ជិះឡានមកដល់ណាហើយ ពេលនោះនារីរងគ្រោះបានប្រាប់ថា មកដល់ម្តុំផ្សារជីភូ ក្រុងបាវិតហើយ ប៉ុន្តែរថយន្ត តាក់ស៊ីត្រូវចូលយកម៉ូយទៀតសិន ដោយចូលតាមច្រកផ្លូវលំស្ងាត់មួយ ហើយនាងក៏មិនស្គាល់ទីតាំងច្បាស់ដែរ។ បន្ទាប់ពីនោះមក ក្រុមគ្រួសារក៏លែងអាចទាក់ទងនារីរងគ្រោះ បានរហូតតែម្តង ទើបធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោ ដើរតាមស្វែងរកផង និងរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍តាមរកភ្លាមៗដែរ៕