ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងម្នាក់ ព្រោះតែខឹងនឹងរឿងហាមកូនប្រុសតូច កុំឱ្យរត់លេងយប់ព្រលប់មិនស្តាប់ ស្រាប់តែទាញរំពាត់មក វាយកូនប្រុសទាំងកំរោល បណ្តាលឱ្យរងរបួសមានស្នាមជាំកន្ទួលសុសពេញខ្លួន ទីបំផុតក៏ត្រូវបានសាច់ញាតិក្មេងប្រុសរងគ្រោះ ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង។
បុរសជាឪពុកចុង ដែលប្រើរំពាត់វាយកូនប្រុសតូចបណ្តាលឱ្យជាំកន្ទួលពេញខ្លួន និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះលៀប អូនទូច អាយុ២៩ឆ្នាំ រស់នៅភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះអ៊ីម ភក្តី អាយុ៧ឆ្នាំ ត្រូវជាកូនចុង របស់ជនសង្ស័យ សព្វថ្ងៃស្នាក់នៅក្នុងបន្ទុករបស់ជនសង្ស័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ខណៈពេលដែលក្មេងប្រុសរងគ្រោះកំពុងរត់លេង ស្រាប់តែជនសង្ស័យជាឪពុកចុង បានយករំពាត់មកវាយទៅលើក្មេងប្រុសរងគ្រោះ បណ្តាលរងរបួសពេញដងខ្លួនតែម្តង។
បន្ទាប់ពីវាយទៅលើក្មេងប្រុសរងគ្រោះរួចហើយ ជនសង្ស័យក៏បានដើរត្រឡប់ទៅផ្ទះវិញជាធម្មតា ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងសោះ។ ដោយឃើញពីទង្វើព្រៃផ្សៃរបស់ជនសង្ស័យទៅលើក្មេងប្រុសរងគ្រោះ មិនមានអ្នកណាម្នាក់ជួយអើពើនោះ ទើបសាច់ញាតិជិតខាងម្នាក់ បានសម្រេចទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនបង្កតែម្តង។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះលៀប អូនទូច បាននៅវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ រួចក៏នាំយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកសំរោងទង៕